ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតរំលែកទុក្ខ ជូនឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ចំពោះមរណភាពឧបាសិកា គង់ ណម ដែលត្រូវជាម្តាយក្មេក

image

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកា គង់ ណម ដែលត្រូវជាម្តាយក្មេករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់តាមរយៈលិខិតចូលរួមរំលែកទុក្ខយ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំផ្ទាល់ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា បុគ្គលិក នៃសភាពាណិជ្ជកម្មកម្ពុជា មានសេចក្ដីតក់ស្លុត ក្តុកក្តួលប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត ដោយទទួលដំណឹងថា ឧបាសិកា គង់ ណម ដែលត្រូវជាម្តាយក្មេករបស់ ឯកឧត្តម បានទទួលមរណភាព នាថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៤:២០នាទីព្រឹក ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

នៅក្នុងវេលាប្រកបដោយក្ដីរំជួលចិត្ត និងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យដោយសេចក្តីសង្វេគចំពោះមរណភាពរបស់ ឧបាសិកា គង់ ណម ដែលជាការបាត់បង់ដ៏គួរឱ្យសោកស្តាយបំផុតនូវ ម្តាយក្មេក និងជីដូន ដែលប្រកបដោយ ព្រហ្មវិហារធម៌ សប្បុរសធម៌ និងការសន្តោសប្រណី ជាទីគោរពស្រលាញ់ ដ៏ជ្រាលជ្រៅបំផុតនៃក្រុមគ្រួសារ ព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយ ទាំងអស់។

ជាថ្មីម្តងទៀត យើងខ្ញុំចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា គង់ ណម សូមបានចាប់កំណើតក្នុងឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ»៕