មន្ទីរពេទ្យបង្អែកស្រុក ចំនួន ៦១កន្លែង ទូទាំងប្រទេស ត្រូវបានកែលម្អ និងបំពាក់ឧករណ៍វេជ្ជសាស្រ្ត ព្រមទាំងសម្ពោធក្រោមអធិបតីសម្តេចធិបតីនាយករដ្ឋមន្ត្រី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧករណ៍វេជ្ជសាស្រ្ត សម្រាប់មន្ទីរពេទ្យបង្អែកស្រុក ចំនួន ៦១កន្លែង នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ស្ថិតនៅភូមិបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកក្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា “ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអនុម័តថវិកាសរុប ចំនួន ១៨លាន ៣សែនដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យ បង្អែក ចំនួន ៦១កន្លែង (CPA1 និង CPA2) ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ គម្រោង ត្រូវអនុវត្តឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លើកលែងតែការបំពាក់ និងដំឡើងសម្ភារបរិក្ខារពេទ្យមួយចំនួននៅមន្ទីរពេទ្យបង្អែកស្រុកខ្លះ ត្រូវបានពន្យារពេលបញ្ចប់រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦ ដោយសារទទួលរង ផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ។ មន្ទីរពេទ្យបង្អែកទាំង៦១ រួមមាន កម្រិត១ ចំនួន២៣ និង កម្រិត២ ចំនួន៣៨ នៅក្នុងខេត្តចំនួន២២ (លើកលែងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង)”។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តថា” គម្រោងបានចំណាយថវិកាសរុបចំនួនជាង១៨លាន ១៥៤៨ ដុល្លារអាមេរិក រួមមាន៖ ការចំណាយលើការសាងសង់ ជួសជុល និងកែលម្អមន្ទីរពេទ្យបង្អែកស្រុកទាំង ៦១កន្លែង ចំនួន ៨ ៣៧២ ៥០០ ដុល្លារអាមេរិក និងការចំណាយលើការផ្គត់ផ្គង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍មន្ទីរពិសោធន៍ និងសម្ភារ បច្ចេកទេស ចំនួន ៩ ៦២៩ ០៤៨ ដុល្លារអាមេរិក។ សេវាកែលម្អនៅក្នុងមន្ទីរពេទ្យបង្អែកទាំង៦១កន្លែង រួមមាន៖ កម្រិត១ (CPA1)៖ បានជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងមន្ទីរ ពិសោធន៍ឱ្យស្របតាមបទដ្ឋានបច្ចេកទេស កម្រិត២ (CPA2)៖ បានជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់ ព្រមទាំងបំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍ឱ្យស្របតាមបទដ្ឋានបច្ចេកទេស មន្ទីរពេទ្យទាំង២ កម្រិត ត្រូវបានសម្ភារៈវេជ្ជសាស្ត្របន្ថែម រួមមាន ម៉ាស៊ីនអេកូសាស្ត្រ ម៉ាស៊ីន X-Ray ម៉ាស៊ីនវិភាគឈាម”។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា “ការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាលរួមមាន វឌ្ឍនភាព នៃការកែលម្អមន្ទីរពេទ្យបង្អែកចំនួន ៦១ កន្លែង អន្តរាគមន៍ចាំបាច់មួយចំនួននៅមន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ រួមមានការផ្តល់សេវាវះកាត់ និងសង្គ្រោះបន្ទាន់ មានការកើនឡើង ២៥,១% ខណៈករណីបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យកម្រិតខ្ពស់បានថយចុះ ១១,៣% (តួលេខនេះផ្អែកលើការប្រៀបធៀបទិន្នន័យ ១០ខែ ដើមឆ្នាំ២០២៥ និង ១០ខែ ឆ្នាំ២០២៦ មុន និង ក្រោយការកែលម្អមន្ទីរពេទ្យបង្អែកទាំង ៦១ កន្លែង)”៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី