ជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ សម្រាប់ការសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ សម្រាប់ការសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងថ្នាក់មូលដ្ឋាន (គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយ លោក អ៊ីស៊ីហ្សិតិ ហ៊ីដេអុ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និង អ្នកតំណាងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដើម្បីអនុវត្តគម្រោងនេះ។
គម្រោងសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងដែលមានថវិកាជំនួយចំនួន ២០៤.១០១ដុល្លារ នឹងប្រើប្រាស់ដើម្បីសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន បន្ទប់រៀន ចំនួន៤ និងការតម្លើងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ៤៩មុខ សម្រាប់ដេប៉ាតឺម៉ង់កែច្នៃ និងវិភាគចំណីអាហារ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង។ បរិក្ខារ និងឧបករណ៍ទាំងនេះ នឹងជួយឱ្យសិស្សទទួលបានជំនាញជាក់ស្តែង ដែលចាំបាច់ក្នុងការងារ ព្រមទាំងរួមចំណែកក្នុងការធ្វើសមាហរណកម្មពលករចំណាកស្រុកដែលត្រលប់មកវិញ ឱ្យចូលទៅក្នុងសង្គមកម្ពុជា បន្ទាប់ពីជម្លោះព្រំដែន និងគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅក្នុងតំបន់។
លោក អ៊ីស៊ីហ្សិតិ ហ៊ីដេអុ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា សង្ឃឹមថា គម្រោងនេះនឹងចូលរួមចំណែកកែលម្អបរិយាកាសបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងខេត្តបាត់ដំបង និងតំបន់ជុំវិញ ដោយផ្តល់ឱកាសកាន់តែច្រើនដល់យុវជន និងពលករចំណាកស្រុកដែលវិលត្រលបមកវិញ ក្នុងការទទួលបានជំនាញជាក់ស្តែង ពង្រីកឱកាសការងារ និងជួយសម្រួលដល់ការធ្វើសមាហរកម្មពួកគេឱ្យចូលទៅក្នុងសង្គមកម្ពុជាវិញ។
តាមរយៈគម្រោងនេះ លោកសង្ឃឹមថា ធនធានមនុស្សដែលមានជំនាញក្នុងវិស័យកែច្នៃចំណីអាហារ នឹងត្រូវបានអភិវឌ្ឍ ដែលនឹងជួយជំរុញដល់ការធ្វើពិពិធកម្មឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។
លោកឯកអគ្គរាជទូតក៏សង្ឃឹមដែរថា គម្រោងនេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនជប៉ុន តាមរយៈការផ្តល់ឱកាសហាត់ការ និងការផ្លាស់ប្តូរធនធានមនុស្សដែលមានជំនាញ ដែលនឹងជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច និងមិត្តភាពដ៏យូរអង្វែងរវាង ប្រទេសជប៉ុន និងកម្ពុជា។
លោក អ៊ីស៊ីហ្សិតិ ហ៊ីដេអុ ក្នុងពេលដែលលោកបានមកដល់ប្រទេសកម្ពុជាកាលពីពីរខែមុន លោកបានទៅទស្សនកិច្ចនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។ តាមរយៈដំណើរទស្សនកិច្ចទាំងនេះ លោកបានសង្កេតមើលការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជាមួយគ្នាដែរ លោកបានឃើញថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយទៅមុខទៀត ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ ជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង “គូសាណូណិ” ផងដែរ។
លោក ហេង ចួនហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានលេីកឡេីងថា អគារ និងបរិក្ខារថ្មីនេះ នឹងជួយឱ្យសិក្ខាកាមទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេសជាក់ស្តែង ឆ្លើយតបចំតម្រូវការទីផ្សារការងារ និងសហគ្រាសក្នុងស្រុក។ ជាពិសេសវានឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ព្រមទាំងលើកកម្ពស់ឱកាសការងារ និងការបង្កើតមុខរបរស្វ័យនិយោជន៍សម្រាប់ សិស្ស-និស្សិតដែលបញ្ចប់ការសិក្សា។
លោកនាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្តេជ្ញាក្នុងការគ្រប់គ្រង ថែទាំ និងប្រើប្រាស់អគារ ព្រមទាំងសម្ភារបរិក្ខារដែលទទួលបានពីគម្រោងនេះ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងចីរភាពខ្ពស់បំផុត។ លោកនឹងរៀបចំប្រព័ន្ធគ្រប់គ្រង និងថែទាំសម្ភារឱ្យបានត្រឹមត្រូវ កំណត់យន្តការត្រួតពិនិត្យជាប្រចាំ និងធានាថា ហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានប្រើប្រាស់ចំបំណងបណ្តុះបណ្តាលជំនាញ ដើម្បីផ្តល់ផលប្រយោជន៍ជាអតិបរមាជូនដល់សិក្ខាកាម និងសហគមន៍ក្នុងរយៈពេលវែង។ ទន្ទឹមនឹងនេះ វិទ្យាស្ថាននឹងខិតខំពង្រឹងសមត្ថភាពគរុកោសល្យ និងជំនាញរបស់គ្រូបង្គោលព្រមទាំងពង្រីកកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាថាការបណ្តុះបណ្តាលមានគុណភាពខ្ពស់ និងស្របតាមបច្ចេកវិទ្យាទំនើប។
សូមបញ្ជាក់ថា គម្រោងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់៕