ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ជម្រាបសម្តេចធិបតី ថា “ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុក ចំពោះ ស្ថានភាព ព្រំដែន កម្ពុជា-ថៃ ហើយសហរដ្ឋអាម៉េរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែង ការណ៍រួម ទីក្រុង កូឡាឡាំពួ
ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ជម្រាបសម្តេចធិបតី ថា”ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុក ចំពោះ ស្ថានភាព ព្រំដែន កម្ពុជា-ថៃ ហើយសហរដ្ឋអាម៉េរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែង ការណ៍រួម ទីក្រុង កូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥”។
មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Christopher Anderson ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាស នៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចធិបតីថា ឯកឧត្តម មានសេចក្តីសោមនស្សរីករាយ ដោយបានមកបំពេញអាណត្តិបេសកកម្មការទូតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក និងកម្ពុជា នៅមានកាលានុវត្តភាពជាច្រើនទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនថែមទៀត។ នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ឯកឧត្តមឯកអគ្គរដ្ឋទូត ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។
សម្ដេចធិបតី បានសម្តែង នូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់នាពេលកន្លងមក និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ និងការ បន្តជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពនេះ។ សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។
សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសក្តានុពល រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិស័យការពារជាតិ និងសន្តិសុខ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។
សម្ដេចធិបតី បានលើកទឹកចិត្តដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យបន្តការភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ