មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចាត់ទុកសៀភៅ "១២គោលការណ៍សម្រាប់គ្រប់គ្រងអាជីវកម្ម" ជាមគ្គុទ្ទេសក៍ដ៏មានតម្លៃសម្រាប់ ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្កលិកទូទៅ
ភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានសម្រេចធ្វេីការបកប្រែផ្សព្វផ្សាយជាផ្លូវការនូវសៀវភៅដែលទើបចេញលក់ថ្មីៗនេះ គឺសៀភៅ "១២គោលការណ៍សម្រាប់គ្រប់គ្រងអាជីវកម្ម" ដែលនិពន្ធដោយអ្នកជំនួញ និងទស្សនវិទូជនជាតិជប៉ុនដ៏ល្បីល្បាញមួយរូបគឺ លោក អុីណាម៉ូរី កាហ្ស៊ូអូ។ សៀវភៅនេះក៏ជាមគ្គុទ្ទេសក៍ដ៏មានតម្លៃសម្រាប់ជំនួយស្មារតី មិនត្រឹមតែម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងដឹកនាំអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងសម្រាប់បុគ្កលិកទូទៅក្នុងការចូលរួមចំណែកបំពេញការងារក្នុងស្ថាប័នឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព និងចីរភាព។
លោក ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានឱ្យដឹងថា សៀវភៅនេះគឺជាការបកប្រែពីភាសាជប៉ុន មកជាសាខ្មែរ ដោយអ្នកនិពន្ធបានលាតត្រដាងយ៉ាងលម្អិតអំពី គោលការណ៍គ្រឹះទាំង ១២ ដែលបានអនុវត្តជោគជ័យ ដោយក្នុងនោះមានការបញ្ចូលមូលដ្ឋានគ្រឹះជាអទិភាព មានដូចជា ចក្ខុវិស័យវែងឆ្ងាយ វិន័យ ភាពជាអ្នកដឹកនាំប្រកបដោយឆន្ទៈដ៏មោះមុត និងក្រមសីលធម៌ ជាដេីម។
បេីតាម លោក ឃឹម លាង មូលហេតុដែល CJCC សម្រេចជ្រេីសយកសៀវភៅនេះមកបកប្រែ ដោយយល់ឃេីញថា ជប៉ុន និងកម្ពុជា គឺស្ថិតក្នុងតំបន់អាស៉ីដូចគ្នា មានចំណុចប្រសព្វដូចគ្មាច្រេីន ដែលធ្វេីឱ្យប្រជាជនកម្ពុជាងាយនឹងទទួលយកនូវទ្រឹស្តីមកអនុវត្ត។
ម្យ៉ាងវិញទៀត CJCC យល់ឃេីញថា ខ្លឹមសារនៅក្នុងសៀវភៅដែលបានសរសេរនោះគឺល្អសម្រាប់អ្នកដឹកនាំផ្នែកអាជីវកម្ម ដោយមានប្រាប់ពីរបៀបនៃការធ្វេី ឬដឹកនាំអាជីវកម្មឱ្យទទួលបាននូវការលូតលាស់ទៅមុខ។ ចំពោះបុគ្គលិក និងម្ចាស់អាជីវកម្មវិញ នឹងធ្វេីឱ្យមានភាពសុខដុមរមនានឹងគ្នា ហេីយផ្តល់ជាប្រយោជន៍ទៅដល់សង្គម ដែលត្រូវនឹងសង្គមកម្ពុជានាពេលបច្ចុបន្ន។ សៀវភៅនេះមិនមែនសម្រាប់តែម្ចាស់អាជីវកម្មទេ មានន័យថា ទាំងបុគ្គលិក ម្ចាស់អាជីវកម្ម និងសង្គម សុទ្ធតែទទួលបានផលដូចគ្នា។
ជាមួយគ្នានេះ លោក អៀង សុធារ៉ា
ទីប្រឹក្សា ជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) ក៏បានលេីកឡេីងដែរថា ភាពជោគជ័យលេីអាជីវកម្មមួយ មិនមែនពឹងតែលេីសៀវភៅ "១២គោលការណ៍សម្រាប់គ្រប់គ្រងអាជីវកម្ម" នេះតែមួយមុខទេ ប៉ុន្តែអាស្រ័យលើសហគ្រិនម្នាក់ៗយកទៅអនុវត្តដោយភាពប៉ិនប្រសព្វ ឬចេះកែធ្នៃវា។ សៀវភៅ ១២គោលការណ៍នេះ គ្រាន់តែជាការប្រាប់ផ្លូវក្នុងការបង្កើតអាជីវកម្មតែប៉ុណ្ណោះ ដែលអ្នកជំនួញជោគជ័យម្នាក់របស់ជប៉ុនបានសរសេរចងក្រងឡើងអំពីភាពជោគជ័យរបស់ខ្លួននៅក្នុងអាជីវកម្មដើម្បីធ្វើការចែករំលែកទៅដល់អ្នកផ្សេង។
សូមបញ្ជាក់ថា សៀភៅ "១២គោលការណ៍សម្រាប់គ្រប់គ្រងអាជីវកម្ម" ទទួលបានការគាំទ្រយ៉ាងខ្លាំង ចាប់តាំងពីការចេញផ្សាយលើកទី១ ជាភាសាជប៉ុននៅក្នុងឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន។ សៀវភៅនេះត្រូវបានលក់ក្នុងប្រទេសជប៉ុនអស់ប្រមាណ ៨មុឺន ៥ពាន់ច្បាប់៕