គណៈប្រតិភូ នៃកិច្ចប្រជុំប្រទេសនិយាយភាសាបារាំង ជាង ១០០នាក់ បានចំណាយពេលពេញ ១ថ្ងៃ ធ្វើទស្សនកិច្ចវប្បធម៌ នៅរមណីយដ្ឋានអង្គរ
សៀមរាប៖ ក្រុមគណៈប្រតិភូចំនួនជាង ១០០នាក់ នៃបណ្ដាប្រទេសនិយាយភាសាបារាំង (Francophonie) បានចំណាយពេលពេញ ១ថ្ងៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីធ្វើទស្សនកិច្ចផ្នែកវប្បធម៌ និងបេតិកភណ្ឌ នៅក្នុងរមណីយដ្ឋានអង្គរ នាខេត្តសៀមរាប។
គណៈប្រតិភូនៃបណ្ដាប្រទេសនិយាយភាសាបារាំង បានចាប់ផ្ដើមទស្សនានៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម ក្រោយកិច្ចប្រជុំនៅរាជធានីភ្នំពេញ និងនៅមុនពេលចាកចេញពីកម្ពុជា។ គណៈប្រតិភូទាំងនេះមានជាង ១០០នាក់ មកពី ៣០ប្រទេស នៅក្នុងទ្វីបអាហ្រ្វិក កាណាដា និងអឺរ៉ុប។
ក្នុងដំណើរទស្សនកិច្ចវប្បធម៌ និងបេតិកភណ្ឌពិភពលោក នៅតំបន់អង្គរ គណៈប្រតិភូនៃបណ្ដាប្រទេសនិយាយភាសាបារាំងទាំងនោះ បានបង្ហាញទឹកមុខញញឹមស្រស់ស្រាយ អមជាមួយក្តីរំភើប ដោយភាគច្រើននៃគណៈប្រតិភូទាំងនោះ ទើបតែបានស្គាល់តំបន់អង្គរ និងប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យរបស់ខ្មែរ ជាលើកដំបូងនៅក្នុងជីវិតរបស់ពួកគេ៕