ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន CMA CGM Group បានចុះ MoU ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មដែលតភ្ជាប់ជាមួយផ្លូវដែកនៅក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ក្រុមហ៊ុន CMA CGM Group ដែលជាប្រតិបត្តិករលំដាប់ពិភពលោកដែលផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រ ផ្លូវគោក ផ្លូវអាកាស និងភស្តុភារកម្ម រួមជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មដែលតភ្ជាប់ជាមួយផ្លូវដែកនៅក្នុងរាជធានីភ្នំពេញ។ គម្រោងនេះនឹងជួយគាំទ្រដល់កំណើន និងប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងខ្សែសង្វាក់ការផ្គត់ផ្គង់របស់ប្រទេសកម្ពុជា។
មជ្ឈមណ្ឌលនេះនឹងមានទីតាំងនៅរាជធានីភ្នំពេញ ដោយគ្រោងនឹងប្រមូលផ្តុំសេវាកម្មភស្តុភារកម្មជាច្រើន រួមមាន៖ កំពង់ផែស្ងួត (dry port) មជ្ឈមណ្ឌលភស្តុភារកម្មក្នុងប្រទេសដែលតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រតាមរយៈផ្លូវដែក ឬផ្លូវថ្នល់ ទីធ្លាសម្រាប់គ្រប់គ្រងកុងតឺន័រ ទីតាំងស្តុកកុងតឺន័រទទេ ស្ថានីយទំនិញកុងតឺន័រ (Container Freight Station - CFS) ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រប់គ្រងកុងតឺន័រដែលតភ្ជាប់ជាមួយផ្លូវដែក។
មជ្ឈមណ្ឌលត្រូវបានធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់ការដឹកជញ្ជូនកុងតឺន័រ និងទំនិញ (Cargo) រវាងទីតាំងមជ្ឈមណ្ឌលផលិតនិងប្រើប្រាស់សំខាន់នៅក្នុងប្រទេសកម្ពុជា ភ្ជាប់ទៅច្រកទ្វារអន្តរជាតិ ជាពិសេសកំពង់ផែក្រុងព្រះសីហនុ ដោយពង្រឹងការតភ្ជាប់រវាងការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវថ្នល់ និងផ្លូវសមុទ្រ។
លោក Kaushal Rohilla អ្នកគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន CMA CGM Cambodia បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន CMA CGM ប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍលើសេវាកម្មភស្តុភារកម្មដែលមានប្រសិទ្ធភាព និងមានការតភ្ជាប់គ្នានៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមរយៈមជ្ឈមណ្ឌលនៅរាជធានីភ្នំពេញនេះ យើងមើលឃើញពីឱកាសមួយក្នុងការពង្រឹងការតភ្ជាប់រវាងភស្តុភារកម្មក្នុងប្រទេស និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ជាពិសេសតាមរយៈកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់អតិថិជន និងកំណើនលំហូរពាណិជ្ជកម្មរបស់កម្ពុជា។ ក្រុមហ៊ុនរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដើម្បីសិក្សាពីគម្រោង និងសក្តានុពលរបស់គម្រោងនេះក្នុងការរួមចំណែកដល់សមាហរណកម្មវិស័យភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរ»។
ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ នឹងផ្តល់ និងថែទាំផ្លូវដែកសម្រាប់ការតភ្ជាប់ គាំទ្រហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងផ្លូវថ្នល់ដែលពាក់ព័ន្ធ ព្រមទាំងសហការជាមួយក្រុមហ៊ុន CMA CGM Inland Services (CCIS) ក្នុងការរៀបចំលក្ខខណ្ឌប្រតិបត្តិការ និងលក្ខខណ្ឌពាណិជ្ជកម្មសម្រាប់សេវាកម្មផ្លូវដែក។ ចំណែកឯក្រុមហ៊ុន CCIS វិញ នឹងទទួលបន្ទុកដឹកនាំលើគំនិតផ្តួចផ្តើមផ្នែកប្រតិបត្តិការ ការវាយតម្លៃលទ្ធភាពជោគជ័យផ្នែកពាណិជ្ជកម្ម ការរៀបចំផែនការអាជីវកម្ម និងការកំណត់ដំណាក់កាលអនុវត្តគម្រោង ព្រមទាំងសម្របសម្រួលលើការសិក្សាដែលពាក់ព័ន្ធនឹងការឌីស្សាញ បច្ចេកទេស និងបរិស្ថាន។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរីករាយដែលបានសហការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុន CMA CGM លើគំនិតផ្តួចផ្តើមដ៏មានសក្តានុពលនេះដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាបន្ថែមទៀត។ ក្នុងនាមជាប្រតិបត្តិករផ្លូវដែកនៅកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ យល់ច្បាស់អំពីតួនាទីជាយុទ្ធសាស្ត្រនៃការតភ្ជាប់ផ្លូវដែក ក្នុងការសម្រួលដល់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព ការគាំទ្រដល់កំណើនពាណិជ្ជកម្ម និងការលើកកម្ពស់ភាពប្រកួតប្រជែងនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា។ តាមរយៈគម្រោងអភិវឌ្ឍន៍នេះ យើងមានគោលបំណងជំរុញឲ្យការតភ្ជាប់រវាងការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវគោក និងផ្លូវសមុទ្រកាន់តែប្រសើរឡើង ជាពិសេសតាមរយៈការពង្រឹងការតភ្ជាប់ជាមួយកំពង់ផែក្រុងព្រះសីហនុ។ យើងជឿជាក់ថា កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍបណ្តាញភស្តុភារកម្ម ប្រសិទ្ធភាព និងនិរន្តរភាពជាងមុន ដែលនឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា»។
គម្រោងអភិវឌ្ឍន៍នេះ ឆ្លុះបញ្ចាំងពីមហិច្ឆតារួមរបស់ភាគីពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាពភស្តុភារកម្មក្នុងប្រទេសរបស់កម្ពុជា និងលើកកម្ពស់ការតភ្ជាប់រវាងការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវគោក និងផ្លូវសមុទ្រ។ តាមរយៈការរួមបញ្ចូលសេវាកម្មដូចជា ការគ្រប់គ្រងកុងតឺន័រ ការស្តុកទុកទំនិញ សេវាកម្ម CFS (Container Freight Station) និងសេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធនឹងផ្លូវដែក ចូលទៅក្នុងប្រព័ន្ធតែមួយ គម្រោងនេះនឹងអាចជួយសម្រួលដល់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព និងភាពរលូនសម្រាប់អាជីវកម្មនានាដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា៕