អ្នកឧកញ៉ា គិត ម៉េង បង្ហាញសក្តានុពលសេដ្ឋកិច្ចកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបារាំង និងជំរុញការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ឱ្យបានឆាប់
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបារាំង ខណៈជំរុញឱ្យសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ រួមគ្នាស្នើទៅកាន់រដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពន្លឿនការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងបារាំង សំដៅជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរីកចម្រើន។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសអ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា និងថ្លែងសុន្ទរកថាបិទកម្មវិធីថ្ងៃទីមួយ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា និងបារាំង បានឈានចូលដល់ដំណាក់កាលអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង។ ក្នុងន័យនេះ អ្នកឧកញ៉ា បានលើកឡើងពីសូចនាករសេដ្ឋកិច្ចសំខាន់ៗ ដែលបង្ហាញពីភាពធន់ និងភាពទាក់ទាញរបស់កម្ពុជា សម្រាប់ការបណ្តាក់ទុនវិនិយោគ។
សូចនាករទាំងនោះ រួមមាន កំណើនការនាំចេញរបស់កម្ពុជាក្នុងអត្រា ២០% ទោះបីពាណិជ្ជកម្មសកលជួបប្រទះការរំខានក៏ដោយ ភាពប្រកួតប្រជែងនៃថ្លៃដើមកម្លាំងពលកម្មដែលនៅមានកម្រិតទាប និងអំណោយផលជាងប្រទេសមួយចំនួនក្នុងតំបន់ ព្រមទាំងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល ដោយប្រព័ន្ធទូទាត់ប្រាក់បាគងមានទំហំប្រតិបត្តិការសរុបស្មើនឹង ៤,៥ ដងនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។
លើសពីនេះ ប្រសិទ្ធភាពនៃការប្រមូលចំណូលសារពើពន្ធរបស់កម្ពុជា ក៏បានកើនឡើងរហូតដល់ ៦ដង ក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយនេះ ដោយមិនចាំបាច់បង្កើតពន្ធថ្មីឡើយ។ សូចនាករទាំងនេះ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ៗដែលអាចបង្កើនទំនុកចិត្តដល់វិនិយោគិនអន្តរជាតិ ក្នុងការជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ។
ទន្ទឹមនឹងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ច អ្នកឧកញ៉ា គិត ម៉េង ក៏បានជំរុញឱ្យសហគមន៍ធុរកិច្ចកម្ពុជា និងបារាំង រួមគ្នាស្នើទៅកាន់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីពន្លឿនការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងបារាំង។
អ្នកឧកញ៉ា ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច ជំរុញការវិនិយោគ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។
ជាមួយគ្នានេះ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងផ្គូផ្គងសហគ្រាសបារាំងដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាមួយនឹងដៃគូក្នុងស្រុក លើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ កសិកម្ម និងកសិ-ឧស្សាហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសេវាកម្ម។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏បានចែករំលែកបទពិសោធន៍ជោគជ័យនៃការបង្កើត និងអភិវឌ្ឍក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) ក៏ដូចជា កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយបណ្តាក្រុមហ៊ុនដៃគូ ជាពិសេសក្រុមហ៊ុនបារាំង ដើម្បីជាសក្ខីភាព និងជំរុញទឹកចិត្តធុរជនបារាំងឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕
រូបភាព៖ អ៊ុន ផាន់ណាត់ និងង៉ាន់ សំណាង