សហគ្រិនខ្មែរ ចាប់ដៃគូជាមួយស្ថាប័នចំនួន៤ ពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា
ភ្នំពេញ៖ សហគ្រិនខ្មែរ (Khmer Enterprise) បានពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយដៃគូចំនួន៤ រួមមាន Canadia Impact Fund, La French Tech Phnom Penh, Krya Global និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជំរុញនវានុវត្តន៍ និងពង្រីកឱកាសសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការគាំទ្រធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម កំពុងពង្រីកកិច្ចសហការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ការវិនិយោគ ឱកាសទីផ្សារ បណ្តាញទំនាក់ទំនង និងការគាំទ្រផ្នែកបច្ចេកទេសដល់សហគ្រិនកម្ពុជា។
ភាពជាដៃគូនេះ រួមមាន Canadia Impact Fund Co. (CIFC), La French Tech Phnom Penh (FTPP), Krya Global និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (ATC) ដែលមានគោលដៅពង្រឹងទំនាក់ទំនងរវាងធុរកិច្ចថ្មី និងវិនិយោគិន ពង្រីកបណ្តាញជាតិ និងអន្តរជាតិ ជំរុញសកម្មភាពនវានុវត្តន៍ រៀបចំកម្មវិធីបណ្តុះបណ្តាល និងពន្លឿនការរីកចម្រើនរបស់ធុរកិច្ចថ្មី ព្រមទាំងអភិវឌ្ឍសមត្ថភាពគ្រូណែនាំក្នុងវិស័យសហគ្រិនភាព។
កិច្ចសហប្រតិបត្តិការនេះផ្តោតលើការសម្របសម្រួលធុរកិច្ចថ្មីដែលមានសក្តានុពលទៅកាន់វិនិយោគិន និងស្ថាប័នផ្តល់ទុនវិនិយោគ ការផ្លាស់ប្តូរបទពិសោធន៍រវាងធុរកិច្ចថ្មីកម្ពុជា និងបារាំង ការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងការផ្គូផ្គងដៃគូធុរកិច្ច។ ជាមួយគ្នានេះ ក៏មានការគាំទ្រគំនិតផ្តួចផ្តើមនវានុវត្តន៍ ដូចជាកម្មវិធី Startup Innovation Weekends និងការប្រគល់ពានរង្វាន់នវានុវត្តន៍ ព្រមទាំងស្វែងរកឱកាសអនុវត្តកម្មវិធីបណ្តុះបណ្តាល និងពន្លឿនធុរកិច្ចថ្មីកម្ពុជាក្នុងកម្រិតអន្តរជាតិ។
លើសពីនេះ ភាពជាដៃគូនេះក៏មានគោលដៅជំរុញការអភិវឌ្ឍគ្រូណែនាំដែលមានសមត្ថភាព និងគុណវុឌ្ឍិខ្ពស់ តាមរយៈការបណ្តុះបណ្តាល ការអនុវត្តក្រោមការត្រួតពិនិត្យ និងការធានាគុណភាពកម្មវិធី ដើម្បីតភ្ជាប់សហគ្រិនកម្ពុជាទៅកាន់អ្នកជំនាញអន្តរជាតិ ឱកាសទីផ្សារ បណ្តាញវិនិយោគ និងប្រភពគាំទ្រដែលមានប្រសិទ្ធភាព។
ជាមួយគ្នានេះ សហគ្រិនខ្មែរក៏បានអបអរសាទរចំពោះធុរកិច្ចថ្មីចំនួន៣ ដែលទទួលបានការវិនិយោគក្នុងអំឡុងពេលកម្មវិធីនេះ។ ការទទួលបានទុនវិនិយោគនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ធុរកិច្ចថ្មីដែលត្រូវបានជ្រើសរើស និងជាសញ្ញាបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនលើសក្តានុពលនៃវិស័យសហគ្រិនភាពនៅកម្ពុជា។ ជាពិសេស ការតភ្ជាប់ធុរកិច្ចថ្មីដែលមានសក្តានុពលទៅកាន់ឱកាសវិនិយោគ នឹងរួមចំណែកជំរុញការរីកចម្រើន នវានុវត្តន៍ និងការពង្រីកអាជីវកម្មរបស់ពួកគេឱ្យកាន់តែប្រសើរឡើង៕