ព័ត៌មានជាតិ

វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ បញ្ចប់ដោយជោគជ័យបើកទំព័រថ្មីនៃកាលានុវត្តភាពវិនិយោគ និងពាណិជ្ជកម្មឆ្លងទ្វីប រវាងទីផ្សារអាស៊ាន និងពិភពហ្វ្រង់កូហ្វូន

image

ភ្នំពេញ៖ «វេទិកាសហគ្រិនហ្វ្រង់កូហ្វូន» លើកទី៦ (Rencontre des Entrepreneurs Francophones - REF 2026) ត្រូវបានបិទបញ្ចប់ជាផ្លូវការប្រកបដោយជោគជ័យ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ បានដើរតួជាកាតាលីករយុទ្ធសាស្ត្រក្នុងការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណី ឱ្យទៅជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាក់ស្តែង (Concrete Economic Francophonie) ព្រមទាំងតភ្ជាប់សក្តានុពលសេដ្ឋកិច្ចរវាងសហគមន៍អាស៊ាន និងបណ្តាញធុរកិច្ចសកលនៃពិភពហ្វ្រង់កូហ្វូន។

វេទិកាកម្រិតអន្តរជាតិនេះ គឺជាព្រឹត្តិការណ៍អមដ៏សំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និង សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (Alliance des Patronats Francophones - APF) ក្រោមមូលបទ៖ «នវានុវត្តន៍៖ កាតាលីករសម្រាប់ចីរភាព និងសមាហរណកម្មហ្វ្រង់កូហ្វូនី»។

ពិធីបិទជាផ្លូវការនៃវេទិកា ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ឯកឧត្តម តូ ឡឹម ប្រធានាធិបតីសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ម៉ាក ខានី នាយករដ្ឋមន្ត្រីកាណាដា ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងស្ថានទូត ក្រសួងស្ថាប័ន នាយកប្រតិបត្តិក្រុមហ៊ុន វិនិយោគិន និងធុរជនអន្តរជាតិ មកពីបណ្តារប្រទេសនិយាយភាសាបារាំង និងប្រទេសដៃគូ។

ក្នុងឱកាសនៃពិធីបិទជាផ្លូវការនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា រួមជាមួយ លោក អាមេត ស៊ីសសេ (Ahmed Cissé) ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន បានអញ្ជើញថ្លែងសុន្ទរកថា ព្រមទាំងធ្វើពិធីផ្ទេរតំណែងជាម្ចាស់ផ្ទះរៀបចំវេទិកាសហគ្រិនហ្រ្វង់កូហ្វូន ពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋម៉ូរីស (Mauritius)។

វេទិកាសហគ្រិនហ្រ្វង់កូហ្វូនឆ្នាំ២០២៦ ប្រមូលផ្តុំធុរជនអន្តរជាតិ គណៈប្រតិភូធុរកិច្ច និងវិនិយោគិនជាង ១.០០០នាក់ មកពីបណ្តាប្រទេសនិយាយភាសាបារាំង និងប្រទេសដៃគូជាង ៤០ ប្រទេស ដែលគ្របដណ្តប់លើទ្វីបអាស៊ី អឺរ៉ុប អាមេរិកខាងជើង និងអាហ្វ្រិក និងបង្កើតបានជាកាលានុវត្តភាពបណ្តាញពាណិជ្ជកម្មធំបំផុតមិនធ្លាប់មាននៅតំបន់អាស៊ីអាគ្នេយ៍។

ទន្ទឹមនឹងនេះ វេទិកាក៏បានជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យអាទិភាព តាមរយៈកិច្ចពិភាក្សាធុរកិច្ច និងជំនួបពាណិជ្ជកម្ម ដែលអាចឈានទៅដល់ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងការបណ្តាក់ទុនរួមគ្នា លើវិស័យសំខាន់ៗរួមមាន៖ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារ ថាមពលស្អាត បរិស្ថាន និងបៃតង ភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន ហិរញ្ញវត្ថុ ធនាគារ និងសេវាប្រឹក្សាយោបល់ សំណង់ និងអចលនទ្រព្យ សុខាភិបាល និងវិស័យវេជ្ជសាស្ត្រ ទេសចរណ៍ បដិសណ្ឋារកិច្ច និងភោជនីយដ្ឋាន ការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ ព្រមទាំងវិស័យរ៉ែ និងធនធានធម្មជាតិ។

បន្ថែមលើនេះ កិច្ចពិភាក្សាក្នុងវេទិកាក៏បានផ្តោតស៊ីជម្រៅលើការបង្កើតច្រករបៀងពាណិជ្ជកម្មយុទ្ធសាស្ត្រ«ច្រករបៀងពាណិជ្ជកម្មអាស៊ាន-ហ្វ្រង់កូហ្វូនី (ASEAN–Francosphere Trade Corridor)» ព្រមទាំងការធ្វើសមាហរណកម្មទីផ្សារឌីជីថល និងការពង្រឹងក្របខ័ណ្ឌច្បាប់ការពារការវិនិយោគ សំដៅធានាឱ្យបាននូវបរិយាកាសធុរកិច្ចប្រកបដោយទំនុកចិត្ត និងនិរន្តរភាពយូរអង្វែង។

ការបញ្ចប់ដោយជោគជ័យនូវ វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ គឺជាកត្តាជំរុញដ៏សំខាន់ផ្សព្វផ្សាយអំពីកម្ពុជាជា «ច្រកទ្វារសេដ្ឋកិច្ចយុទ្ធសាស្ត្រ» តភ្ជាប់ទីផ្សារអាស៊ានដ៏មានសក្តានុពល ទៅកាន់ពិភពហ្វ្រង់កូហ្វូនីទាំងមូល៕