លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង ប្តេជ្ញាជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ណសារ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង និងគណៈប្រតិភូ បានអញ្ជើញទស្សនាបណ្ណាល័យជាតិ និងពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្នុងឱកាសដែលលោកស្រីរដ្ឋមន្ត្រី និងគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំហ្រ្វង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកស្រី Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង និងគណៈប្រតិភូ ប្រកបដោយភាពស្និទ្ធស្នាលនិងកក់ក្តៅ។
បន្ទាប់ពីលោកស្រី Catherine Pégard និងគណៈប្រតិភូអមដំណើរបានចូលទស្សនាសកម្មភាពជួសជុលនិងអភិរក្សបណ្ណសារ និងឌីជីថលភាវូបនីយកម្មបណ្ណសារ ដែលកំពុងអនុវត្តដោយមន្រ្តីនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជារួចមក, លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង ក៏បានពិភាក្សាការងារ ដោយផ្តោតលើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ណសាររវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃលិខិតប្រកាសបំណង ដែលបានចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក វង្សី វិស្សុត បានជម្រាបជូនលោកស្រីរដ្ឋមន្ត្រីវប្បធម៌បារាំង និងគណៈប្រតិភូ អំពីចក្ខុវិស័យក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍបណ្ណសារ ក្នុងរយៈពេល ១៥ឆ្នាំ ស្របតាមចក្ខុវិស័យនិងការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៤ រួមមាន៖ (១)-ការអភិរក្សនិងជួសជុលអគារបណ្ណសារដ្ឋានជាតិដែលមានអាយុកាលជាង ១០០ឆ្នាំ (២)-ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល (៣)-ការពង្រឹងក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធអភិបាលកិច្ច និង (៤)-ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងសហថាមពលរវាងស្ថាប័នទាំងពីរ។
លោក វង្សី វិស្សុត ក៏បានជម្រាបជូនលោកស្រីរដ្ឋមន្ត្រី អំពីការសម្រេចរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក្នុងការរៀបចំធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីតែមួយផងដែរ ដើម្បីបង្កើនសហថាមពលរវាងស្ថាប័នទំាងពីរនេះ។
ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ប្រទេសបារាំង គឺជាដៃគូគន្លឹះដ៏សំខាន់ (Key partner) របស់កម្ពុជា ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យខាងលើ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានស្នើសុំភាគីបារាំងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ដល់និស្សិតនិងមន្រ្តីកម្ពុជាលើជំនាញបណ្ណសារ និងបណ្ណាល័យផងដែរ។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជម្រាបជូនផងដែរ អំពីតួនាទីភារកិច្ច ក៏ដូចជាទិសដៅការងាររបស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ដែលទើបបានបង្កើតនាពេលថ្មីៗនេះ។
ជាការឆ្លើយតប លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងបានលើកឡើងថា ភាគីបារាំងយល់ស្របជាមួយភាគីកម្ពុជាថា គម្រោងធ្វើទំនើបកម្មបណ្ណសាររយៈពេលវែងនេះ គឺមិនមែនគ្រាន់តែជាគម្រោងវប្បធម៌ធម្មតានោះទេ តែជាអាទិភាពយុទ្ធសាស្ត្រសម្រាប់ប្រជាជាតិកម្ពុជា។ លោកស្រី ក៏បានបង្ហាញការគាំទ្រ និងការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយផ្តោតលើការផ្តល់ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកបទពិសោធនិងជំនាញ ក្នុងការគ្រប់គ្រង ការអភិរក្ស និងឌីជីថលភាវូបនីយកម្មបណ្ណសារ។
ភាគីបារាំង ក៏បានសម្តែងការត្រៀមខ្លួនក្នុងការសម្របសម្រួលជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដូចជា បណ្ណសារដ្ឋានជាតិបារាំង បណ្ណាល័យជាតិបារាំង និងបណ្ណសារដ្ឋានជាតិឯនាយសមុទ្រ (ANOM) ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការនេះឱ្យទទួលបានលទ្ធផលជាក់ស្តែង៕