នៅចំពោះមុខសម្ដេចតេជោ, ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល កោតសរសើរនូវភាពធន់របស់កម្ពុជា ដែលបានឆ្លងកាត់ឧបសគ្គជាច្រើនកាលពីអតីតកាល រហូតដល់មានការរីកចម្រើនដូចបច្ចប្បន្ន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក បឺណ័រ ឌីស្ប៉ា (Benoît DISPA) ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល (PFWB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក និងប្រតិភូក្នុងដំណើរអញ្ជើញមកកាន់ប្រទេសកម្ពុជាក្នុងការចូលរួម ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ដេចតេជោបានចាត់ទុកវត្តមានរបស់លោក មកកាន់កម្ពុជានាពេលនេះគឺជាផ្នែកមួយ ដែលចូលរួមចំណែកឱ្យកិច្ចប្រជុំកំពូលនេះ ទទួលបានជោគជ័យ ហើយសម្ដេចសង្ឃឹមថា លោក នឹងរីករាយនៅក្នុងការស្នាក់នៅ ក៏ដូចជាចូលរួមនៅក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅកម្ពុជានាពេលនេះ។
ជាការឆ្លើយតប លោក បឺណ័រ ឌីស្ប៉ា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក និងប្រតិភូ។ លោកបានលើកឡើងថា លោក ពិតជាមានកិត្តិយសដែលបានអញ្ជើញមកដល់ប្រទេសកម្ពុជា ហើយបានឃើញពីភាពរីកចម្រើនរបស់កម្ពុជា នៅពេលនេះ។ លោក បានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយដែលមានភាពធន់ ដោយសារតែប្រទេសនេះបានឆ្លងកាត់នូវឧបសគ្គ ជាច្រើនកាលពីអតីតកាល ដូចជាក្នុងរបបប្រល័យពូជសាសន៍ និងឆ្លងកាត់សម័យកាលនៃការដឹកនាំ ដែលមានការប្រែប្រួលផ្នែកសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់មានការរីកចម្រើនដល់សព្វថ្ងៃនេះ។ លោកបានលើកឡើងថា ក្នុងភាពជាម្ចាស់ផ្ទះរបស់កម្ពុជា នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នេះគឺបង្ហាញយ៉ាងច្បាស់ថា កម្ពុជាកំពុងតែពង្រីកតួនាទីរបស់ខ្លួនបន្ថែមទៀត នៅលើឆាកអន្តរជាតិ។
សម្ដេចតេជោបានសម្ដែងការអរគុណ ចំពោះការលើកឡើងរបស់លោក និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការជំរុញដល់ការទូតសភា ដែលធ្វើយ៉ាងណាឲ្យសភានៃប្រទេសទាំងពីរ មានទំនាក់ទំនងបន្ថែមទៀត នៅក្នុងក្របខណ្ឌទ្វេភាគី ដែលជាការជ្រោមជ្រែងបន្ថែមទៀតដល់ស្ថាប័ននីតិប្រតិបត្តិ។
សម្ដេចតេជោក៏បានលើកឡើងទាក់ទងនឹង កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ ជាពិសេសគឺអាស៊ាន និង EU តែម្ដង ដែលជាកាតព្វកិច្ចដ៏សំខាន់ ក្នុងការបំពេញឱ្យគ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ច៕
អត្ថបទ៖ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង