សម្ដេចតេជោ ហ៊ុន សែន ស្នើសមាជិកសភាកាណាដា ជួយកៀរគរអ្នកវិនិយោគ ឲ្យមកបណ្ដាក់ទុនវិនិយោគ នៅកម្ពុជា ឲ្យកាន់តែច្រើន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកស្រី Marie-France Lalonde សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ វិមានសាមគ្គីភាព រាជធានីភ្នំពេញ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយជំនួបថា សម្ដេចតេជោ បានចាត់ទុកវត្ដមានរបស់លោកស្រី គឺជាការចូលរួមចំណែកដល់ដំណើរការ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឲ្យទទួលបានជោគជ័យ ហើយជាការផ្ដល់តម្លៃទំនាក់ទំនងកម្ពុជា-កាណាដា។
លោកស្រី Marie-France Lalonde បានលើកឡើងថា បើទោះបីប្រទេសទាំងពីរនៅឆ្ងាយគ្នាពិតមែន តែកាណាដានិងកម្ពុជាមានទំនាក់ទំនងដ៏យូរអង្វែង និងរីកចម្រើនជាមួយគ្នា ស្របជាមួយគ្នានេះ លោកស្រីបានសង្កត់ធ្ងន់លើពាណិជ្ជកម្ម កម្ពុជា-កាណាដា មានការរីកចម្រើនរហូតមកដល់ពេលនេះ ប្រមាណ២ពាន់លានដុល្លារ ដែលបង្ហាញពីកិច្ចសហប្រតិបត្ដិការល្អ រវាងប្រទេសទាំងពីរផងដែរ។
លោកស្រីបានបន្ដថ្លែងថា លោកស្រីចង់ឃើញទំនាក់ទំនងនីតិបញ្ញត្ដិប្រទេសទាំងពីរ កាន់តែល្អប្រសើរ។ លោកស្រីក៏បានកោតសរសើរពីវីរភាព របស់សម្ដេចតេជោ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ រហូតបានបន្ដដឹកនាំប្រទេសឲ្យមានស្ថិរភាព និងការអភិវឌ្ឍមកដល់បច្ចុប្បន្ន។
សម្ដេចតេជោ បានពេញចិត្ដជុំវិញការលើកឡើងរបស់លោកស្រី ពិសេសវឌ្ឍនភាពនៃទំនាក់ទំនង ប្រទេសទាំងពីរ ពិសេសពាណិជ្ជកម្មដែលសម្ដេចតេជោ ឯកភាពទាំងស្រុង ជុំវិញទំហំពាណិជ្ជកម្ម ដែលប្រទេសទាំងពីរសម្រេចបាន តែយ៉ាងណាមិញ សម្ដេចតេជោ បានថ្លែងថាទំហំពាណិជ្ជកម្មប្រមាណ២ពាន់លានដុល្លារនេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយ ដោយភាគីទាំងពីរត្រូវការសហការគ្នា បន្ដដើម្បីជុំរុញឲ្យមានកំណើនកើនឡើង។ សម្ដេចតេជោ បានបន្ដថា ទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគ គឺជាស្នូលនៃទំនាក់ទំនងការទូត នៃប្រទេសទាំងពីរដែលត្រូវដើរទន្ទឹមនឹងនយោបាយផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើ លោកស្រី Marie-France Lalonde ជួយកៀរគរអ្នកវិនិយោគកាណាដា ឲ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែច្រើន ហើយសម្ដេចតេជោ ក៏បានឆ្លៀតអរគុណកាណាដា ដែលបានរួមចំណែកជាមួយកកម្ពុជា ក្នុងការស្វែងរកសន្ដិភាពកាលពីអតីកកាល និងរួមចំណែកអភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលធនធានមនុស្ស រួមទាំងការជួយដល់ដំណើរការ សាលាក្ដីខ្មែរក្រហមផងដែរ៕
អត្ថបទ៖ឈឹម ធីតា រូបភាព៖ ង៉ាន់ សំណាង