ការតាំងបង្ហាញនូវមុខម្ហូបពិសេសៗ របស់ ក្រុមហ៊ុន CBS នៅភូមិហ្វ្រង់កូហ្វូនី កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះក៏មានរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ផងដែរ
ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូល ប្រជាជាតិនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី/Francophonie) លើកទី២០ នៅរាជធានីភ្នំពេញ ក៏មានការតាំងបង្ហាញនូវផលិតផលជាច្រើន សម្រាប់សាធារណៈជនជាតិ និងអន្តរជាតិ រួមនឹងថ្នាក់ដឹកនាំ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏ពេសេសនេះ ក៏មានស្តង់ធ្វើម្ហូប របស់ ក្រុមហ៊ុន CBS នៃស្ថានីយទូរទស្សន៍ CTN CNC និង MyTV ផងដែរ ដោយបានដាក់តាំងបង្ហាញនូវមុខម្ហូបពិសេសៗជាច្រើន ពីសំណាក់ចុងភៅឆ្នើមៗចំនួន ៥រូប ដែលបានបង្ហាញការចម្អិនម្ហូបអាហារផ្ទាល់ ប្រកបដោយទេពកោសល្យ។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មានការចាប់អារម្មណ៍ពីសំណាក់ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកស្រី Jane Santos នាយកប្រតិបត្តិ នៃក្រុមហ៊ុន CBS ផងដែរ ដោយលោកមានកិត្តិយសបានមកភ្លក់នូវមុខម្ហូបពិសេសៗដោយផ្ទាល់នៅនឹងស្តង់ដែលទើបតែចម្អិនរួចថ្មីៗ ដែលចម្អិនដោយ មេចុងភៅពសេសៗដែលមានំនាញយូរឆ្នាំ មកពីកម្មវិធី MasterChef Cambodia គឺជាកម្មវិធីប្រកួតប្រជែងធ្វើម្ហូបដ៏ល្បីល្បាញមួយរបស់ក្រុមហ៊ុន CBS។
តាមរយៈសិល្បៈនៃការចម្អិនម្ហូបនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចស្វែងយល់ពីរបៀបដែលម្ហូបអាហារ ជួយជំរុញការផ្លាស់ប្តូរ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងអបអរសាទរភាពសម្បូរបែបនៃវប្បធម៌ និងបង្កើតចំណងទាក់ទងដ៏មានអត្ថន័យរវាងកម្ពុជា និងពិភពលោកប្រើប្រាស់ភាសាបារាំង។
សូមជម្រាបថា “ភូមិហ្វ្រង់កូហ្វូនី” ជាទីកន្លែងដ៏រស់រវើក សម្រាប់ការស្វែងយល់ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ដោយផ្តោតយ៉ាងខ្លាំងទៅលើបរិយាបន្ន សម្រាប់មនុស្សគ្រប់រូប ជាពិសេសស្ត្រី និងយុវជន។ លាតសន្ធឹងលើផ្ទៃដីប្រមាណ ១ម៉ឺនម៉ែត្រការ៉េ ភូមិនេះទទួល ស្វាគមន៍ភ្ញៀវទេសចរ តាមរយៈខ្លោងទ្វារដ៏ធំសម្បើម ដែលចម្លងចេញពីរចនាបថខ្លោងទ្វារទន្លេអុំ នៃរាជធានីអង្គរធំ តំណាងឱ្យមេត្តាករុណា និងសន្តិភាពផ្លូវចិត្ត អមដោយរូបព្រាបស តំណាងឱ្យភាពសុខដុមរមនា។
នៅក្នុងភូមិហ្វ្រង់កូហ្វូនី មានរៀបចំពន្លាជាតិចំនួន ៧៣ តំណាងឱ្យប្រទេស និងដៃគូហ្វ្រង់កូហ្វូនី, ស្តង់ពិព័រណ៍ ចំនួន ១៣០ ដែលបង្ហាញពីគំនិតផ្តួចផ្តើមរបស់ស្ថាប័ន និងធុរកិច្ច និងភូមិម្ហូបអាហារចំនួន ៣០ស្តង់ ដែលផ្តល់ជូននូវរសជាតិអាហារចម្រុះ មកពីជុំវិញពិភពហ្វ្រង់កូហ្វូនី៕