ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធសហគ្រាសបារាំង ចុះ MoU ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី នៅក្នុងឱកាសនៃវេទិកាធុរកិច្ចហ្វ្រង់កូហ្វូន

image

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធសហគ្រាសបារាំង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ក្នុងក្របខ័ណ្ឌវេទិកាធុរកិច្ចហ្វ្រង់កូហ្វូន ដែលរៀបចំឡើងស្របពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។

ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងក្រោមអធិបតីភាពអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អាស៊ាន និងលោក Patrick Martin ប្រធានសម្ព័ន្ធសហគ្រាសបារាំង ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះក៏មានការចូលរួមធ្វើជាសាក្សីពីសំណាក់តំណាងស្ថានទូតបារាំង វិនិយោគិន និងធុរជនជាតិ-អន្តរជាតិជាច្រើនរូបផងដែរ។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតយន្តការសហប្រតិបត្តិការជាក់ស្តែង និងយូរអង្វែងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដោយផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៤ រួមមាន៖ ១. ការផ្លាស់ប្តូរព័ត៌មានសេដ្ឋកិច្ច និងឱកាសវិនិយោគ ២. ការរៀបចំបេសកកម្មធុរកិច្ច និងវេទិកាផ្គូផ្គងអាជីវកម្ម (B2B) ៣. ការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ និង៤. ការគាំទ្រសហគ្រិនភាព និងការបណ្តុះបណ្តាលធនធានមនុស្ស។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធសហគ្រាសបារាំង ដែលជាស្ថាប័នតំណាងឱ្យក្រុមហ៊ុនធំៗ និងឈានមុខគេរបស់ប្រទេសបារាំង។

អ្នកឧកញ៉ាបានបញ្ជាក់ថា ការចុះហត្ថលេខានាពេលនេះ គឺជាសក្ខីភាពមួយទៀតដែលបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនបារាំង និងសហគមន៍ហ្វ្រង់កូហ្វូន ចំពោះបរិយាកាសវិនិយោគដ៏អំណោយផល ស្ថិរភាពនយោបាយ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។

អ្នកឧកញ៉ាបានបន្ថែមថា សភាពាណិជ្ជកម្មកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាដៃគូដ៏រឹងមាំ ដើម្បីសម្របសម្រួល និងតភ្ជាប់ធុរជនបារាំងទៅនឹងឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា ព្រមទាំងជួយឱ្យពួកគេអាចប្រើប្រាស់កម្ពុជាជាច្រកទ្វារចូលទៅកាន់ទីផ្សារអាស៊ានផងដែរ។

ជាមួយគ្នានេះ លោក Patrick Martin បានគូសបញ្ជាក់ពីចំណាប់អារម្មណ៍របស់សហគ្រាសបារាំងចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរឌីជីថល។ លោកបានលើកឡើងថា កម្ពុជាគឺជាដៃគូសេដ្ឋកិច្ចដ៏មានសក្តានុពលមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងជាមួយសភាពាណិជ្ជកម្មកម្ពុជានាពេលនេះ សហគ្រាសបារាំងនឹងមានយន្តការកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការស្វែងរកដៃគូអាជីវកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលនឹងរួមចំណែកជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងនវានុវត្តន៍៕

រូបភាព៖ អ៊ុន ផាន់ណាត់