ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យធុរជនហ្វ្រង់កូហ្វូនវិនិយោគលើវិស័យអេឡិចត្រូនិក យានយន្ត កែច្នៃអាហារ បច្ចេកវិទ្យា និងថាមពលស្អាត ដែលជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមចក្ខុវិស័យរបស់កម្ពុជា

image

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យវិនិយោគិនបរទេស ជាពិសេសក្រុមហ៊ុនមកពីប្រទេសប្រើប្រាស់ភាសាបារាំង ឱ្យពិចារណាវិនិយោគលើវិស័យអេឡិចត្រូនិក ឧស្សាហកម្មរថយន្ត ការកែច្នៃចំណីអាហារ បញ្ញាសិប្បនិម្មិត (AI) និងថាមពលស្អាតនៅកម្ពុជា ដើម្បីរួមចំណែកជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។

ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានៃវេទិកាធុរកិច្ចហ្វ្រង់កូហ្វូនលើកទី៦ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា បច្ចុប្បន្ន ការនាំចេញរបស់កម្ពុជាពឹងផ្អែកយ៉ាងសំខាន់លើផលិតផលកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ កម្ពុជាចាំបាច់ត្រូវពង្រីកមូលដ្ឋានឧស្សាហកម្ម និងទាក់ទាញការវិនិយោគលើវិស័យដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។

លោកបានគូសបញ្ជាក់ថា វិស័យអេឡិចត្រូនិក សម្ភារអគ្គិសនី ឧស្សាហកម្មរថយន្ត ការកែច្នៃចំណីអាហារ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងថាមពលស្អាត គឺជាវិស័យដែលកម្ពុជាចង់ឃើញមានការវិនិយោគកាន់តែច្រើន ដើម្បីបង្កើតផលិតកម្មទំនើប បង្កើនតម្លៃផលិតផលក្នុងស្រុក និងបង្កើតឱកាសការងារជំនាញសម្រាប់ប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា កម្ពុជាមានកត្តាអំណោយផលជាច្រើនសម្រាប់ការវិនិយោគ រួមមាន សន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងសេដ្ឋកិច្ចដែលប្រើប្រាស់ប្រាក់ដុល្លារអាមេរិកទូលំទូលាយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ប្រកាន់យកគោលនយោបាយគាំទ្រធុរកិច្ច និងចាត់ទុកវិស័យឯកជនជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច ដោយបង្កើតយន្តការសន្ទនាជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រួលដល់ការធ្វើធុរកិច្ច។

ចំណុចពិសេសមួយទៀត គឺកម្ពុជាមានប្រជាជនវ័យក្មេង ដោយជាង៦០% នៃប្រជាជនសរុបមានអាយុក្រោម៣៥ឆ្នាំ។ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេក ទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រចំនួន ១,៥លាននាក់ ដោយមិនគិតថ្លៃសិក្សា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលសិក្សា។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក មានយុវជនជាង២០ម៉ឺននាក់បានទទួលការបណ្តុះបណ្តាលតាមកម្មវិធីនេះ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ច្បាប់ស្តីពីវិនិយោគរបស់កម្ពុជាបានបើកចំហវិស័យសេដ្ឋកិច្ចសម្រាប់វិនិយោគិនបរទេស ដោយអនុញ្ញាតឱ្យមានកម្មសិទ្ធិរហូតដល់១០០% ក្នុងវិស័យជាច្រើន ដែលមិនមានប្រទេសច្រើនទេនៅក្នុងអាស៊ាន ដែលអនុញ្ញាតឱ្យជនបរទេសកាន់កាប់អាជ្ញាប័ណ្ណអាជីវកម្មបាន ១០០% បែបនេះ។ កម្ពុជា ក៏កំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ អាកាសយានដ្ឋាន កំពង់ផែសមុទ្រទឹកជ្រៅ ផ្លូវល្បឿនលឿន និងគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម។

ជាពិសេស ទីតាំងភូមិសាស្ត្ររបស់កម្ពុជាអាចផ្តល់លទ្ធភាពឱ្យវិនិយោគិនចូលទៅកាន់ទីផ្សារអនុតំបន់មេគង្គ ដែលមានអ្នកប្រើប្រាស់ប្រមាណ ២៥០លាននាក់ ទីផ្សារអាស៊ានប្រមាណ៧០០លាននាក់ និងទីផ្សារដៃគូពាណិជ្ជកម្មក្នុងក្របខណ្ឌអាស៊ានបូក ដែលមានអ្នកប្រើប្រាស់សរុបប្រមាណ ២,៣ពាន់លាននាក់។ លើសពីនេះ កម្ពុជា ក៏ទទួលបានអត្ថប្រយោជន៍ពីគម្រោង EBA របស់សហភាពអឺរ៉ុប និងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិកផងដែរ។

ទោះជាយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយ រួមមាន កង្វះកម្លាំងពលកម្មជំនាញក្នុងកម្រិតខ្ពស់ ថ្លៃដឹកជញ្ជូន និងការកែលម្អមុខមាត់កម្ពុជាពាក់ព័ន្ធនឹងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ ហើយរាជរដ្ឋាភិបាល កំពុងបន្តធ្វើកំណែទម្រង់ កាត់បន្ថយនីតិវិធីស្មុគស្មាញ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។

ចំពោះបញ្ហាការឆបោកតាមប្រព័ន្ធអនឡាញ លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា វា មិនមែនកើតឡើងតែនៅកម្ពុជានោះទេ វាគឺជាបញ្ហាសកលដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអនុវត្តច្បាប់នានាជុំវិញពិភពលោក។ ទោះជាយ៉ាងណាកម្ពុជាប្តេជ្ញាយ៉ាងមុតមាំក្នុងការបង្ក្រាប និងលុបបំបាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវឱ្យវិនិយោគិនបរទេសចាប់យកឱកាសធ្វើធុរកិច្ចនៅកម្ពុជា ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀមខ្លួនជួយគាំទ្រវិនិយោគិនចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតដល់ការបង្កើតប្រតិបត្តិការអាជីវកម្មឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «ភាពជោគជ័យរបស់វិនិយោគិន គឺជាភាពជោគជ័យរបស់កម្ពុជា»។

សូមជម្រាបថា សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) បានបើកដំណើរការជាផ្លូវការនូវ «វេទិកាសហគ្រិនហ្វ្រង់កូហ្វូនលើកទី៦» (La REF 2026) កាលពីរសៀលថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «នវានុវត្តន៍៖ កាតាលីករសម្រាប់ចីរភាព និងសមាហរណកម្មនៃសហគមន៍ហ្វ្រង់កូហ្វូន» ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូធុរកិច្ចជាង ១០០០នាក់ មកពីបណ្តាប្រទេសនិយាយភាសាបារាំង និងប្រទេសដៃគូជាង ៤០ប្រទេស ក្នុងទ្វីបអាស៊ី អឺរ៉ុប អាមេរិកខាងជើង និងអាហ្វ្រិក ដើម្បីជួបពិភាក្សាធុរកិច្ច និងជំរុញលំហូរវិនិយោគជាក់ស្តែង ការបណ្តាក់ទុនរួមគ្នា ព្រមទាំងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែនលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ បច្ចេកវិទ្យានិងឌីជីថល កសិ-ឧស្សាហកម្មនិងការកែច្នៃម្ហូបអាហារ ថាមពលស្អាតនិងបរិស្ថាន សំណង់និងអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុនិងការប្រឹក្សាយោបល់ ពាណិជ្ជកម្ម ភស្តុភារកម្មនិងការដឹកជញ្ជូន សុខាភិបាលនិងវេជ្ជសាស្ត្រ ទេសចរណ៍ សណ្ឋាគារនិងភោជនីយដ្ឋាន ការអប់រំនិងការបណ្តុះបណ្តាល និង វិស័យរ៉ែ និងធនធានធម្មជាតិ។

ទន្ទឹមនឹងនេះ ក៏មានកិច្ចពិភាក្សាផ្តោតលើប្រធានបទគន្លឹះសម្រាប់ការរីកចម្រើនក្នុងតំបន់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក ថាមពល ច្រករបៀងពាណិជ្ជកម្មអាស៊ាន-ហ្វ្រង់កូហ្វូនី (ASEAN–Francosphere) ការបណ្តាក់ទុនរួមគ្នា ទីផ្សារឌីជីថល និងក្របខ័ណ្ឌច្បាប់ស្តីពីការការពារការវិនិយោគ៕

អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ អ៊ុន ផាន់ណាត់, ង៉ាន់ សំណាង និងប៉ក់ សុឃីម