លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល ដើម្បីពន្លឿនការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល
ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា បានជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល សន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងធានាថាបច្ចេកវិទ្យាផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ក្នុងសុន្ទរកថាគន្លឹះនៅវេទិកាថ្នាក់រដ្ឋមន្ត្រីស្តីពីរដ្ឋាភិបាលឌីជីថល ក្រោមមូលបទ «ការពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រកបដោយភាពធន់ បរិយាបន្ន និងផ្តោតលើប្រជាពលរដ្ឋ» នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍ FrancoTech 2026 នៅរាជធានីភ្នំពេញ លោក ជា វ៉ាន់ដេត បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបប្រតិបត្តិការរបស់រដ្ឋាភិបាល និងការផ្តល់សេវាសាធារណៈ ខណៈប្រជាពលរដ្ឋ និងធុរកិច្ចកាន់តែមានការរំពឹងទុកលើសេវាកម្មដែលមានល្បឿនលឿន ងាយស្រួល ទទួលបានទូលំទូលាយ និងមានតម្លាភាព។
លោកបានបញ្ជាក់ថា ប្រទេសជាច្រើននៅលើពិភពលោកកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (Digital Public Infrastructure-DPI) ដែលផ្អែកលើអត្តសញ្ញាណឌីជីថល ការទូទាត់ឌីជីថល ការផ្លាស់ប្តូរទិន្នន័យអន្តរប្រតិបត្តិការ និងលិខិតសម្គាល់ឌីជីថលដែលអាចផ្ទៀងផ្ទាត់បាន។ ហេដ្ឋារចនាសម្ព័ន្ធនេះកំពុងក្លាយជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលទំនើប ដូចគ្នានឹងផ្លូវថ្នល់ និងអគ្គិសនីដែលបានជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមធំបំផុតមិនមែនស្ថិតនៅលើការមានបច្ចេកវិទ្យា ឬគ្មានបច្ចេកវិទ្យានោះទេ ប៉ុន្តែស្ថិតនៅលើរបៀបប្រើប្រាស់បច្ចេកវិទ្យាទាំងនោះឱ្យមានប្រសិទ្ធភាព។ ការធ្វើបរិវត្តកម្មឌីជីថលមិនមែនគ្រាន់តែជាការដាក់នីតិវិធីរដ្ឋបាលដែលមានស្រាប់ទៅក្នុងប្រព័ន្ធអនឡាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវកែទម្រង់របៀបប្រតិបត្តិការរបស់រដ្ឋាភិបាល កាត់បន្ថយនីតិវិធីរដ្ឋបាលដែលមិនចាំបាច់ និងធ្វើឱ្យសេវាសាធារណៈកាន់តែងាយស្រួលសម្រាប់ប្រជាពលរដ្ឋ និងធុរកិច្ច។
លោកបានបន្តថា ជោគជ័យនៃការធ្វើបរិវត្តកម្មឌីជីថល មិនគួរវាស់វែងត្រឹមចំនួនសេវាកម្មដែលបានដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធអនឡាញនោះទេ ប៉ុន្តែត្រូវវាស់វែងតាមការកែលម្អគុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងការពង្រឹងទំនុកចិត្តសាធារណៈ។ ក្នុងន័យនេះ កម្ពុជាត្រូវផ្តោតលើអាទិភាពសំខាន់ៗចំនួន៤ រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានសុវត្ថិភាព និងភាពធន់ ដើម្បីការពារអធិបតេយ្យភាពឌីជីថលជាតិ ការលើកកម្ពស់បរិយាបន្នឌីជីថលសម្រាប់ស្ត្រី យុវជន និងសហគមន៍ជនបទ ការបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាព និងទំនុកចិត្ត ព្រមទាំងការពង្រឹងភាពជាដៃគូ ដើម្បីចែករំលែកដំណោះស្រាយឌីជីថល។
លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ការធ្វើបរិវត្តកម្មឌីជីថលមិនត្រូវបង្កើតវិសមភាពថ្មីក្នុងសង្គមនោះទេ ហើយបច្ចេកវិទ្យាត្រូវតែជួយនាំរដ្ឋាភិបាលឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ រួមទាំងអ្នករស់នៅតាមតំបន់ដាច់ស្រយាលផងដែរ។ បទពិសោធន៍របស់កម្ពុជាបានបង្ហាញថា ការធ្វើបរិវត្តកម្មឌីជីថលមិនអាចជោគជ័យដោយពឹងផ្អែកលើបច្ចេកវិទ្យាតែមួយមុខឡើយ ប៉ុន្តែត្រូវការភាពជាអ្នកដឹកនាំនយោបាយដ៏រឹងមាំ ការសម្របសម្រួលរវាងស្ថាប័ន ធនធានមនុស្សមានជំនាញ ទំនុកចិត្តសាធារណៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ដើម្បីពន្លឿនការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៤ រួមមាន ការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ក្នុងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការពង្រឹងការកសាងសមត្ថភាព និងការអភិវឌ្ឍជំនាញឌីជីថល ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ការបង្កើតឃ្លាំងចែករំលែកដំណោះស្រាយឌីជីថលរួម (Digital Solution Repository) និងការជំរុញការវិនិយោគ ព្រមទាំងកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល សន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ។
ជាពិសេស លោកបានលើកឡើងពីសារៈសំខាន់នៃការបង្កើតឃ្លាំងចែករំលែកដំណោះស្រាយឌីជីថល ដោយសាររដ្ឋាភិបាលជាច្រើនប្រឈមនឹងបញ្ហាស្រដៀងគ្នា ហើយជារឿយៗត្រូវចំណាយធនធានច្រើនក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថលដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ តាមរយៈការចែករំលែកដំណោះស្រាយដែលបានសាកល្បង និងបង្ហាញប្រសិទ្ធភាពរួចហើយ ប្រទេសនានាអាចកាត់បន្ថយការអភិវឌ្ឍប្រព័ន្ធស្ទួន កាត់បន្ថយចំណាយ ពន្លឿនការអនុវត្ត និងពង្រីកឱកាសទទួលបានអត្ថប្រយោជន៍ពីបរិវត្តកម្មឌីជីថល។
ក្នុងឱកាសនោះ លោក ជា វ៉ាន់ដេត បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការចែករំលែកបទពិសោធន៍ រួមចំណែកដំណោះស្រាយឌីជីថល និងរៀនសូត្រពីដៃគូអន្តរជាតិ ព្រមទាំងបន្តប្តេជ្ញាចិត្តកសាងរដ្ឋាភិបាលឌីជីថលទំនើប មានតម្លាភាព ប្រសិទ្ធភាព និងផ្តោតលើប្រជាពលរដ្ឋ។
លោកបានសង្កត់ធ្ងន់លើគោលការណ៍សំខាន់មួយថា «បច្ចេកវិទ្យាត្រូវបម្រើមនុស្ស មិនមែនមនុស្សត្រូវបម្រើបច្ចេកវិទ្យានោះទេ»។ គោលដៅរួមមិនគួរគ្រាន់តែជាការកសាងប្រព័ន្ធឌីជីថលកាន់តែទំនើបប៉ុណ្ណោះទេ ប៉ុន្តែត្រូវកសាងរដ្ឋាភិបាលដែលកាន់តែមានការឆ្លើយតប បរិយាបន្ន និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។
លោកបានសម្តែងក្តីសង្ឃឹមថា វេទិកានេះនឹងមិនបញ្ចប់ត្រឹមការផ្លាស់ប្តូរគំនិត និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែនឹងនាំទៅរកភាពជាដៃគូជាក់ស្តែង កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការចែករំលែកដំណោះស្រាយឌីជីថល ដើម្បីធានាថាបរិវត្តកម្មឌីជីថលផ្តល់អត្ថប្រយោជន៍មិនត្រឹមតែដល់រដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់កសិករ សិស្សនិស្សិត សហគ្រិន សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបផងដែរ៕