ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម នឹងសម្រេចគោលដៅ២០ពាន់លានដុល្លារ ខណ:ភាគីទាំងពីរប្ដេជ្ញារពង្រឹងកិច្ចសហប្រតិបត្ដិការលើវិស័យអប់រំ នយោបាយ ពិសេសសន្ដិសុខតាមព្រំដែន

image

ឭភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាវិមានសាមគ្គីភាព ព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឺទ្ធសភា បានឲ្យដឹងក្រោយជំនួបថាសម្ដេចបានចាត់ទុកវត្តមានរបស់លោក តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់កម្ពុជានៅពេលនេះ គឺជាការផ្ដល់កិត្តិយសនិងបង្ហាញនូវការផ្ដល់តម្លៃចំពោះទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ជាពិសេសនោះគឺការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី ហើយសម្ដេចតេជោក៏បានឆ្លៀតសរសើរអំពីវឌ្ឍនភាពនៃការរីកចម្រើនសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។

លោក តូ ឡឹម (TO Lam) បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ហើយលោក បានចាត់ទុកសម្ដេចតេជោ គឺជាមិត្ដដ៏ពិសេស និងស្និទស្នាលរបស់វៀតណាម។ស្របជាមួយគ្នាឯកឧត្ដមក៏បានអបអរសាទរចំពោះភាពរីកចម្រើនជាបន្ដបន្ទាប់របស់កម្ពុជា និងអបអរកម្ពុជាដែលបានរៀបចំកិច្ចប្រជុំISC កាលពីពេលកន្លងទៅបានជោគជ័យ និងបន្ដធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលបានបង្ហាញពីតួនាទីរបស់កម្ពុជាលើឆាកអន្ដរជាតិ ពិសេសជាលើកកិត្យានុភាពរបស់កម្ពុជាផងដែរ។
លោក ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជាបន្ថែមទៀត ដែលភាគីទាំងពីរត្រូវធ្វើជាមួយគ្នាជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចវិស័យ អប់រំ និងទំនាក់ទំនងនៅតាមបណ្ដាព្រំដែននៃប្រទេសទាំងពីរ។

សម្ដេចតេជោបានសម្ដែងការឯកភាពចំពោះការលើកឡើង ជាពិសេសពេញចិត្តការលើកឡើងរបស់លោកជុំវិញទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ទន្ទឹមនឹងនេះសម្ដេចតេជោ ក៏បានលើកឡើងថាកម្ពុជា-វៀតណាម គឺជាប្រទេសដែលមានប្រវត្តិជាអ្នកជិតខាងល្អ ហើយតែងតែជួយគ្នាទៅវិញទៅមក។

ស្របជាមួយគ្នានេះ សម្ដេចតេជោ បានកត់សម្គាល់ និងពេញចិត្តយ៉ាងខ្លាំង នោះគឺទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានការកើនឡើងជាបន្ទាប់បន្ទាប់ ដែលមកដល់ពេលនេះប្រទេសទាំងពីរមានទំហំពាណិជ្ជកម្មកើនឡើងជាង១០ពាន់លានដុល្លារ ហើយគោរដៅទៅមុខទៀតដែលភាគីទាំងពីរចង់សម្រេចឲ្យបាន២០ពាន់លានដុល្លារនៅពេលខាងមុខ។ ការដែលភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចនេះគឺជាការឆ្លុះបញ្ចាំងអំពីការបំពេញឲ្យគ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ច ឧទាហរណ៍ដូចជាកម្ពុជានាំចេញស្វាយចន្ទីទៅកាន់ប្រទេសវៀតណាម ដែលវៀតណាមគឺជាប្រទេសដែលពូកែកាយឆ្នៃ ហើយកម្ពុជាបាននាំចេញស្វាយចន្ទីដ៏ច្រើនដែលមានប្រមាណមួយលានតោក្នុងមួយឆ្នាំទៅកាន់ប្រទេសវៀតណាម។

ទន្ទឹមនេះសម្ដេចតេជោក៏សម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្ដិការនៅតាមព្រមដែនរវាងប្រទេសទាំងពីរធ្វើយ៉ាងណាឲ្យអាជ្ញាធរ ឬក៏ស្ថាប័នថ្នាក់ក្រោមជាតិនៅតាមព្រំដែននៃកម្ពុជា-វៀតណាមបន្តនូវការរឹតចំណងមិត្តភាពជាមួយគ្នានិងសហការគ្នាបន្ថែមទៀតដើម្បីលើកកម្ពស់នូវការផ្ដល់ផលប្រយោជន៍ដល់ទំនាក់ទំនងជារួមសម្រាប់កម្ពុជានិងវៀតណាមក៏ដូចជាផលប្រយោជន៍សម្រាប់ប្រជាជននៅមូលដ្ឋានរវាងប្រទេសទាំងពីរផងដែរ។

ភាគីទាំងពីរក៏ជជែកគ្នា ទៅលើវិស័យមួយចំនួនទៀតពាក់ព័ន្ធទៅនឹងវិស័យអប់រំ កិច្ចសហប្រតិបត្ដិការពាក់ព័ន្ធទៅនឹងនយោបាយ កិច្ចការក្របខណ្ឌនយោបាយនៃប្រទេសទាំងពីរដែលធ្វើជាមួយគ្នានាពេលកន្លងមក និងបន្ដអនុវត្តបន្ថែមនូវអ្វីដែលជាការសម្រេចបាន កាលពីកិច្ចប្រជុំគណបក្សនៅក្នុងខែកុម្ភៈឆ្នាំ២០២៦ កន្លងទៅ៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង