ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ជំរុញការបោះបង្គោលព្រំដែន រវាងកម្ពុជា-ឡាវ ដែលនៅសល់ប្រមាណ១៤% ឲ្យសម្រេចបានជោគជ័យ នៅពេលខាងមុខ

image

ភ្នំពេញ៖ នារសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Thongloun Sisoulith ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាវិមានសាមគ្គីភាព ព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឺទ្ធសភា បានឲ្យដឹងក្រោយជំនួបថា សម្ដេចតេជោ បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់លោកមកកាន់ប្រទេសកម្ពុជាសារជាថ្មីដោយនៅឆ្នាំ២០២៦នេះ សម្ដេចតេជោបានជួបជាមួយនឹងឯកតំថងលួនស៊ីសេលីតចំនួន២ ដងហើយ កាលពីដើមឆ្នាំនៅខែកុម្ភៈ ហើយលើកនេះជាលើកទី២។
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកវត្តមានរបស់លោកមកកាន់កម្ពុជានៅពេលនេះគឺបង្ហាញពីការផ្ដល់តម្លៃខ្ពស់ដល់ទំនាក់ទំនងរវាងកម្ពុជានិងឡាវ និងការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូនី។

នៅក្នុងឱកាសនោះ លោក Thongloun Sisoulith  បានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជានិងឡាវកំពុងដំណើរការល្អ ជាពិសេសនោះគឺការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចនៃប្រតិភូនៃប្រទេសទាំងពីរយ៉ាងសកម្មនៅក្នុងឆ្នាំ ២០២៦ ស្របពេលដែលឆ្នាំ២០២៦ នេះគឺជាខួប៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា-ឡាវ។
ទន្ទឹមនេះលោក ក៏បានអបអរសាទរដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើលទី២០ និងជូនពរឲ្យកិច្ចប្រជុំដំណើរការទៅដោយជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្ដ ជុំវិញវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ឡាវ ដោយសម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំនេះភាគីទាំងពីរបានសហការគ្នាយ៉ាងសកម្ម ជាពិសេសគឺការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចគ្នាទៅវិញទៅមករវាងប្រតិភូជាន់ខ្ពស់ និងយុវជននៃបណ្ដាប្រទេសទាំងពីរដែលបង្ហាញពីកិច្ចសហប្រតិបត្ដិការណ៍ដ៏រឺងមាំ រវាងកម្ពុជានិងឡាវ។

ស្របជាមួយគ្នានេះ សម្ដេចតេជោក៏បានលើកឡើងពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្ដិការនៅតាមព្រំដែនរវាងកម្ពុជា-ឡាវ ពិសេសគឺការជំរុញនូវការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសល់១៤% នោះឲ្យសម្រេចបានជោគជ័យនៅពេលខាងមុខ៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង