ព័ត៌មានជាតិ

ទីស្តីការគណៈរដ្ឋមន្រ្តី និងធនាគារពិភពលោក បើកកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្តីពីពាណិជ្ជកម្ម ជំនាញ និងគោលនយោបាយសារពើពន្ធ ក្នុងបរិបទពិភពលោកកំពុងបែកបាក់

image

ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញបើក និងដឹកនាំកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្តីពីពាណិជ្ជកម្ម ជំនាញ និងគោលនយោបាយសារពើពន្ធ ក្នុងបរិបទពិភពលោកកំពុងបែកបាក់៖ បច្ច័យសម្រាប់កម្ពុជា (Trade, Skills and Fiscal Policy in a Fragmenting World: Implications for Cambodia) ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC), គណៈ
កម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (TPAB) និងធនាគារពិភពលោក (WB) ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់មកពីក្រសួងស្ថាប័នពាក់ព័ន្ធ, មន្រ្តីជាន់ខ្ពស់និងសេដ្ឋវិទូល្បីៗនៃ WB និងដៃគូអភិវឌ្ឍន៍ ព្រមទាំងអ្នកជំនាញការជាតិ-អន្តរជាតិជាច្រើនរូប។

ក្នុងប្រសាសន៍បើកកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់នេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងច្រើនពីប្រព័ន្ធពាណិជ្ជកម្មដែលបើកចំហរ តាមរយៈការចូលទៅកាន់ទីផ្សារអន្តរជាតិធំៗ, ការទាញវិនិយោគផ្ទាល់ពីបរទេស, ការកសាងឧស្សាហកម្មនាំចេញដ៏រស់រវើក, ការបង្កើតការងារ ព្រមទាំងការកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។ យ៉ាងណាមិញ លោក បានសង្កត់ធ្ងន់ថា មូលដ្ឋានគ្រឹះនៃការប្រកួតប្រជែងសកលកំពុងតែផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ហើយការសម្រេចចិត្តវិនិយោគ និងពាណិជ្ជកម្មកំពុងទទួលរងឥទ្ធិពលកាន់តែច្រើនឡើងពីកត្តាភូមិសាស្ត្រនយោបាយ ដែលកាន់តែតានតឹង, និន្នាការគាំពារនិយម និងសន្តិសុខខ្សែច្រវាក់ផ្គត់ផ្គង់។ ទន្ទឹមនេះ ការរីកចម្រើនយ៉ាងគំហុកនៃបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិម្មិត (AI) ក៏កំពុងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ខណៈបរិយាកាសនិងស្តង់ដាទីផ្សារកាន់តែតឹងរឹងជាងមុន បាននាំឱ្យធ្វើពាណិជ្ជកម្មកាន់តែពិបាកជាងមុនផងដែរ។ ក្នុងបរិការណ៍នេះ កម្ពុជាត្រូវតែបន្តរក្សាគោលនយោបាយបើកចំហ ក៏ប៉ុន្តែត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រប្រកួតប្រជែងរបស់ខ្លួន ដោយងាកមកពង្រឹងផលិតភាព, ជំនាញ, ភាពជឿទុក ចិត្តបាន និងសមត្ថភាពស្ថាប័នរឹងមាំ ជាជាងការពឹងផ្អែកតែទៅលើប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកម្លាំងពលកម្មតម្លៃទាបដូចមុនទៀត។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលកំពុងជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្ត ចំនួន ៥ គឺ៖ ការធានាឱ្យបាននូវអត្រាកំណើនមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧%, ការបង្កើតការងារឱ្យបានកាន់តែច្រើន, ការកាត់បន្ថយភាពក្រីក្រ, ការពង្រឹងសមត្ថភាពស្ថាប័ន និងចីរភាពនៃការអភិវឌ្ឍ។ យ៉ាងណាម៉ិញ, សន្ទុះកំណើនថមថយប៉ុន្មានឆ្នាំជាប់ៗគ្នានេះ បាននិងកំពុងបង្កជាបញ្ហាប្រឈមក្នុងការឆ្ពោះទៅសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តខាងលើនេះ។ ពិតណាស់កម្ពុជានឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៩ ក៏ប៉ុន្តែការសម្រេចបាននូវបង្គោលចរនេះ ក៏ក្លាយជាការសាកល្បងចំពោះសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាវិញផងដែរ ព្រោះពេលនោះកម្ពុជានឹងលែងទទួលបាននូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដូចមុនទៀត។ ការណ៍នេះ ទាមទារឱ្យកម្ពុជាត្រូវត្រៀមលក្ខណៈឱ្យបានល្អ ដោយមិនអាចបង្អែបង្អង់រង់ចាំបានទៀតឡើយ ជាពិសេសការខិតខំពង្រឹងនូវអ្វីដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង ដូចជាការកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច, ការលើកកម្ពស់សមត្ថភាពសហគ្រាសក្នុងស្រុក និងការបង្កើនប្រសិទ្ធភាពក្នុងស្ថាប័នសាធារណៈ។

 លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងផងដែរថា បរិបទបច្ចុប្បន្នទាមទារឱ្យយើងត្រូវជជែកគ្នាអំពីវិស័យពាណិជ្ជកម្ម ជំនាញ និងគោលនយោបាយសារពើពន្ធ ក្នុងកញ្ចប់តែមួយ ព្រោះវិស័យទាំងបីនេះ មានអន្តរកម្ម និងពឹងផ្អែកលើគ្នាទៅវិញទៅមក។ ជាក់ស្តែង ការវិនិយោគមិនអាចឈានទៅដល់វិស័យដែលមានតម្លៃបន្ថែមខ្ពស់បានឡើយ ប្រសិនបើខ្វះពលករជំនាញ តែការអភិវឌ្ឍជំនាញក៏មិនសូវបានផល ឬក៏មិនជោគជ័យដែរ ប្រសិនបើធុរកិច្ចមិនអាចបង្កើតការងារសមរម្យបាន ឬក៏ការប្រើប្រាស់ធនធានសាធារណៈមិនបានល្អ។ ឯកឧត្តមបន្តថា យើងត្រូវវាស់វែងវឌ្ឍនភាពក្នុងវិស័យពាណិជ្ជកម្មឱ្យលើសពីតួលេខនៃទំហំការនាំចេញ ពោលគឺត្រូវ

ពិនិត្យលើកត្តាតម្លៃបន្ថែមក្នុងស្រុក (Domestic Value Added), ការចូលរួមផ្គត់ផ្គង់ក្នុងខ្សែច្រវាក់ផលិតកម្មដោយសហគ្រាសកម្ពុជា, ការផ្ទេរបច្ចេកវិទ្យា និងគុណភាពការងារផងដែរ។ ដោយឡែក ចំពោះការអភិវឌ្ឍជំនាញ កម្ពុជាត្រូវលើកកម្ពស់ និងពង្រឹងគុណភាពនៃការអប់រំ, ប្រសិទ្ធភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងជំនាញកម្រិតខ្ពស់ស្របតាមតម្រូវការរបស់និយោជក និងសកម្មភាព វិនិយោគថ្មីៗ។ កិច្ចការនេះ ទាមទារឱ្យមានការសហការពីនិយោជក ដោយរាជរដ្ឋាភិបាលផ្តោតលើការតម្រង់ទិសនិងជំរុញការលើកកម្ពស់ស្តង់ដាជំនាញ ផលិត ភាព និងសមត្ថភាពរបស់កម្មករ-និយោជិត។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា ក្នុងទិដ្ឋភាពគោលនយោបាយសារពើពន្ធ, កម្ពុជាមិនត្រឺមតែត្រូវបន្តការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យបានគត់ម៉ត់ ពិសេសត្រូវបន្តគ្រប់គ្រងស្ថានភាពបំណុលសាធារណៈឱ្យមានចីរភាព និងហានិភ័យកម្រិតទាបប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបង្កើនការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យអប់រំ សុខាភិបាល ការគាំពារសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាដើម ដើម្បីសម្រេចមហិច្ឆតាកំណើនខ្ពស់។ ពិតណាស់យើងពិបាករកប្រភពហិរញ្ញប្បទាន សម្រាប់គាំទ្រដល់ការវិនិយោគក្នុងវិស័យអាទិភាពទាំងនេះ ដោយសារប្រភពចំណូលក្នុងស្រុកនៅមានកម្រិត ខណៈប្រភពហិរញ្ញប្បទានដែលមានកម្រិតសម្បទានខ្ពស់កាន់តែរីងស្ងួត។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងក៏នៅតែអាចបង្កើនការវិនិយោគលើវិស័យអាទិភាពទាំងនេះបាន ទន្ទឹមការបន្តធានារក្សាបាននូវស្ថេរភាព និងចីរភាពនៃហិរញ្ញវត្ថុសាធារណៈ តាមរយៈ៖ (១).លើកកម្ពស់គុណភាព និងប្រសិទ្ធភាពចំណាយ ទាំងក្នុងកម្រិតវិភាជន៍ ទាំងក្នុងកម្រិតប្រតិបត្តិការ ពិសេសកការកាត់បន្ថយការធ្លុះធ្លាយ (២).ពង្រឹងគុណភាពនៃការកៀរគរចំណូល និង (៣).បន្តប្រកាន់ខ្ជាប់នូវវិន័យសារពើពន្ធក្នុងរយៈពេលមធ្យម រួមទាំងបន្តរក្សាឱ្យបាននូវលំហថវិកាក្នុងកម្រិតមួយសមស្រប។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ការអនុវត្តជាក់ស្តែង (Implementation) គឺជាចំណុចផ្សារភ្ជាប់ដ៏សំខាន់បំផុតនៃវិស័យទាំងបីខាងលើនេះ ហើយកិច្ចសហការ ការសម្របសម្រួល និងភាពជាម្ចាស់របស់ក្រសួងស្ថាប័នសាមីទទួលបន្ទុក គឺជាចំណុចគន្លឹះ។ ឯកឧត្តមក៏បានសម្តែងនូវជំនឿយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយនាពេលនេះ នឹងផ្តល់នូវធាតុចូលដ៏មានតម្លៃក្នុងការតម្រឹម និងកែសម្រួលទិសដៅយុទ្ធសាស្ត្រ ក៏ដូចជាអភិក្រមនៃការអនុវត្តការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែចំគោលដៅ ខ្លាំងក្លា និងមានសហថាមភាពខ្ពស់៕