ពលរដ្ឋស្នេីដល់មន្ត្រីជំនាញ និងអាជ្ញាធរ ចុះអន្តរាគមន៍បន្ទាន់ ក្រោយរោងចក្រផលិត មេសាប៊ូ អុសាវែល បញ្ចេញកាកសំណល់បំពុលបរិស្ថាន
កំពង់ស្ពឺ៖ រោងចក្រផលិតអូសាវែល(មេសាប៊ូ) មួយកន្លែង ស្ថិតក្នុងភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺប្រជាពលរដ្ឋក្នុងមូលដ្ឋាន កំពុងរិះគន់យ៉ាងខ្លាំង និងទទូចដល់មន្ត្រីជនាញចុះពិនិត្យ និងអន្តរាគមន៍បន្ទាន់ ក្រោយរោងចក្រមួយនេះ បញ្ចេញកាកសំណល់មកទីសាធារណៈ និងបង្កឱ្យមាក្លិនស្អុយប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានជំវិញ។
លោក សេក បូរ៉ា ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងរោងចក្របានប្រាប់ថា រោងចក្របានបង្ហូរទឹកសំណល់ ឬទឹកស្អុយចូលទៅក្នុងប្រភពទឹកសាធារណៈ ដែលធ្វើឱ្យខូចគុណភាពបរិស្ថានទឹក និងប៉ះពាល់ធ្ងន់ធ្ងរដល់ការអាស្រ័យផលធ្វើស្រូវរបស់ប្រជាពលរដ្ឋ។ ក្លិនបានសាយភាយទៅដល់មូលដ្ឋានរស់នៅរបស់ពលរដ្ឋពិបាកក្នុងការដកដង្ហើម។
ជាមួយគ្នានេះដែរ អ្នកស្រី សេង លក្ខិណា ប្រជាពលរដ្ឋក្នុងភូមិនេះ ដែលរងផលប៉ះពាល់ដែរនោះក៏បានសំណូមពដល់អាជ្ញាធរ ពាក់ព័ន្ធ ពិសេសមន្ទីរជំនាញ ឱ្យចុះត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះរោងចក្រខាងលើ ដើម្បីការពារបរិស្ថាន សុខភាពសាធារណៈ និងធានាដល់ការអាស្រ័យផលស្រូវរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យទាន់ពេលវេលា។
ទាក់ទងនឹងបញ្ហានេះ លោក ឈុន ឈៀងហេង ប្រធានការិយាល័យគាំពារនរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានឱ្យដឹងនៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា មន្ទីរបានចាត់មន្ត្រីជំនាញរួចហើយ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យជាក់ស្តែងលើទីតាំងដែលរងការរិះគន់នោះនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីរកឱ្យឃើញពីមូលហេតុ និងណែនាំឱ្យម្ចាស់រោងចក្រធ្វើការកែប្រែអនុលោមតាមច្បាប់បរិស្ថានធ្វើយ៉ាងបញ្ជៀសផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន៕
អត្ថបទ៖ ប៊ុត សារុន