អ្នកជំនាញវប្បធម៌ ប្រកាសបេីកបង្ហាត់បង្រៀនកូនខ្មែរឱ្យចេះធ្វើ «ខ្លែងឯក»
កំពង់ឆ្នាំង៖ «ខ្លែងឯក» ជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលបង្កប់នូវចំណេះដឹង ជំនាញបច្ចេកទេស និងអត្តសញ្ញាណប្រពៃណីរបស់ដូនតាខ្មែរ។ ការថែរក្សា និងបន្តផ្សព្វផ្សាយសិល្បៈនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការបន្តដង្ហើមមរតកវប្បធម៌ជាតិឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ក្នុងស្មារតីនេះ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ដោយសហការជាមួយនាយកដ្ឋានជំរុញផលិតផលវប្បធម៌ច្នៃប្រតិដ្ឋ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធី «ការប្រកួតប្រជែងខ្លែងឯក និងម្ហូបអាហារប្រពៃណី» ដែលបានប្រព្រឹត្តទៅនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ដើម្បីត្រៀមលក្ខណៈសម្រាប់ការរៀបចំកម្មវិធីនេះឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ក្រុមការងាររៀបចំកម្មវិធីនឹងរៀបចំ សិក្ខាសាលាស្តីពីការបង្ហាត់បង្រៀនធ្វើខ្លែងឯក រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រឡាច ចាប់ពីម៉ោង ០៨:៣០ នាទីព្រឹក ដល់ម៉ោង ១៧:០០ នាទីរសៀល។
សិក្ខាសាលានេះ នឹងផ្តល់ឱកាសដល់សាធារណជន និងសិស្សានុសិស្សក្នុងស្រុកកំពង់ត្រឡាច បានស្វែងយល់ និងទទួលការបណ្តុះបណ្តាលដោយផ្ទាល់អំពីចំណេះដឹង និងបច្ចេកទេសត្រឹមត្រូវក្នុងការធ្វើខ្លែងឯក ពីសំណាក់មន្ត្រីជំនាញនៃនាយកដ្ឋានជំរុញផលិតផលវប្បធម៌ច្នៃប្រតិដ្ឋ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នាយកដ្ឋានជំរុញផលិតផលវប្បធម៌ច្នៃប្រតិដ្ឋ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា «ការប្រកួតប្រជែងខ្លែងឯក និងម្ហូបអាហារប្រពៃណី» សាធារណជន និងសិស្សានុសិស្សទាំងអស់ ចូលរួមក្នុងសិក្ខាសាលានេះ ដើម្បីរួមគ្នាអភិរក្ស លើកស្ទួយ និងបន្តផ្សព្វផ្សាយសិល្បៈធ្វើខ្លែងឯក ដែលជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ឱ្យបន្តរស់រវើក និងរីកសាយភាយទៅកាន់យុវជនជំនាន់ក្រោយ។ ដូចនេះត្រូវ «ចូលរួមរៀន ចូលរួមធ្វើ និងចូលរួមថែរក្សា»៕