ព័ត៌មានជាតិ

ធនាគារ វីងរបស់អ្នកឧកញ៉ា គិត ម៉េង និងបុរី ហ្គោលដេន ផាក សហការផ្តល់ជូនការបញ្ចុះតម្លៃពិសេសលើការទិញផ្ទះ នឹងទទួលបានការបញ្ចុះតម្លៃ ១,៧% សម្រាប់លំនៅឋានចំនួន ៩៩យូនីត

image

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ធនាគារ វីង (ខេមបូឌា) ម.ក និង បុរី ហ្គោលដេន ផាក បានចុះហត្ថលេខាជាផ្លូវការលើភាពជាដៃគូជាយុទ្ធសាស្ត្រ ដើម្បីផ្តល់ជូនអតិថិជន និងបុគ្គលិកធនាគារ វីង ទាំងអស់នូវការបញ្ចុះតម្លៃ ១,៧% សម្រាប់ការទិញផ្ទះចំនួន ៩៩យូនីតនៅបុរី ហ្គោលដេន ផាក ព្រមទាំងផ្តល់ជូនឥណទានគេហដ្ឋាន និងសេវាធនាគារឌីជីថល សម្រាប់អតិថិជនក្នុងការទិញផ្ទះក្នុងក្តីស្រមៃបានយ៉ាងរលូន។ ការផ្តល់ជូនដ៏ពិសេសនេះ គឺសម្រាប់តែអតិថិជនដែលអញ្ជើញមកមុនគេតែប៉ុណ្ណោះ។
 
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង, អ្នកឧកញ៉ា តេង ហឿង ប្រធានក្រុមប្រឹក្សាភិបាលនៃបុរី ហ្គោលដេន ផាក និង លោកជំទាវ លឹម ឡាង ប្រធានអគ្គនាយិកានៃបុរី ហ្គោលដេន ផាក ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផង។
 
បច្ចុប្បន្ន អតិថិជនរបស់ធនាគារ វីង ជាច្រើនកំពុងប្រើប្រាស់មុខងារសន្សំប្រាក់របស់ធនាគារ វីង ដើម្បីត្រៀមខ្លួនសម្រាប់គោលដៅហិរញ្ញវត្ថុធំៗក្នុងជីវិត។ ជាក់ស្តែង គណនីសន្សំដើម្បីគោលដៅជាង ១០០.០០០គណនី កំពុងជួយអតិថិជនក្នុងការសន្សំប្រាក់សម្រាប់សមិទ្ធផលផ្សេងៗ រួមទាំងផែនការដែលទាមទារការសន្សំរយៈពេលវែងផងដែរ។
 
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា ការទិញផ្ទះ មិនមែនគ្រាន់តែជារឿងស្វែងរកលំនៅឋានដែលស័ក្តិសមនោះទេ ប៉ុន្តែវាក៏ទាមទារឱ្យមានផែនការហិរញ្ញវត្ថុដ៏រឹងមាំមួយ ចាប់តាំងពីការបង់ប្រាក់លើកដំបូង រហូតដល់ថ្ងៃដែលក្លាយជាម្ចាស់ផ្ទះពេញសិទ្ធិ។ យើងខ្ញុំជឿជាក់ថា ភាពជាដៃគូនេះ នឹងផ្តល់នូវដំណោះស្រាយជាក់ស្តែងមួយ ដែលជួយឱ្យដំណើរនៃការទិញផ្ទះរបស់ក្រុមគ្រួសារកាន់តែមានភាពងាយស្រួល និងរលូនជាងមុន។
 
លោកជំទាវ លឹម ឡាង ប្រធានអគ្គនាយិកានៃបុរី ហ្គោលដេន ផាក បានមានប្រសាសន៍ផងដែរថា ការសម្រេចចិត្តជ្រើសរើសការទិញផ្ទះ គឺជារឿងដ៏សំខាន់បំផុតសម្រាប់គ្រួសារនីមួយៗ។ តាមរយៈភាពជាដៃគូជាមួយធនាគារ វីង អតិថិជននឹងមានជម្រើសហិរញ្ញវត្ថុបន្ថែម រួមជាមួយការផ្តល់ជូនពិសេសពី បុរី ហ្គោលដិន ផាក ដែលអាចជួយឱ្យការរៀបចំផែនការ និងដំណើរការទិញផ្ទះ កាន់តែងាយស្រួល និងសមស្របទៅតាមតម្រូវការរបស់ពួកគាត់។
 
ធនាគារ វីង និង បុរី ហ្គោលដេន ផាក នឹងបន្តសហការគ្នាយ៉ាងស្អិតរមួត លើសកម្មភាពទីផ្សាររួមគ្នា ក៏ដូចជាការអភិវឌ្ឍអាជីវកម្មផ្សេងៗទៀតផងដែរ។ គិតត្រឹមពេលនេះ ទំហំឥណទានគេហដ្ឋានរបស់ធនាគារ វីង ដែលបានផ្តល់ជូនអតិថិជនមានចំនួន ២០,៥លានដុល្លារអាម៉េរិក។ ក្នុងនាមជាធនាគារពាណិជ្ជដែលមានភាគទុនិកជាជនជាតិខ្មែរ ១០០% ធនាគារ វីង បានបម្រើប្រជាពលរដ្ឋកម្ពុជាអស់រយៈពេលជាង ១៨ ឆ្នាំមក ហើយបានវិវឌ្ឍខ្លួនស្ថិតក្នុងចំណោមធនាគារពាណិជ្ជកម្មធំជាងគេទាំង ៥ នៅកម្ពុជា។
 
គិតត្រឹមខែតុលា ឆ្នាំ២០២៦ ធនាគារ វីង គ្រប់គ្រងប្រាក់បញ្ញើអតិថិជនរហូតដល់ ៣,៣ ពាន់លានដុល្លារអាមេរិក ខណៈទំហំឥណទានសរុបមានចំនួន ២,៧៨ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ ឥណទានគេហដ្ឋាន មានចំណែកតិចជាង ១% នៃផលបត្រឥណទានសរុប។ លើសពីនេះ ធនាគារ វីង ក៏បានសម្រួលដល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុសរុបជាង ៦៣៣លានប្រតិបត្តិការ ដែលគិតជាទឹកប្រាក់ស្មើនឹងប្រមាណ ៥៥ពាន់លានដុល្លារអាម៉េរិក។
 
សូមជម្រាបថា សម្រាប់អតិថិជនកំពុងមានគម្រោងទិញផ្ទះនៅ បុរី ហ្គោលដេន ផាក សូមទំនាក់ទំនងមកកាន់ធនាគារ វីង តាមរយៈលេខទូរសព្ទ ០២៣ ៩៩៩ ៩៨៩ ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ដែលនៅជិតលោកអ្នកបំផុត ដើម្បីប្រឹក្សាយោបល់អំពីលក្ខខណ្ឌ និងជម្រើសហិរញ្ញវត្ថុដ៏ល្អៗជាច្រើនទៀត៕
 
អត្ថបទ៖ ចេង ឆហួត រូបភាព៖ កែវ ភិរុណ, អ៊ុន ផាន់ណាត់