កម្ពុជា បន្តពង្រឹងកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយផ្តោតលើការលើកកម្ពស់អាហារូបត្ថម្ភ និងការចូលរួមពីវិស័យឯកជន
ភ្នំពេញ៖ កម្ពុជាកំពុងបន្តពង្រឹងកម្មវិធីផ្តល់អាហារតាមសាលារៀនជាបណ្តើរៗ ដើម្បីឈានទៅរកភាពជាម្ចាស់ពេញលេញ ដោយរដ្ឋាភិបាលមានគោលដៅទទួលខុសត្រូវទាំងស្រុងលើកម្មវិធីនេះចាប់ពីឆ្នាំ២០២៨។ ទន្ទឹមនឹងនេះ ការលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារ មិនមែនអាស្រ័យតែលើអាហារដែលផ្តល់នៅក្នុងសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងបរិយាកាសជុំវិញសាលារៀន អាហារដែលដាក់លក់ អាជីវកម្មផ្គត់ផ្គង់ចំណីអាហារ និងលទ្ធភាពទទួលបានទឹកស្អាត អនាម័យ ព្រមទាំងផលិតផល និងសេវាកម្មដែលមានសុវត្ថិភាពផងដែរ។
បញ្ហាអាហារូបត្ថម្ភនៅតែជាកង្វល់ចម្បងមួយនៅកម្ពុជា។ យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ កុមារអាយុពី៦ ដល់២៣ខែ ត្រឹមតែ៤២%ប៉ុណ្ណោះដែលទទួលបានរបបអាហារអប្បបរមាដែលអាចទទួលយកបាន ខណៈតួលេខនេះធ្លាក់ចុះមកត្រឹម៣៥% ក្នុងចំណោមកុមាររស់នៅតំបន់ជនបទ។ លើសពីនេះ កុមារអាយុក្រោម៥ឆ្នាំម្នាក់ក្នុងចំណោម៥នាក់ មានបញ្ហាក្រិសក្រិន និងម្នាក់ក្នុងចំណោម១០នាក់ មានបញ្ហាស្គមស្គាំង។
បញ្ហាប្រឈមទាំងនេះបណ្តាលមកពីកត្តាប្រទាក់ក្រឡាគ្នាជាច្រើន រួមមាន សន្តិសុខសេដ្ឋកិច្ចគ្រួសារ សុខភាព និងស្ថានភាពអាហារូបត្ថម្ភរបស់មាតា ភាពចម្រុះនៃរបបអាហារនៅមានកម្រិត ការអនុវត្តការផ្តល់អាហារដល់ទារក និងកុមារតូចមិនទាន់បានត្រឹមត្រូវ ព្រមទាំងកង្វះលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ (WASH)។
ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលថ្មីៗនេះ លោក Reed Peterson អគ្គនាយកប្រតិបត្តិអង្គការ iDE បានជួបជាមួយពាណិជ្ជករ អ្នកផលិតចំណីអាហារ និងម្ចាស់អាជីវកម្មម្ហូបអាហារក្នុងស្រុកមួយចំនួន ដែលកំពុងចូលរួមក្នុងវិស័យផ្សេងៗនៃប្រព័ន្ធអាហារូបត្ថម្ភ ចាប់ពីផលិតកម្មកសិកម្ម ការកែច្នៃអាហារ ការផ្តល់អាហារតាមសាលារៀន រហូតដល់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។
លោក Reed Peterson បានមានប្រសាសន៍ថា ការលើកកម្ពស់អាហារូបត្ថម្ភតម្រូវឱ្យមានការយកចិត្តទុកដាក់លើសពីការផលិតអាហារ និងការផ្តល់អាហារតាមសាលារៀន ដោយមិនអាចដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភតាមរយៈវិស័យកសិកម្ម ឬសេវាសុខាភិបាលតែមួយមុខនោះទេ។
លោកបានបញ្ជាក់ថា ត្រូវការប្រព័ន្ធមួយដែលអាចតភ្ជាប់កសិករ អាជីវកម្មក្នុងវិស័យចំណីអាហារ និងសហគមន៍ ដើម្បីបង្កើត និងផ្តល់ជម្រើសអាហារដែលមានសុវត្ថិភាព និងសម្បូរអាហារូបត្ថម្ភក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងនោះ សហគ្រិន និងពាណិជ្ជករមានតួនាទីសំខាន់ក្នុងការផលិត កែច្នៃអាហារ ផ្តល់សេវាកម្ម និងតភ្ជាប់ទីផ្សារ ដើម្បីនាំយកដំណោះស្រាយផ្នែកអាហារូបត្ថម្ភទៅដល់ប្រជាពលរដ្ឋ ព្រមទាំងបង្កើតប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាព និងពង្រីកអាជីវកម្មរបស់ខ្លួន។
ជាក់ស្តែង លោកស្រី ម៉ាន ហៃយ័ត ស្ថាបនិកសិប្បកម្មហៃយ័តម្សៅត្រីល្អិត នៅខេត្តបាត់ដំបង បានចាប់ផ្តើមផលិតម្សៅត្រីនៅឆ្នាំ២០១៦ ដោយកែច្នៃត្រីទឹកសាបខ្នាតតូចដែលមានឆ្អឹងច្រើន ឱ្យទៅជាម្សៅម៉ត់សម្បូរជីវជាតិ សម្រាប់ផ្តល់ជាអាហារដល់កូនៗរបស់លោកស្រី។ ក្រោយមក លោកស្រីបានពង្រីកសកម្មភាពនេះទៅជាអាជីវកម្ម ដោយផលិតម្សៅត្រីល្អិត នំស្រួយត្រីបន្លែ និងម្សៅបន្លែ ហើយបច្ចុប្បន្នបានផ្តល់ការងារដល់បុគ្គលិកចំនួន៨នាក់។
តាមរយៈកម្មវិធីអភិវឌ្ឍជំនាញ និងពន្លឿនអាជីវកម្មដែលដឹកនាំដោយ Support Her Enterprise (SHE) ជាកម្មវិធីស្នូលមួយរបស់អង្គការ iDE លោកស្រី ហៃយ័ត បានទទួលការបណ្តុះបណ្តាល និងប្រឹក្សាយោបល់លើការគ្រប់គ្រងអាជីវកម្មជាបន្តបន្ទាប់ ព្រមទាំងទទួលបានមូលនិធិចំនួន៤.០០០ដុល្លារអាមេរិក សម្រាប់ពង្រីកអាជីវកម្ម តាមរយៈគម្រោង «ការផ្លាស់ប្តូរជីវិតតាមរយៈអាហារូបត្ថម្ភ» (Transforming Lives Through Nutrition) ដែលគាំទ្រដោយសាសនាចក្រព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ (Church of Jesus Christ of Latter-day Saints)។
បច្ចុប្បន្ន លោកស្រីកំពុងរៀបចំផែនការពង្រីកការលក់ និងចែកចាយផលិតផលទៅកាន់ហាងលក់ទំនិញតាមភូមិ សាលារៀន និងតំបន់រោងចក្រ។ លោកស្រី ហៃយ័ត បានមានប្រសាសន៍ថា ដំបូងឡើយ លោកស្រីគ្រាន់តែចង់ផលិតអាហារដែលមានអាហារូបត្ថម្ភសម្រាប់កូនៗរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន លោកស្រីចង់ឱ្យគ្រួសារកាន់តែច្រើនទទួលបានផលិតផលទាំងនេះ និងរួមចំណែកបង្កើតឱកាសការងារតាមរយៈអាជីវកម្មរបស់លោកស្រីផងដែរ។
ក្រៅពីនេះ អាហារដែលកុមារបរិភោគនៅសាលារៀនក៏មានឥទ្ធិពលលើទម្លាប់នៃការហូបចុករបស់ពួកគេផងដែរ។ តាមរយៈកិច្ចសហការជាមួយការិយាល័យអប់រំស្រុក និងមន្ទីរសុខាភិបាលខេត្ត អង្គការ iDE បានគាំទ្រអ្នកលក់អាហារសម្រន់នៅតាមសាលារៀន ដូចជា លោកស្រី ទេស ណារុី និងលោកស្រី ឈិន ចាន់ណា ឱ្យផ្លាស់ប្តូរពីការលក់នំចំណីដែលមិនមានប្រភពច្បាស់លាស់ និងភេសជ្ជៈប៉ូវកម្លាំង មកលក់អាហារសម្រន់ថ្មីៗ ដែលផលិត និងរកបានក្នុងស្រុកជំនួសវិញ។
នៅសាលាមត្តេយ្យសហគមន៍មួយក្នុងខេត្តសៀមរាប លោកស្រី ធុងបាស បានចម្អិនអាហារពេលព្រឹករយៈពេល៥ថ្ងៃក្នុងមួយសប្តាហ៍ សម្រាប់កុមារតូចៗប្រមាណ២៥នាក់ ដែលមានអាយុពី៣ ដល់៥ឆ្នាំ ដោយប្រើប្រាស់បន្លែស្រស់ និងផ្លែឈើពីសួនបន្លែក្បែរផ្ទះរបស់លោកស្រី។ តាមរយៈការអនុវត្តបច្ចេកទេសកសិកម្មកកើតឡើងវិញ លោកស្រីប្រើប្រាស់ជីកំប៉ុស្តិ៍ដើម្បីបង្កើនជីជាតិដី និងប្រើវិធីសាស្ត្រជីវសាស្ត្រសម្រាប់គ្រប់គ្រងសត្វល្អិត និងជំងឺដំណាំ។ ប្រាក់ចំណេញដែលទទួលបានពីសកម្មភាពនេះ ក៏ជួយទ្រទ្រង់សួនបន្លែ និងឆ្លើយតបនឹងតម្រូវការរបស់គ្រួសារលោកស្រីផងដែរ។
លើសពីការផ្តួចផ្តើមទាំងនេះ សហគ្រាសសង្គម ហាយដ្រូឡូជីក ក៏បានផលិតឧបករណ៍ចម្រោះទឹកម៉ាក «ទន្សាយ» ដើម្បីផ្តល់ដំណោះស្រាយទឹកស្អាត និងមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ សហគ្រាសនេះបានអភិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនឯករាជ្យមួយ ដែលដឹកនាំដោយស្ត្រីសហគ្រិន។ ជាមួយគ្នានេះ អង្គការ iDE ក៏បានសហការជាមួយពាណិជ្ជករ និងអ្នកផ្តល់សេវាកម្មជាច្រើនទៀត ដើម្បីពង្រីកលទ្ធភាពទទួលបានផលិតផល និងសេវាអនាម័យចាំបាច់ ស្របតាមបរិបទជាក់ស្តែង ដើម្បីជួយការពារកុមារពីជំងឺឆ្លងដែលអាចប៉ះពាល់ដល់សុខុមាលភាព និងអាហារូបត្ថម្ភរបស់ពួកគេ។
ជាចុងក្រោយ លោក Reed Peterson បានបន្ថែមថា អង្គការ iDE ជឿជាក់ថា សហគ្រិនភាពអាចដើរតួនាទីជាស្ពានតភ្ជាប់ផ្នែកផ្សេងៗនៃប្រព័ន្ធអាហារូបត្ថម្ភ។ តាមរយៈការពង្រឹង និងពង្រីកអាជីវកម្មក្នុងស្រុក លើកកម្ពស់ការតភ្ជាប់ទីផ្សារ និងគាំទ្រស្ត្រីឱ្យកសាងសហគ្រាសប្រកបដោយនិរន្តរភាព អង្គការ iDE កំពុងរួមចំណែកបង្កើតដំណោះស្រាយផ្នែកអាហារូបត្ថម្ភ និងនាំយកសេវាកម្មចាំបាច់ទៅកាន់សហគមន៍ជនបទប្រកបដោយចីរភាព។