និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបង្កើនការការពារហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ
ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា បានជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបង្កើនការការពារហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ ខណៈការអនុវត្តការធានារ៉ាប់រងប្រភេទនេះនៅកម្ពុជានៅមានកម្រិតទាបនៅឡើយ។
ការជំរុញនេះ ត្រូវបានលើកឡើងដោយលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយិការងនៃនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងតំណាងក្រុមការងារអន្តរក្រសួង មន្ទីរ អាជ្ញាធរមានសមត្ថកិច្ច គ្រឹះស្ថានឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
លោកស្រីបណ្ឌិតបានមានប្រសាសន៍ថា ទោះបីសេដ្ឋកិច្ចសកលលោកបន្តជួបប្រទះបញ្ហាប្រឈមយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាកំណើនវិជ្ជមានក្នុងអត្រាប្រមាណ ៥,៣% ក្នុងឆ្នាំ២០២៥។ ក្នុងបរិបទនេះ វិស័យធានារ៉ាប់រងបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ និងទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតសំណាញ់សុវត្ថិភាព និងបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុចំពោះហានិភ័យផ្សេងៗ។
លោកស្រីបានបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងឆ្នាំ២០១៤ ដែលបានធ្វើវិសោធនកម្មជំនួសច្បាប់ឆ្នាំ២០០០ បានកំណត់ការធានារ៉ាប់រងចំនួន ៣ ប្រភេទជាកាតព្វកិច្ច រួមមាន៖ ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ និងការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន។
ការធានារ៉ាប់រងទាំងបីប្រភេទនេះ មានគោលបំណងធានាសំណងដល់តតិយជនដែលរងការខូចខាត ឬរងផលប៉ះពាល់ដោយសារសកម្មភាពរបស់ម្ចាស់យានយន្តប្រកបអាជីវកម្ម ប្រតិបត្តិករដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋានសាងសង់។ ច្បាប់ក៏បានកំណត់ទោសទណ្ឌចំពោះបុគ្គលដែលមិនអនុវត្តតាមកាតព្វកិច្ចនេះផងដែរ។
ទោះជាយ៉ាងណា តាមរយៈការសង្កេត និងវាយតម្លៃរបស់និយ័តករធានារ៉ាប់រងកម្ពុជា បានរកឃើញកត្តាសំខាន់ៗចំនួន ៣ ដែលធ្វើឱ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចនៅមានកម្រិតទាប រួមមាន ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋានមួយចំនួនមិនទាន់បានយល់ដឹងច្បាស់អំពីកាតព្វកិច្ចទិញធានារ៉ាប់រង ការផ្សព្វផ្សាយដល់សាធារណជននិងតួអង្គពាក់ព័ន្ធមិនទាន់ទូលំទូលាយ ព្រមទាំងក្រសួង ស្ថាប័នមានសមត្ថកិច្ចមួយចំនួននៅមិនទាន់ជ្រាបច្បាស់អំពីកាតព្វកិច្ចនៃការអនុវត្តច្បាប់នេះ។
សូមបញ្ជាក់ថា និយ័តករធានារ៉ាប់រងកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២១-២០៣០ និងធ្វើបច្ចុប្បន្នភាពជាផែនការយុទ្ធសាស្ត្រឆ្នាំ២០២៥-២០៣០ ដោយកំណត់ការពង្រឹង និងពង្រីកការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចជាអាទិភាពមួយ។
ផែនការនេះផ្តោតលើការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ អំពីអត្ថន័យនៃការធានារ៉ាប់រង ព្រមទាំងប្រភេទធានារ៉ាប់រងដែលច្បាប់បានកំណត់ជាកាតព្វកិច្ច ដើម្បីធានាឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងរួមចំណែកការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ៕