មន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ សម្ពោធអគារថ្មី ដើម្បីពង្រីកវិសាលភាពសេវាថែទាំសុខភាព តាមរយៈការបំពាក់ឧបករណ៍ទំនើប និងសហការជាមួយក្រុមគ្រូពេទ្យសិង្ហបុរី
ភ្នំពេញ៖ មន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវអគារថ្មីរបស់ខ្លួន នៅរាជធានីភ្នំពេញ ដើម្បីពង្រីកសមត្ថភាព និងវិសាលភាពសេវាថែទាំសុខភាព តាមរយៈការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើប និងបង្កើនសេវាព្យាបាលឯកទេស សំដៅរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាលក្នុងស្រុក និងកាត់បន្ថយលំហូរអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេស។
ពិធីសម្ពោធនេះធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា, ឧកញ៉ា ពិន នេត្រា សហស្ថាបនិក និងជាប្រធានមន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ, លោកវេជ្ជបណ្ឌិត Yang Kuang Ying សហស្ថាបនិកស៊ីងមេដ ព្រមទាំងភ្ញៀវកិត្តិយស និងក្រុមគ្រូពេទ្យជាច្រើនរូប។
ក្នុងឱកាសនោះ ឧកញ៉ា ពិន នេត្រា បានលើកឡើងថា ស៊ីងមេដ បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៩ ដោយផ្តោតលើការផ្តល់សេវាពិគ្រោះ ព្យាបាល និងធ្វើរោគវិនិច្ឆ័យតាមស្តង់ដារវេជ្ជសាស្ត្ររបស់ប្រទេសសិង្ហបុរី។ បន្ទាប់ពីទទួលបានទំនុកចិត្តពីអ្នកជំងឺក្នុងស្រុក និងមានតម្រូវការសេវាកាន់តែច្រើន ស្ថាប័ននេះបានចាប់ផ្តើមពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងបន្ថែមសេវាកម្មចាប់ពីឆ្នាំ២០២៥ ដើម្បីឆ្ពោះទៅរកការផ្តល់សេវាថែទាំសុខភាពកាន់តែទូលំទូលាយ។
ឧកញ៉ា ពិន នេត្រា បានបញ្ជាក់ថា គោលដៅសំខាន់មួយរបស់ស៊ីងមេដ គឺចូលរួមកាត់បន្ថយលំហូរអ្នកជំងឺកម្ពុជាដែលធ្វើដំណើរទៅស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស តាមរយៈការវិនិយោគលើឧបករណ៍វេជ្ជសាស្ត្រទំនើប បច្ចេកវិទ្យាចុងក្រោយ និងការនាំយកអ្នកជំនាញឯកទេសមកផ្តល់សេវាព្យាបាលនៅក្នុងប្រទេស។ ការណ៍នេះនឹងជួយកាត់បន្ថយការចំណាយ និងការលំបាកក្នុងការធ្វើដំណើររបស់អ្នកជំងឺ ព្រមទាំងជួយរក្សាចំណូលដែលបានមកពីការចំណាយលើសេវាសុខាភិបាលឱ្យស្ថិតនៅក្នុងប្រទេស។
ឧកញ៉ា ពិន នេត្រា បានបន្ថែមថា ក្រៅពីការវិនិយោគលើទីតាំង និងឧបករណ៍វេជ្ជសាស្ត្រទំនើប ស៊ីងមេដ ក៏បានពង្រឹងកិច្ចសហការជាមួយដៃគូផ្នែកវេជ្ជសាស្ត្រក្នុង និងក្រៅប្រទេស ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបង្កើនសមត្ថភាពរបស់ក្រុមគ្រូពេទ្យក្នុងស្រុក។ ចក្ខុវិស័យរយៈពេលវែងរបស់ស្ថាប័ននេះ មិនត្រឹមតែនាំយកសេវាសុខាភិបាលស្តង់ដារអន្តរជាតិមកជិតប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាទាក់ទាញអ្នកជំងឺ និងភ្ញៀវទេសចរពីប្រទេសជិតខាងឱ្យមកទទួលសេវាព្យាបាលនៅកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Yang Kuang Ying បានមានប្រសាសន៍ថា គោលដៅរបស់ស៊ីងមេដ គឺបង្កើតស្ថាប័នថែទាំសុខភាពមួយដែលផ្អែកលើឧត្តមភាពនៃការព្យាបាល ការច្នៃប្រឌិតបច្ចេកវិទ្យាកម្រិតខ្ពស់ និងការផ្តល់សេវាប្រកបដោយក្តីមេត្តា និងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ។
លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា តាមរយៈការរួមបញ្ចូលស្តង់ដារវេជ្ជសាស្ត្រដ៏ល្បីល្បាញរបស់ប្រទេសសិង្ហបុរី ជាមួយនឹងលទ្ធភាពទទួលបានសេវាសម្រាប់ប្រជាជនក្នុងស្រុក ស៊ីងមេដមានបំណងធានាថា អ្នកជំងឺទាំងអស់អាចទទួលបានការព្យាបាលតាមស្តង់ដារអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលជាទីកន្លែងដែលពួកគេស្គាល់ច្បាស់ និងអាចរស់នៅក្បែរក្រុមគ្រួសារ ដោយមិនចាំបាច់ធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេសឡើយ។
ចំណែកឯកឧត្តមឯកអគ្គរដ្ឋទូត Steven Pang បានចាត់ទុកការសម្ពោធអគារថ្មីនេះថា ជាសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរការអភិវឌ្ឍរបស់ស៊ីងមេដ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ននេះ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការរវាងអ្នកជំនាញសុខាភិបាលកម្ពុជា និងសិង្ហបុរី តាមរយៈការបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស និងលើកកម្ពស់គុណភាពសេវាសុខាភិបាលក្នុងប្រទេសឱ្យកាន់តែប្រសើរឡើង។
នាឱកាសនោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងការអបអរសាទរចំពោះថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ ចំពោះការសម្ពោធអគារថ្មីនេះ ដោយចាត់ទុកថា ជាការបង្ហាញពីទំនុកចិត្តរបស់វិនិយោគិន និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា តាមរយៈការផ្សារភ្ជាប់ជំនាញវេជ្ជសាស្ត្ររបស់សិង្ហបុរីជាមួយធនធានមនុស្សក្នុងវិស័យសុខាភិបាលកម្ពុជា។
លោកជំទាវរដ្ឋមន្ត្រីបានបន្តថា ការពង្រីកសេវារបស់ស៊ីងមេដ ដែលរួមមានការធ្វើរោគវិនិច្ឆ័យ ការពិគ្រោះជាមួយគ្រូពេទ្យឯកទេស ការសម្រាកព្យាបាល និងសេវាសង្គ្រោះបន្ទាន់ នឹងរួមចំណែកឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។ ការវិនិយោគនេះក៏អាចជួយបង្កើនទំនុកចិត្តលើសេវាព្យាបាលក្នុងស្រុក និងកាត់បន្ថយតម្រូវការធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេស ដែលជារឿយៗត្រូវប្រឈមនឹងការចំណាយខ្ពស់ និងការលំបាកផ្សេងៗ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ស៊ីងមេដ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្ទេរចំណេះដឹង និងការពង្រឹងកិច្ចសហការរវាងគ្រូពេទ្យកម្ពុជា និងអ្នកឯកទេសអន្តរជាតិ។ លោកជំទាវក៏បានលើកទឹកចិត្តឱ្យស្ថាប័ននេះបន្តកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុក ដើម្បីពង្រឹងជំនាញ និងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគលើឧបករណ៍វេជ្ជសាស្ត្រទំនើប ស៊ីងមេដក៏បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយ BEYOND Medical Group និង Tamarind Health ដើម្បីពង្រឹងកិច្ចសហការផ្នែកវេជ្ជសាស្ត្រ និងទាក់ទាញអ្នកជំនាញឯកទេសមកផ្តល់សេវាព្យាបាលនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ អ្នកជំនាញវេជ្ជសាស្ត្រមកពីសិង្ហបុរី នឹងចូលរួមផ្តល់សេវាព្យាបាលនៅកម្ពុជា ជាពិសេសជំងឺដែលត្រូវការការវះកាត់ធំៗ ដូចជា ជំងឺផ្នែកឆ្អឹង ក្រពះ និងពោះវៀន ព្រមទាំងជំងឺមហារីក ជាដើម៕