ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៨ចំណុច ដើម្បីបន្តពង្រឹងការអនុវត្តការលើកកម្ពស់អនាម័យជនបទ

image

ដើម្បីបន្តពង្រឹងការអនុវត្តការលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចបាន នូវគោលដៅដែលបានកំណត់ និងប្រកបដោយនិរន្តរភាព សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៨ចំណុច ដើម្បីបន្តពង្រឹងការអនុវត្តការលើកកម្ពស់អនាម័យជនបទ ។ នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៧ ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ចំណុចទាំង៨ នៃអនុសាសន៍នោះរួមមាន៖ ទី១- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស និងគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តអនុវត្តការងារស្របតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ផែនការយុទ្ធសាស្ត្រស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣ និងឯកសារគតិយុត្តពាក់ព័ន្ធនានា។ ទី២- ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បន្តពង្រឹងការងារសម្របសម្រួល និងសហប្រតិបត្តិការលើការលើកកម្ពស់អនាម័យជនបទ។ ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកនិងបរទេស រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ត្រូវបន្តជំរុញនិងគាំទ្រគ្រប់រូបភាព ដើម្បីរក្សា បាននូវនិរន្តរភាពរាជធានី ខេត្ត ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនិងបន្តជំរុញឱ្យសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ នៅទូទាំងប្រទេស ព្រមទាំង ត្រូវយកចិត្តទុកដាក់លើខ្សែច្រវាក់ នៃការគ្រប់គ្រងសំណល់ភក់បង្គន់ ប្រកបដោយសុវត្ថិភាព ចាប់ពីការបូមការដឹកជញ្ជូន រហូតដល់ទីលានប្រព្រឹត្តកម្មសំណល់ ដើម្បីការពារការបំពុលប្រភពទឹកនិងបរិស្ថានរស់នៅ។ ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកនិងបរទេស រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារ ងាយរងគ្រោះ គ្រួសារក្រីក្រ ជនជាតិដើមភាគតិច ជនមានពិការភាព និងគ្រួសាររស់នៅតំបន់បរិស្ថានប្រឈម ឱ្យទទួលបានសេវាអនាម័យគ្រប់ៗគ្នា។ ទី៥- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ អង្គការមិនមែន ដើម្បីកៀរគរធនធានបន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនា រដ្ឋាភិបាលក្នុងស្រុកនិងបរទេស និងវិស័យឯកជន សម្ព័ន្ធរូបវន្ត និងការអប់រំអនាម័យឱ្យកាន់តែប្រសើរឡើង។ ទី៦- ក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធ ត្រូវបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងនិងតាមដានទិន្នន័យ ទឹកស្អាត និងអនាម័យជនបទនៅទូទាំងប្រទេសឱ្យកាន់តែសុក្រឹត។ ទី៧-រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលឃុំ សង្កាត់ ត្រូវបន្តបញ្ចូលសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិលរបស់ខ្លួន ព្រមទាំងសហការជាមួយមន្ទីរ អង្គភាពជំនាញ ក្នុងការជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សា មណ្ឌលសុខភាព វត្តអារាម និងទីសាធារណៈនៅជនបទ ឱ្យមានបន្ទប់ទឹកអនាម័យ បរិក្ខារលាងដៃ និងការថែរក្សា អនាម័យជាប់ជាប្រចាំ។ ទី៨- សូមបងប្អូនជនរួមជាតិប្រកាន់យក នូវទម្លាប់ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងអនាម័យល្អ ជាប្រចាំថ្ងៃ ជាពិសេសការលាងដៃនឹងសាប៊ូ អនាម័យចំណីអាហារ ការប្រើប្រាស់បង្គន់អនាម័យ និងការរក្សា បរិស្ថានរស់នៅស្អាត។

សម្តេចធិបតីបញ្ជាក់ថា “រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់លើការលើកកម្ពស់អនាម័យជនបទ ដោយបានដាក់ចេញនូវគោលដៅ «បន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចអត្រាគ្របដណ្តប់១០០% នៅឆ្នាំ២០៣០» ស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ អង្គការសហប្រជាជាតិ”៕

អត្ថបទ៖ ហ៊ន សុភ័ក្រ