សហគមន៍ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ជីអាំង ជាប្រភពចំណូលថ្មី សម្រាប់ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី អាស្រ័យលើអ្នកទេសចរ
មណ្ឌលគិរី៖ សហគមន៍ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ជីអាំង មានចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី ស្ថិតនៅភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ទីនេះកំពុងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ ដែលចង់ទៅបោះតង់សម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងរីករាយជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាត។ ទីនេះក៏មានសត្វព្រៃអភិរក្សកម្រជាច្រើនប្រភេទផងដែ ដូចជា ឈ្លូស ប្រើស ជ្រូកព្រៃ ស្វា មាន់ព្រៃ ជាដើម។
សហគមន៍ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ជីអាំងបង្កើតឡើងក្នុងឆ្នាំ២០២៣ ដោយភ្ញៀវទេសចរអាចងូតទឹកលេងកម្សាន្ត ដើរលេងតាមព្រៃភ្នំ និងមានសេវ៉ាម្ហូបអាហាររបស់ជនជាតិ ផងដែរ។ ទីនេះជាប្រភពចំណូលថ្មី សម្រាប់ជនជាតិដើមភាគតិចព្នង (ពូនង) អាស្រ័យលើអ្នកទេសចរ មានន័យថា កាលណាមានអ្នកទេសចរទៅលេងកាត់តែច្រើន ពួកគាត់នឹងមានជីវភាពកាន់តែប្រសើរ ហើយឈប់ចូលព្រៃបរបាញ់សត្វព្រៃ មកចូលរួមអភិរក្សសត្វព្រៃវិញ សម្រាប់អ្នកជំនាន់ក្រោយបានស្គាល់។
អ្នកទេសចរអាចធ្វើដំណើរចេញពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយធ្វើដំណើរតាមផ្លូវក្រាលគ្រួសក្រហមប្រមាណ ២០គីឡូម៉ែត្រ ហើយបន្តធ្វើដំណើរតាមម៉ូតូចូលតាមផ្លូវតូចចំងាយ ៤គីឡូម៉ែត្រ ទើបដល់ទីតាំង ទឹកធ្លាក់ជីអាំងប។ នៅទីនេះ អ្នកទេសចរក៏អាចមើលឃើញពីជីវភាពរស់នៅ និងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ផងដែរ។
លោក សុគុណ ជុ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង បានឱ្យដឹងថា មកដល់ពេលនេះ សហគន៍មានសមាជិក ៣១នាក់ ក្នុងចំណោមនេះសុទ្ធសឹងជាអ្នកបម្រើសេវាវិស័យទេសចរណ៍ និងជាអ្នកប្រកបរបរកសិកម្ម។ រាល់ដំណាំ និងសត្វចិញ្ចឹមរបស់ពួកគាត់ យកមកលក់ឱ្យភ្ញៀវទេសចរ បានចំណូលដល់គ្រួសារពួកគាត់។ សម្រាប់ម្ហូបអាហារដែលបម្រើភ្ញៀវទេសចរសុទ្ធសឹងជារបស់ធម្មជាតិ ដាំ និងរកបាននៅទីនោះផ្ទាល់។
លោក សុគុណ ជុ បានបញ្ជាក់ថា រាល់អ្នកទេសចរមកទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព និងការអភិវឌ្ឍន៍សហគមន៍។ វាបានជួយបង្កើតឱកាសការងារសម្រាប់សហគមន៍មូលដ្ឋានក្នុងការប្រកបរបរប្រកបដោយចីរភាព ពង្រឹងសមត្ថភាពសហគមន៍ និងជំរុញការការពារធនធានធម្មជាតិដែលពួកគេតែងអាស្រ័យផល។
ជាមួយគ្នានេះ លោក ហេង ខេង អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងដែរថា ក្នុងចំណោមសហគមន៍ទាំង២៦ នៅខេត្តមណ្ឌលគិរី មានទាំងសហគមន៍តំបន់ការពារធនធានធម្មជាតិ និងសហគមន៍ជនជាតិដើមភាគតិច។
ដោយឡែកសហគមន៍ទេសចរណ៍ធម្មជាតិវិញមានចំនួន៣ គឺសហគមន៍ឡែងកៅ នៅភូមិអណ្តូងក្រឡឹង សហគមន៍ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ជីអាំង និងសហគមន៍ទេសចរណ៍ភ្នំណាំលៀរ ដែលជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយ ស្ថិតនៅក្នុងស្រុកពេជ្រចិន្តា ខេត្តមណ្ឌលគិរី។ ក្រៅពីតំបន់ទេសចរណ៍ល្បីៗក្នុងខេត្តមណ្ឌលគិរី សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង មានទីតាំងស្ថិតនៅតំបន់ទេសភាពដ៏ស្រស់ត្រកាលនៃដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី។
ទឹកធ្លាក់ជីអាំងបានផ្តល់ឱ្យភ្ញៀវទេសចរនូវបទពិសោធន៍ពីធម្មជាតិ ដែលរួមចំណែកគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិក្នុងតំបន់។ នៅទីនេះ ភ្ញៀវទេសចរអាចស្វែងយល់ពីសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន និងស្វែងយល់ពីមរតកវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិចពូនង។
សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង-Chy Ang Community Based Ecotourism មានការគាំទ្រថវិកាពីគម្រោងរេដបូកកែវសីមា ក្រោមការអនុវត្តដោយអង្គការ WCS Cambodia សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី និងការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ CRDT បាននឹងកំពុងអភិវឌ្ឍខ្លួន ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងគយគន់សម្រស់ព្រៃព្រឹក្សាដ៏ស្រស់ត្រកាលនៃដែនជម្រកសត្វព្រៃកែវសីមា។
សហគមន៍ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ជីអាំង ក្រៅពីមានសម្រស់ព្រៃឈើដ៏ខៀវស្រងាត់ និងទឹកធ្លាក់ដ៏ស្រស់ស្អាត ក៏មានសេវាកម្មទេសចរណ៍ ដូចជា ការរៀបចំម្ហូបអាហារ ផ្ទះស្នាក់ កន្លែងបោះតង់ ការសម្តែងរបាំជនជាតិដើមភាគតិច និងសេវាកម្មនាំភ្ញៀវទេសចរផងដែរ។
លក្ខណៈពិសេសនៃ ទឹកធ្លាក់ជីអាំង ដោយមានទឹកហូរធ្លាក់ជាដំណាក់ៗជាច្រើនជាន់ អមដោយព្រៃឈើបៃតងខៀវស្រងាត់ វាលស្មៅធម្មជាតិ និងជួរភ្នំតូចធំដែលលេចត្រដែត ជាពិសេសនៅពេលព្រឹកមានអ័ព្ទគ្របដណ្តប់ បង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាត និងមានបរិយាកាសត្រជាក់ស្រួល ស្ងប់ស្ងាត់ សមស្របសម្រាប់ការសម្រាក និងកម្សាន្តនៅថ្ងៃចុងសប្តាហ៍។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ៖ ០៨៨ ៩៨០ ៦០២៦/ ០៩៦ ៧៤០ ១០៨៦៕