កម្ពុជា និងចិន សហការគ្នាបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មអេឡិចត្រូនិក និងគ្រប់គ្រងភស្តុភារកម្មទំនើប ដោយផ្សារភ្ជាប់ការអប់រំទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង
ភ្នំពេញ៖ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (UEF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និងក្រុមហ៊ុនចិនឈានមុខចំនួន ៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មអេឡិចត្រូនិក និងការគ្រប់គ្រងភស្តុភារកម្មទំនើប (E-commerce and Modern Logistics Management) ដោយផ្សារភ្ជាប់ការអប់រំទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាកលវិទ្យាល័យ តំណាងសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា តំណាងសហគ្រាសដៃគូ សាស្ត្រាចារ្យ និងនិស្សិតជាច្រើនរូប។
តាមរយៈកិច្ចសហការនេះ សហគ្រាសចិននៅកម្ពុជានឹងចូលរួមគាំទ្រយ៉ាងសកម្មដល់ការបណ្តុះបណ្តាលក្រោមកម្មវិធីមហាវិទ្យាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន (Cambodia-China College of Economics and Commerce: CCEC) ដើម្បីផ្តល់ឱកាសឱ្យនិស្សិតទទួលបានចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ការបណ្តុះបណ្តាលនេះរួមមាន ការចុះទស្សនកិច្ចសិក្សា កម្មសិក្សា ការស្វែងយល់ពីបទពិសោធការងារផ្ទាល់ និងឱកាសការងារក្នុងអំឡុងពេលសិក្សា និងក្រោយបញ្ចប់ការសិក្សា។
គួរបញ្ជាក់ថា សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មជាំងស៊ូ (Jiangsu Vocational Institute of Commerce) នៃប្រទេសចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុវត្តកម្មវិធី CCEC ក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រលើជំនាញពាណិជ្ជកម្មអេឡិចត្រូនិក និងគ្រប់គ្រងភស្តុភារកម្មទំនើប។
កម្មវិធីសិក្សានេះមានរយៈពេល ៤ឆ្នាំ តាមរូបមន្ត ១+២+១ ដោយនិស្សិតសិក្សានៅកម្ពុជាក្នុងឆ្នាំទី១ និងឆ្នាំទី៤ ខណៈឆ្នាំទី២ និងឆ្នាំទី៣ សិក្សានៅប្រទេសចិន។ ក្រោយបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្រចំនួន ២ គឺសញ្ញាបត្របរិញ្ញាបត្រពីសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសញ្ញាបត្រ Diploma ពីវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មជាំងស៊ូ។
បន្ថែមពីនេះ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មជាំងស៊ូ បានរៀបចំកម្មវិធីសិក្សាដែលស្របតាមស្តង់ដាបច្ចេកទេស និងតម្រូវការជាក់ស្តែងរបស់សហគ្រាសដៃគូ ដោយផ្តោតសំខាន់លើការអនុវត្តផ្ទាល់ ទាំងក្នុងបន្ទប់ពិសោធន៍ (Lab) និងនៅទីតាំងការងារជាក់ស្តែង។
តាមរយៈកិច្ចសហការនេះ សមាគម និងសហគ្រាសដៃគូនឹងផ្តល់ឱកាសដល់និស្សិតចុះអនុវត្តការងារផ្ទាល់នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនជាដៃគូ ព្រមទាំងទទួលបានការផ្ទេរចំណេះដឹង បទពិសោធ និងបច្ចេកវិទ្យាថ្មីៗពីអ្នកជំនាញចិន ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យមានជំនាញស្របតាមតម្រូវការទីផ្សារការងារក្នុងសម័យឌីជីថល និងពាណិជ្ជកម្មអន្តរជាតិ។
ជាមួយគ្នានេះ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសបើកទទួលការចុះឈ្មោះសម្រាប់សិស្ស និស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍ចូលសិក្សាក្នុងកម្មវិធីថ្មីនេះ ដែលគ្រោងនឹងចាប់ផ្តើមដំណើរការបង្រៀនជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦ លើជំនាញចំនួន ២ រួមមាន៖
១. ថ្នាក់បរិញ្ញាបត្រជំនាញពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce)។
២. ថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងភស្តុភារកម្មទំនើប (Modern Logistics Management)។
កម្មវិធីសិក្សានេះត្រូវបានអនុវត្តតាមរូបមន្ត ១+២+១ ហើយនិស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យនឹងទទួលបានសញ្ញាបត្រចំនួន ២ ក្នុងពេលតែមួយ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា និងក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន៕