ព័ត៌មានជាតិ

រយៈពេល ២០ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង ទាក់ទាញក្រុមហ៊ុនវិនិយោគ ១១៧ក្រុមហ៊ុន មកពី ១៥ប្រទេស និងបង្កើតការងារជាង ៦៣.០០០កន្លែង

image

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានកត់ត្រាសមិទ្ធផលដ៏សំខាន់ក្នុងរយៈពេល២០ឆ្នាំនៃការអភិវឌ្ឍរបស់ខ្លួន ដោយបានក្លាយជាតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេមួយនៅកម្ពុជា ដែលមានក្រុមហ៊ុនវិនិយោគចំនួន១១៧ មកពី ១៥ប្រទេស និងផ្តល់ការងារដល់កម្មករនិយោជិតជាង ៦៣.០០០នាក់ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិ។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ក្នុងគោលបំណងបង្កើតមជ្ឈមណ្ឌលឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគ ជំរុញផលិតកម្ម និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសមួយនេះបានរីកចម្រើនពីការអភិវឌ្ឍដំបូង ទៅជាមូលដ្ឋានឧស្សាហកម្មដ៏សំខាន់មួយ ដែលចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ក្នុងឆ្នាំ២០១៦ ពោលគឺ១០ឆ្នាំក្រោយការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស RGPPSEZ បានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា (CSX) ក្នុងនាមជាក្រុមហ៊ុនឯកជនដំបូងគេដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រនេះ។ តម្លៃទីផ្សាររបស់ក្រុមហ៊ុនបានកើនឡើងពី ៤១.២៦៤.៨៧៥ដុល្លារអាមេរិក នៅពេលចុះបញ្ជី ដល់ ៥៧.៤១១.៧៥៨ដុល្លារអាមេរិក នាពេលបច្ចុប្បន្ន ស្មើនឹងការកើនឡើង៣៩ភាគរយ។

ការរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសនេះ ក៏ត្រូវបានបង្ហាញតាមរយៈទំហំពាណិជ្ជកម្មរបស់ក្រុមហ៊ុនផលិតកម្មដែលកំពុងដំណើរការនៅក្នុងតំបន់ផងដែរ។ តម្លៃនាំចូលបានកើនឡើងពី ៣៧៨លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ ដល់២.១៦៦លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើងប្រមាណ៦ដង។ ចំណែកការនាំចេញបានកើនឡើងពី ៣១៦លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦ ដល់២.១៤៤លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ ស្មើនឹងការកើនឡើងប្រមាណ៧ដង។ ក្នុងរយៈពេលនេះ តម្លៃសរុបនៃការនាំចេញមានចំនួន ៩.៩២៣លានដុល្លារអាមេរិក ដែលជាការរួមចំណែកដ៏សំខាន់ដល់សេដ្ឋកិច្ចជាតិ។

ក្រៅពីការរួមចំណែកផ្នែកពាណិជ្ជកម្ម RGPPSEZ ក៏បានជួយជំរុញការបង្កើតការងារ ការអភិវឌ្ឍឧស្សាហកម្ម និងសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជុំវិញផងដែរ។ ទីតាំងដែលពីមុនធ្លាប់ជាវាលស្រែ និងដីទំនេរ បច្ចុប្បន្នបានក្លាយជាមូលដ្ឋានវិនិយោគរបស់ក្រុមហ៊ុនចំនួន១១៧ មកពី១៥ប្រទេសជុំវិញពិភពលោក ដែលប្រកបដោយសកម្មភាពផលិតកម្មលើវិស័យជាច្រើន ចាប់ពីចំណីអាហារ និងភេសជ្ជៈ រហូតដល់ការដំឡើងរថយន្ត។

បច្ចុប្បន្ន កម្មករនិយោជិតជាង ៦៣.០០០នាក់ កំពុងបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដោយទទួលបានប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅ និងមានឱកាសរៀនសូត្រជំនាញថ្មីៗ។ ការរីកចម្រើននៃសកម្មភាពវិនិយោគ និងចំនួនកម្មករនិយោជិតដ៏ច្រើននេះ ក៏បានប្រែក្លាយតំបន់ជុំវិញពីទីតាំងដែលធ្លាប់ស្ងប់ស្ងាត់ និងដាច់ស្រយាលក្នុងរាជធានីភ្នំពេញ ទៅជាសហគមន៍ដែលមានសកម្មភាពអាជីវកម្មយ៉ាងរស់រវើក។

ក្នុងឱកាសខួបលើកទី២០ឆ្នាំនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានមានប្រសាសន៍ថា ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ RGPPSEZ បានរីកចម្រើនដោយសារការជឿទុកចិត្ត និងការប្តេជ្ញាចិត្តរបស់វិនិយោគិន ដៃគូ បុគ្គលិក និងភាគីពាក់ព័ន្ធទាំងអស់។

អ្នកឧកញ៉ាបានបញ្ជាក់ថា ក្រុមហ៊ុនមានមោទនភាពចំពោះសមិទ្ធផលដែលសម្រេចបានរួមគ្នា និងការរួមចំណែករបស់តំបន់សេដ្ឋកិច្ចពិសេសនេះចំពោះការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តប្តេជ្ញាចិត្តគាំទ្រវិនិយោគិន ទាក់ទាញការវិនិយោគដែលមានគុណភាព និងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ RGPPSEZ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគាំទ្រដល់ការលើកកម្ពស់ការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការជំរុញរបៀបវារៈឧស្សាហូបនីយកម្មរបស់ប្រទេសជាតិ។ ក្រុមហ៊ុនបានចាត់ទុកការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសវិនិយោគអំណោយផល ជាកត្តាសំខាន់ក្នុងការជំរុញកំណើនវិស័យឯកជន និងលើកកម្ពស់ភាពទាក់ទាញរបស់កម្ពុជាសម្រាប់វិនិយោគិន។

ស្របពេលប្រារព្ធខួបលើកទី២០ឆ្នាំ RGPPSEZ បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រីកសមិទ្ធផលដែលសម្រេចបាន និងចាប់យកឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍនាពេលអនាគត ដោយផ្តោតលើការផ្តល់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព សេវាកម្មដែលអាចទុកចិត្តបាន និងការគាំទ្រវិនិយោគិន។ ក្រុមហ៊ុនរំពឹងថា នឹងបន្តសហការជាមួយដៃគូ និងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពប្រកួតប្រជែង ចីរភាព និងពិពិធកម្មកាន់តែប្រសើរឡើង៕