សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា ត្រូវ ខិតខំបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា ដោយត្រូវផ្តល់ភាពកក់ក្តៅក្នុងការរស់នៅ, ហូបចុក និង បំពេញកិច្ចការជាយុទ្ធមិត្តក្នុងគ្រួសារ តែមួយ, ព្រមទាំង រៀបចំឱ្យមានសកម្មភាពផ្សារភ្ជាប់មនោសញ្ចេតនាជិតស្និទ្ធ ។
នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសជាអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅរសៀលថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា “ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងសមត្ថភាពយោធាចារ្យ និង គ្រូបង្វឹក, ព្រមទាំង កែលម្អ កម្មវិធីបណ្តុះបណ្តាល, ខ្លឹមសារមេរៀន និង វិធីសាស្ត្រហ្វឹកហ្វឺន ដោយផ្តោតលើ សមត្ថភាព បច្ចេកទេស រួមទាំង ការប្រើប្រាស់បច្ចេកវិទ្យា, យុទ្ធវិធីការពារជាតិ, បំណិនជីវិត, សីលធម៌, វិន័យ, និង មនសិការស្នេហាជាតិ របស់សិក្ខាកាមកាតព្វកិច្ចយោធាទាំងអស់ “៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី