អភិបាលខេត្តបាត់ដំបង ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រម្លឹកដល់ប្រជាជនខ្មែរគ្រប់រូបឱ្យបន្តរួបរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាព ឯកភាពជាតិ និងអធិបតេយ្យភាពជាតិ
បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានលើកបង្ហាញឱ្យដឹងថា ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា បានរម្លឹកដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យបន្តរួបរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាព ឯកភាពជាតិ និងអធិបតេយ្យភាពជាតិ ព្រមទាំងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង ។
ការថ្លែងបែបនេះ ក្នុងឱកាសដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦ ដែលបានធ្វើឡើងនៅក្នុងបរិវេណវិមានឯករាជ្យ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ទិវានេះស្ថិតក្រោមវត្តមានចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង គណៈអភិបាលខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាពនានា ព្រមទាំងមន្ត្រីរាជការ អ្នកមុខ អ្នកការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើនទៀត ។
លោក សុខ លូ បានបញ្ជាក់ថាទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរម្លឹកឱ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ។
អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា តាមរយៈនៃពិធីនេះបានបង្ហាញពីស្មារតីស្នេហាជាតិ និងការចងចាំមិនភ្លេចចំពោះព្រះមហាករុណាទិគុណរបស់ព្រះបរមរតនកោដ្ឋ ព្រមទាំងវីរភាពរបស់បុព្វបុរស និងវីរជនខ្មែរគ្រប់ជំនាន់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីឱ្យប្រទេសកម្ពុជា ទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។
សម្រាប់ថ្ងៃនេះ ការតបស្នងសងគុណនៃការដាក់កម្រងផ្កានៅវិមានឯករាជ្យ មិនត្រឹមតែជាពិធីផ្លូវការ ឬជាទម្លាប់ប្រពៃណីនោះទេ ប៉ុន្តែវាជានិមិត្តរូបដ៏មានអត្ថន័យជ្រាលជ្រៅនៃការតបស្នងសងគុណយ៉ាងជ្រាលជ្រៅដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីជីវិត និងលះបង់គ្រប់បែបយ៉ាង ក្នុងភារកិច្ចការពារ និងកសាងជាតិមាតុភូមិ ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា មិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្មារតីអប់រំ និងរម្លឹកដល់ប្រជាជនខ្មែរគ្រប់រូបឱ្យចងចាំថា ឯករាជ្យភាព និងការបន្តថែរក្សាសន្តិភាព សេរីភាព ដែលយើងទទួលបានមកនេះ គឺបានមកតាមរយៈការលះបង់ដ៏ធំធេង ដូច្នេះការបន្តរួបរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាព ឯកភាពជាតិ និងអធិបតេយ្យភាពជាតិ ព្រមទាំងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍នោះ គឺជាកាតព្វកិច្ច និងជាបេសកកម្មដ៏ពិសិដ្ឋរបស់កូនខ្មែរជំនាន់ក្រោយគ្រប់រូប៕
ដោយ ៖ គួយ គឹមស៊ន