ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដាក់ផែនការបណ្តុះកូនឈើបន្ថែម ១៩ម៉ឺនដើម សម្រាប់ចែកជូនពលរដ្ឋដោ​​យ​​ឥ​​​ត​​គិតថ្លៃ​​

image

មណ្ឌលគិរី៖ អនុប្រ​​ធា​​នមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ហេង ខេង មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បណ្តុះកូនឈើបានជាង ១៦ម៉ឺនដើម នៅក្នុងថ្នាលបណ្តុះកូនឈើចំនួន៦ គិតត្រឹ​​​​មថ្ងៃទី៥ ខែវិ​​ច្ឆិកា ឆ្នាំ២០២៦។ កូនឈើទាំងនោះបានចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន ១២ម៉ឺនដើម ជាប្រភេទឈើហូបផ្លែ ឈើប្រណិត និងឈើកម្រ ហើយកូនឈើ​​ដែលនៅសល់ក្នុងថ្នាលបណ្តុះកូនឈើ នឹងបន្តចែកជូនដល់ពលរដ្ឋដោយឥតគិតថ្លៃដើម្បីបង្កើតគម្របបៃតងនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនេះមន្ទីរបរិស្ថាន មានផែនការបណ្តុះកូនឈើឱ្យបានចំនួន ១៩ម៉ឺនដើម បន្ថែមទៀត​ សម្រាប់ចែកជូនពលរដ្ឋដោ​​យ​​ឥ​​​ត​​គិតថ្លៃ​​ ខណៈខេត្តនេះមានថ្នាលបណ្តុះកូនឈើចំនួន ៦ទី​​តាំង រាប់បញ្ចូលទាំងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ក្នុងខេត្តមណ្ឌលគិរី។

លោក ហេង ខេង បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោ​​ណដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​​នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។

សូមបញ្ជាក់ថា នៅក្នុងសសរស្ដម្ភទីពីរ «ភាពបៃតង» គឺជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រីកចលនាដាំដើ​​មឈើ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ក្នុងន័យនេះ ក្រសួងបរិស្ថាន បានរៀបចំថ្នាល់បណ្តុះ​​កូនឈើនៅទូទាំងរាជធានី-ខេត្ត និងធ្វើការបណ្តុះកូនឈើ ក្រញូង បេង នាងនួង ធ្នង់ ក​​កោះ ស្រឡៅ ប្រភេទកូនឈើហូបផ្លែ កូនឈើព្រៃលិចទឹក កោងកាង និងកូនត្នោត ជាដើម សម្រាប់ចែកជូ​​​​នប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត ជាពិសេសក្នុងពិព័រណ៍ «ពន្លកបៃ​​តង​​» ដែ​​លរៀបចំដោយក្រសួងបរិស្ថាន ស្ថិតនៅរាជធានីភ្នំពេញ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ៕