ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីកម្មវិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

image

សម្តេចធិបតី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីកម្មវិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមប្រធានបទ«កីឡាដើម្បីឯកភាពជាតិ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា “ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នាពេលនេះមានគោលបំណងបន្តលើកកម្ពស់គុណផលកីឡាជាតិ ដោយកីឡាករ កីឡាការិនីបានបញ្ចេញសមត្ថភាព បង្កើនគុណផលកីឡា និងទទួលបានបទពិសោធក្នុងការប្រកួតព្រមទាំងផ្តល់ឱកាសឱ្យមន្ត្រីជំនាញកីឡាគ្រប់លំដាប់ថ្នាក់ទទួលបាននូវចំណេះដឹង និងបទពិសោធគ្រប់គ្រាន់ តាមរយៈការរៀបចំការប្រកួតជាក់ស្តែងលើទីលាន ទាំងក្នុងពិធីបើក ពិធីបិទ ឱ្យស្របតាមស្តង់ដា តំបន់ និងស្តង់ដាហ្គេម ជាពិសេសការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ នៅឆ្នាំ២០២៨ (23rd AUG), ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម នៅឆ្នាំ២០២៩ និងការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០៣១”។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា “ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ នេះ មានប្រភេទកីឡាចំនួន៣២ ប្រភេទ (ស្មើនឹង ២៥៨ វិញ្ញាសា) រួមមាន៖ អត្តពលកម្មហែលទឹក វាយសី បាល់បោះ ប្រដាល់សកល បាល់ទាត់ ចំបាប់វាយកូនឃ្លីលើតុ តេក្វាន់ដូWT វាយកូនបាល់ បាល់ទះ កាយសម្ព័ន្ធយូដូ ការ៉ាតេ ទោចក្រយាន   ទ្រីយ៉ាត្លុង គុនដាវ ទូកប្រពៃណីប្រដាល់គុនខ្មែរ ល្បុក្កតោ ប៉េតង់ រាំ វ៉ូវីណាម ប៊ីយ៉ា ជឺជិតស៊ូ              ឃីកបុកស៊ីង សូហ្វតិន្នីស តេក្វាន់ដូITF អុកចត្រង្គ លើកទម្ងន់ហុកគី និងវូស៊ូ។ រីឯ កីឡាជាតិជនពិការលើកទី៣ មានចំនួន១០ ប្រភេទកីឡា (ស្មើនឹង ៤៦ វិញ្ញាសា) រួមមាន៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ វាយកូនឃ្លីលើតុជនពិការ បាល់ទះអង្គុយ អុកជនពិការ បូស្យាជនពិការ យូដូជនពិការលើកទម្ងន់ជនពិការ និងវាយសីជនពិការ។ វិញ្ញាសាសរុប ៣០៤ វិញ្ញាសា និងមាន ប្រតិភូកីឡាសរុប ៤,៦៨០ នាក់ ចូលរួម មកពី ២៥ រាជធានី-ខេត្ត និងក្រសួងចំនួន ៣ រួមមាន ក្រសួងមហាផ្ទៃក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និង        ហិរញ្ញវត្ថុ”។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ បានចាប់ផ្តើមដំណើរការជាប្រវត្តិសាស្ត្រ លើកទី១ នៅឆ្នាំ២០១៦ លើកទី២ ឆ្នាំ២០១៨ លើកទី៣ ឆ្នាំ២០២២ លើកទី៤ ឆ្នាំ២០២៤ និង លើកទី៥ នៅឆ្នាំ២០២៦៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ,លឹម មុនី