ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា រំពឹងថា សប្តាហ៍ភាពយន្តម៉ាឡេស៊ីឆ្នាំ២០២៦ នឹងរួមចំណែកពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ
ភ្នំពេញ៖ លោកបណ្ឌិត Shaharruddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការរៀបចំកម្មវិធីសប្តាហ៍ភាពយន្តម៉ាឡេស៊ីឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នឹងរួមចំណែកពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រជាជនកម្ពុជា និងម៉ាឡេស៊ី តាមរយៈវិស័យវប្បធម៌ និងសិល្បៈភាពយន្ត។
ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកកម្មវិធីសប្តាហ៍ភាពយន្តម៉ាឡេស៊ីឆ្នាំ២០២៦ (Malaysia Film Week 2026) នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមគាំទ្រកម្មវិធីនេះ។
លោកបានបញ្ជាក់ថា ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា មានសេចក្តីរីករាយដែលបានសហការជាមួយក្រុមហ៊ុន Westec Media និងរោងភាពយន្ត Legend Cinema ក្នុងការរៀបចំកម្មវិធីនេះ ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។ វត្តមានលោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញពីការគាំទ្រយ៉ាងរឹងមាំចំពោះកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ។
លោកឯកអគ្គរាជទូតបានបន្តថា កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌មានសារៈសំខាន់មិនចាញ់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ឬវិស័យធុរកិច្ច និងធុរកិច្ចនោះទេ ព្រោះវាជាវេទិកាសម្រាប់លើកកម្ពស់ការយល់ដឹង ការឱ្យតម្លៃ និងការគោរពចំពោះវប្បធម៌របស់គ្នាទៅវិញទៅមក ព្រមទាំងជាធាតុសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកបានបង្ហាញក្តីសង្ឃឹមថា កម្មវិធីសប្តាហ៍ភាពយន្តម៉ាឡេស៊ីឆ្នាំ២០២៦ នឹងជួយពង្រឹងចំណងមិត្តភាពដ៏រឹងមាំដែលមានស្រាប់រវាងប្រជាជនកម្ពុជា និងម៉ាឡេស៊ី តាមរយៈសិល្បៈភាពយន្ត។ ក្នុងកម្មវិធីនេះ ភាពយន្តម៉ាឡេស៊ីចំនួន៧រឿង នឹងត្រូវដាក់បង្ហាញជូនទស្សនិកជនកម្ពុជា ដោយភាពយន្ត «Terbang» ត្រូវបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំងក្នុងពិធីបើកកម្មវិធី។
លោកបណ្ឌិត Shaharruddin Onn ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Michael Chai នាយកប្រតិបត្តិក្រុមហ៊ុន Westec Media និងរោងភាពយន្ត Legend Cinema ព្រមទាំងក្រុមការងារ ដែលបានសហការយ៉ាងជិតស្និទ្ធ និងផ្តល់ការគាំទ្រដល់ស្ថានទូតម៉ាឡេស៊ី ក្នុងការរៀបចំកម្មវិធីនេះឱ្យសម្រេចបាន៕