ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន»

image

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G–L។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.), អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកគណៈអចិន្ត្រៃយ៍ សមាជិក និងសមាជិកា ស.ស.យ.ក. តំណាងក្រុមហ៊ុន ស្ថាប័ននានា សហគ្រិន សិប្បករ កសិករ សិស្សានុសិស្ស និងសាធារណជនជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ប្រធានបទ «ខ្មែរធ្វើបាន» មានគោលបំណងប្រមូលផ្តុំកម្លាំង និងពង្រឹងសាមគ្គីភាពក្នុងនាមជាខ្មែរតែមួយ ដើម្បីចូលរួមគាំទ្រសហគ្រិនក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ។ ទន្ទឹមនឹងនេះ ពិព័រណ៍នេះក៏ជាវេទិកាដ៏សំខាន់សម្រាប់បង្ហាញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ព្រមទាំងពង្រឹងអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ស.ស.យ.ក. ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែផ្តួចផ្តើមរៀបចំកម្មវិធីនានា ដើម្បីប្រមូលផ្តុំកម្លាំងសង្គម និងចូលរួមបម្រើប្រយោជន៍ជាតិ។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា ប្រធានបទនៃពិព័រណ៍ផលិតផលខ្មែរនេះ មានអត្ថន័យលើសពីការរៀបចំពិព័រណ៍ធម្មតា ពោលគឺ «ខ្មែរធ្វើបាន» ជាការបង្ហាញពីស្មារតី និងមោទនភាពរបស់ប្រជាជាតិខ្មែរទាំងមូល ស្របតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្លាប់បានលើកឡើងថា «ខ្មែរធ្វើបាន គឺបង្ហាញពីមោទនភាពជាតិ ដែលខ្មែរគ្រប់ជំនាន់អាចធ្វើបាន»។

លោកជំទាវបណ្ឌិតក៏បានគូសបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងបរិយាកាសធុរកិច្ច លើកកម្ពស់ផលិតភាព ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ការអនុវត្តស្តង់ដារ ការទទួលបានហិរញ្ញប្បទាន ព្រមទាំងការតភ្ជាប់ទៅកាន់ទីផ្សារ។

ទោះជាយ៉ាងណា លោកជំទាវបណ្ឌិតបានបញ្ជាក់ថា គោលនយោបាយ និងការគាំទ្រពីស្ថាប័នពាក់ព័ន្ធតែមួយមុខ មិនទាន់គ្រប់គ្រាន់ដើម្បីធ្វើឱ្យសហគ្រាសរីកចម្រើននោះទេ ប្រសិនបើគ្មានការចូលរួមពីម្ចាស់អាជីវកម្ម និងគ្មានទំនុកចិត្តពីអ្នកប្រើប្រាស់។ ដូច្នេះ ការកសាង និងពង្រឹងផលិតផលខ្មែរឱ្យមានភាពរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែង គឺជាកិច្ចការដែលត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ជាចុងក្រោយ លោកជំទាវបណ្ឌិតបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមទស្សនាពិព័រណ៍ផលិតផលខ្មែរ ឱ្យបានច្រើនកុះករ ដើម្បីបង្ហាញពីស្មារតីស្រឡាញ់ជាតិ និងចូលរួមគាំទ្រផលិតផលក្នុងស្រុក តាមរយៈការជ្រើសរើសប្រើប្រាស់ផលិតផលដែលផលិតដោយស្នាដៃកូនខ្មែរ៕

អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី, អ៊ុន ផាន់ណាត់