សេដ្ឋកិច្ច

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋ សហគ្រាស សហគ្រិន ម្ចាស់អាជីវកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យចូលរួមគាំទ្រផលិតផលខ្មែរ

image

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។


ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ដែលបានផ្តួចផ្តើមរៀបចំពិព័រណ៍នេះឡើង ក្នុងគោលបំណងគាំទ្រ និងផ្សព្វផ្សាយផលិតផលក្នុងស្រុក លើកទឹកចិត្តផលិតករខ្មែរ ព្រមទាំងជំរុញការលើកកម្ពស់គុណភាពផលិតផលជាតិ។


លោកជំទាវបណ្ឌិតបានបញ្ជាក់ថា ពិព័រណ៍នេះក៏ជាការបង្ហាញពីស្មារតីស្នេហាជាតិ និងមោទនភាពចំពោះសមត្ថភាពផលិតរបស់កូនខ្មែរ ដែលអាចផលិតទំនិញមានគុណភាពខ្ពស់ បង្កើតទំនុកចិត្ត និងស្លាកយីហោផ្ទាល់ខ្លួន ព្រមទាំងមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារបានយ៉ាងពិតប្រាកដ។


លោកជំទាវបណ្ឌិតបានលើកឡើងទៀតថា ការរួមគ្នាគាំទ្រផលិតផលខ្មែររបស់ប្រជាពលរដ្ឋ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យអ្នកផលិតខិតខំបង្កើនគុណភាព សុវត្ថិភាព អនាម័យ ការវេចខ្ចប់ឱ្យបានស្រស់ស្អាតទាក់ទាញ និងកំណត់តម្លៃសមរម្យ ដើម្បីបង្កើនទំនុកចិត្ត និងការពេញចិត្តរបស់អ្នកប្រើប្រាស់។


ជាមួយគ្នានេះ លោកជំទាវបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋ សហគ្រាស សហគ្រិន ម្ចាស់អាជីវកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យចូលរួមគាំទ្រផលិតផលខ្មែរ ដោយស្នើឱ្យប្រជាពលរដ្ឋចូលរួមទស្សនាពិព័រណ៍ ទិញ ប្រើប្រាស់ និងផ្សព្វផ្សាយផលិតផលក្នុងស្រុក។ ចំណែកអ្នកផលិត និងម្ចាស់អាជីវកម្ម ត្រូវបន្តខិតខំលើកកម្ពស់គុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន។


លោកជំទាវក៏បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តជួយសម្រួលដល់សហគ្រាស សហគ្រិន និងផលិតករ ក្នុងការលើកកម្ពស់ស្តង់ដារផលិតផល ព្រមទាំងជំរុញឱ្យ ស.ស.យ.ក បន្តរៀបចំពិព័រណ៍នេះឱ្យក្លាយជាវេទិកាភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ ព្រមទាំងផ្សារភ្ជាប់ទីផ្សារជាតិទៅកាន់ទីផ្សារអន្តរជាតិ។


សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិព័រណ៍ផលិតផលខ្មែរ បន្ទាប់ពីការរៀបចំលើកទី១ ទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ។ ពិព័រណ៍នេះមិនត្រឹមតែជាវេទិកាតាំងបង្ហាញផលិតផលខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសលើកទឹកចិត្តផលិតករ ផ្សារភ្ជាប់អ្នកផលិតជាមួយអ្នកប្រើប្រាស់ និងបង្ហាញពីសមត្ថភាព ព្រមទាំងមោទនភាពរបស់កូនខ្មែរចំពោះស្នាដៃដែលផលិតដោយស្នាដៃខ្មែរ៕