សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ នៅខេត្តកំពត
កំពត៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» ដើម្បីលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់ម្ចាស់អាជីវកម្មក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរងខេត្តកំពត និងឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ពាណិជ្ជករ អាជីវករ និងសិប្បករ ប្រមាណ ៧០នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីច្បាប់ស្តីពីភូតគាមអនាម័យ បែបបទ និងនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ព្រមទាំងវិធានដើមកំណើតទំនិញ ជូនដល់សមាជិកដែលជាម្ចាស់សហគ្រាស ក្រុមហ៊ុន និងអ្នកប្រកបអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តកំពត។
លោក កើត ឆែ បានថ្លែងថា ក្នុងបរិបទសេដ្ឋកិច្ចសកលភាវូបនីយកម្ម ការនាំចេញផលិតផលកសិកម្ម និងផលិតផលសំខាន់ៗផ្សេងទៀត មិនមែនគ្រាន់តែជាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែតម្រូវឱ្យមានការបំពេញលក្ខខណ្ឌបច្ចេកទេស និងបទដ្ឋានគតិយុត្តដែលកំណត់ដោយប្រទេសនាំចូលផងដែរ។
លោកអភិបាលរងខេត្តបានសម្តែងក្តីសង្ឃឹមថា តាមរយៈការធ្វើបទបង្ហាញលម្អិតពីអ្នកជំនាញនៃក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងជាក់ស្តែងពាក់ព័ន្ធនឹងនីតិវិធីត្រួតពិនិត្យភូតគាមអនាម័យសម្រាប់ការនាំចេញ ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ។ ចំណេះដឹងទាំងនេះនឹងជួយដោះស្រាយចម្ងល់ពាក់ព័ន្ធនឹងនីតិវិធីនាំចេញ និងអាចយកទៅអនុវត្តក្នុងអាជីវកម្មរៀងៗខ្លួន ដើម្បីបង្កើនសមត្ថភាពផលិត និងការនាំចេញឱ្យកាន់តែប្រសើរ។
ជាមួយគ្នានេះ ឧកញ៉ា ហាក់ សុវណ្ណា បានលើកឡើងថា សិក្ខាសាលានេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការបង្កើនការយល់ដឹងអំពីស្តង់ដារអន្តរជាតិ នីតិវិធីច្បាប់ ការបញ្ជាក់ប្រភពដើមទំនិញ និងការអនុលោមតាមលក្ខខណ្ឌភូតគាមអនាម័យសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានបន្តថា ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការជាច្រើន ដើម្បីលើកកម្ពស់សមត្ថភាពនាំចេញ និងធានាថាផលិតផលកម្ពុជាអាចបំពេញតាមស្តង់ដារអន្តរជាតិ។ តាមរយៈសិក្ខាសាលានេះ ម្ចាស់អាជីវកម្មនឹងទទួលបានចំណេះដឹងអំពីនីតិវិធី និងលក្ខខណ្ឌច្បាប់ ព្រមទាំងមានឱកាសផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗ ដើម្បីជួយឱ្យសហគ្រាសអាចបំពេញតាមតម្រូវការទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព។
សិក្ខាសាលានេះក៏បានបង្ហាញពីការប្តេជ្ញាចិត្ត និងចក្ខុវិស័យរយៈពេលវែងរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងការលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់ដល់ម្ចាស់អាជីវកម្ម និងសហគ្រិនកម្ពុជា ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងធានាបាននូវការអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន។
សូមជម្រាបថា សិក្ខាសាលានេះទទួលបានការសហការពីសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ក្រោមការគាំទ្រពីសហគ្រិនខ្មែរ និងមានការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារ វីង ខេមបូឌា ម.ក ធនាគារប្រៃសណីយ៍កម្ពុជា ក.អ និងកំពង់ផែស្វយ័តភ្នំពេញ។
រូបភាព៖ វង្ស សុធារម្យ