ព័ត៌មានជាតិ

ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង និង បុរី មេគង្គ លែន សហការផ្តល់កម្ចីគេហដ្ឋានពិសេសជូនអតិថិជន ជាមួយប័ណ្ណបញ្ចុះតម្លៃរហូតដល់ ១០ម៉ឺនដុល្លារក្នុងមួយផ្ទះ

image

ភ្នំពេញ៖ ធនាគារ វីង (ខេមបូឌា) ម.ក និង បុរី មេគង្គ លែន បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីសហការលើការផ្តល់ជូនឥណទានគេហដ្ឋាន ការទូទាត់សម្រាប់អចលនទ្រព្យ និងសេវាធនាគារសាជីវកម្ម សម្រាប់ទាំងអ្នកទិញផ្ទះ និងអាជីវកម្ម។ កិច្ចសហការនេះ នឹងជួយឱ្យការទិញលំនៅឋានក្នុងក្តីស្រមៃនៅបុរី មេគង្គ លែន កាន់តែងាយស្រួល តាមរយៈដំណោះស្រាយហិរញ្ញវត្ថុពីធនាគារ វីង។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តិទៅយ៉ាងអធិកអធមនៅថ្ងៃទី ៦ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង, អ្នកឧកញ៉ា ជាម ឃុនណាត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេអិនអិន គ្រុប និងលោកជំទាវ ហេង ចិន្តា អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេអិនអិន គ្រុប ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

តាមរយៈកិច្ចសហការនេះ អតិថិជនរបស់ បុរី មេគង្គ លែន នឹងទទួលបានលទ្ធភាពក្នុងការប្រើប្រាស់កម្ចីគេហដ្ឋានពីធនាគារ វីង ដោយមានក្រុមការងារផ្នែកគ្រប់គ្រងទំនាក់ទំនងអតិថិជន ចាំជួយសម្របសម្រួល និងប្រឹក្សាយោបល់យ៉ាងកក់ក្តៅបំផុត។ លើសពីនេះ សម្រាប់អតិថិជន បុគ្គលិកធនាគារ វីង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏នឹងទទួលបាននូវប័ណ្ណបញ្ចុះតម្លៃចាប់ពី ១០.០០០ដុល្លារអាម៉េរិក រហូតដល់ ១០០.០០០ដុល្លារអាម៉េរិក ក្នុងមួយផ្ទះ អាស្រ័យលើប្រភេទលំនៅឋានដែលពួកគាត់ជ្រើសរើស។

អ្វីដែលពិសេសទៀតនោះ បុរី មេគង្គ លែន បានរៀបចំនូវកញ្ចប់ប័ណ្ណបញ្ចុះតម្លៃរហូតដល់ ២លានដុល្លារអាម៉េរិក ផ្តល់ជូនជាពិសេសសម្រាប់អតិថិជន បុគ្គលិកធនាគារ វីង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់ការទិញផ្ទះនៅគ្រប់គម្រោងរបស់បុរី។

ក្រៅពីអត្ថប្រយោជន៍ផ្នែកឥណទាន កិច្ចសហការនេះ ក៏នឹងជួយសម្រួលដល់ដំណើរការទូទាត់ប្រាក់សម្រាប់ការទិញអចលនទ្រព្យកាន់តែសាមញ្ញផងដែរ ដោយអតិថិជនអាចបង់ប្រាក់កក់ និងបង់រំលស់ប្រចាំខែតាមប្រព័ន្ធឌីជីថលបានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះ សម្រាប់បណ្តាញអាជីវកម្មរបស់ មេគង្គ លែន ភាពជាដៃគូនេះក៏បានពង្រីកវិសាលភាពគ្របដណ្តប់លើសេវាបើកប្រាក់បៀវត្ស ការដាក់ប្រាក់បញ្ញើ ទុនបង្វិល និងហិរញ្ញប្បទានពាណិជ្ជកម្មផងដែរ។

គួររំលឹកផងដែរថា បុរី មេគង្គ លែន ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈការសាងសង់លំនៅឋានម៉ូដបែបអឺរ៉ុបក្លាស៊ីក និងបែបទំនើប ដែលបច្ចុប្បន្នមានគម្រោងធំៗចំនួន ៣ រួមមាន៖ គម្រោង ដឹ មេគង្គ រ៉ូយ៉ាល់ និងគម្រោង មេគង្គ ស៊ីធី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A និងគម្រោង ហ្គោលដេន អេវិននូ ស្ថិតនៅលើផ្លូវ ២០១១។

ចំណែកឯ ធនាគារ វីង គឺជាធនាគារពាណិជ្ជដែលគ្រប់គ្រងដោយជនជាតិខ្មែរ ១០០% ដែលមានបទពិសោធប្រតិបត្តិការជាង ១៨ឆ្នាំ និងជាប់ចំណាត់ថ្នាក់ជាធនាគារពាណិជ្ជធំជាងគេទាំង ៥ នៅកម្ពុជា ដោយផ្អែកលើទំហំទ្រព្យសកម្ម។ សេវាឥណទានឌីជីថលរបស់ធនាគារ វីង បានផ្តល់សេវាដល់អតិថិជនប្រមាណ ១,៧លាននាក់ ដោយបានបញ្ចេញឥណទានសរុបប្រមាណ ៣៤៩លានដុល្លារអាម៉េរិក គិតត្រឹមដំណាច់ឆ្នាំ២០២៥។ រាល់ការសន្សំ និងការសងឥណទានជាមួយធនាគារ វីង សុទ្ធតែជួយកសាងប្រវត្តិប្រតិបត្តិការដ៏ល្អមួយ ដែលអាចគាំទ្រដល់ការស្នើសុំកម្ចីគេហដ្ឋានរបស់លោកអ្នកនៅថ្ងៃអនាគត។

បុរី មេគង្គ លែន ជាជម្រើសគេហដ្ឋានដ៏ល្អសម្រាប់លោកអ្នក។ សូមអញ្ជើញមកកាន់សាខាធនាគារ វីង ដោយផ្ទាល់ ឬទំនាក់ទំនងមកកាន់លេខទូរសព្ទ ០២៣ ៩៩៩ ៩៨៩ នោះភ្នាក់ងារទំនាក់ទំនងអតិថិជនរបស់យើង នឹងជួយពន្យល់ និងប្រឹក្សាយោបល់លម្អិត អំពីជម្រើសឥណទានគេហដ្ឋានដ៏ស័ក្តិសមបំផុត មុនពេលលោកអ្នកធ្វើការសម្រេចចិត្ត៕

រូបភាព៖ អ៊ុន ផាន់ណាត់ និងលឹម មុនី