ស្ថានទូតកូរ៉េខាងត្បូងរៀបចំការប្រកួតកីឡាតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតឆ្នាំ២០២៦ ដោយដាក់បញ្ចូលវិញ្ញាសាតេក្វាន់ដូនិម្មិតជាលើកដំបូង
ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរៀបចំពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងប្រគល់មេដាយជ័យលាភី នៃការប្រកួតកីឡាតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតឆ្នាំ២០២៦ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការប្រកួតឆ្នាំនេះ មានលក្ខណៈពិសេសដោយបានដាក់បញ្ចូលវិញ្ញាសាតេក្វាន់ដូនិម្មិត (Virtual Taekwondo) ជាលើកដំបូង ដោយមាន៥វិញ្ញាសា ព្រមទាំងការប្រកួតសម្តែងជាក្រុម។ ការប្រកួតនេះមានអត្តពលិកប្រមាណ៨០នាក់ មកពីក្លឹបចំនួន១០ចូលរួម ដែលមានទាំងកុមារអាយុក្រោម១៤ឆ្នាំ និងកីឡាករជើងចាស់អាយុលើសពី៣៥ឆ្នាំ។ ជាមួយគ្នានេះ ក៏មានអ្នកចូលរួមទស្សនាប្រមាណ២០០នាក់ផ្សេងទៀតផងដែរ។
គួរបញ្ជាក់ថា កីឡាតេក្វាន់ដូនិម្មិត ក៏ត្រូវបានដាក់បញ្ចូលជាវិញ្ញាសាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០២៦ នៅទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៧ ដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះផងដែរ។
ក្នុងឱកាសនោះ លោក គីម ឆាងយ៉ុង (Kim Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញប្រគល់មេដាយជូនដល់កីឡាករ កីឡាការិនីដែលទទួលបានជ័យលាភី។
ក្រៅពីនេះ លោកឯកអគ្គរដ្ឋទូត គីម ឆាងយ៉ុង ក៏បានប្រគល់សម្ភារកីឡាដែលផ្តល់ដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជូនដល់សហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា ដើម្បីគាំទ្រដល់ការលើកកម្ពស់ និងអភិវឌ្ឍកីឡាតេក្វាន់ដូនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីថា ក្នុងនាមជាប្រទេសដើមកំណើតនៃកីឡាតេក្វាន់ដូ សាធារណរដ្ឋកូរ៉េនឹងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូនៅកម្ពុជា ព្រមទាំងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡា និងវប្បធម៌ពាក់ព័ន្ធរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕