គម្រោងរេដបូកបានជួយឱ្យប្រជាសហគមឱ្យមានការអភិវឌ្ឍ ទាំងមូលដ្ឋាន ទាំងវិស័យទេសចរណ៍ និងជីវភាពរស់នៅ
មណ្ឌលគិរី៖ គម្រោងរេដបូក កែវសីមា(Keo Seima REDD+) បាននិងកំពុងជួយឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរ ដោយមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន វិស័យទេសចរណ៍ និង រួមទាំងជីវភាពរបស់ កាន់តែប្រសើរឡើង។
គម្រោងរេដបូក កែវសីមា គឺជាគម្រោងអភិរក្សព្រៃឈើ និងជីវចម្រុះដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលអនុវត្តដោយ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ខ្វៃ អាទិត្យា បានថ្លែងក្នុងការដឹកនាំបណ្តាញសារព័ត៌មានទៅកាន់ដែនជម្រកសត្វព្រៃ កែវសីមា ខេត្តមណ្ឌលគិរី ស្តីពី «ជំរុញចលនាភាពបៃតង និងការលើកកម្ពស់ជីវភាពសហគមន៍» ចាប់ពីថ្ងៃទី៥ ដល់៧ ខែ វិច្ឆិកា ឆ្នាំ២០២៦ បានលើកឡើងថា តាមរយៈការចូលរួមរបស់សហគមក្នុងគម្រោងរេដបូក ក្នុងកិច្ចការការពារអភិរក្សព្រៃឈើ សត្វព្រៃ ក៏ដូចជាជីវចម្រុះដែកម្ពុជាអាចការពារបាននោះ គឺជាផ្នែកមួយសំខាន់សម្រាប់បម្រើលើវិស័យទេសចរណ៍ ធ្វើឱ្យពួកគាត់អាចរកចំណូលបន្ថែមដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
ជាមួយនឹងការរីកចម្រើនលើវិស័យទេសចរណ៍នេះដែរ លោករដ្ឋលេខាធិការ បានជំរុញឱ្យប្រជាពលរដ្ឋតាមសហគមចាំបាច់ត្រូវថែរក្សាបរិស្ថានស្អាត ដោយទុកដាក់សំរាមបានត្រឹមត្រូវ កាត់បន្ថយប្លាស្ទិក ដែលទាំងនេះសុទ្ធសឹងជួយឱ្យការអភិវឌ្ឍឱ្យមានចិរភាព សហគមមានស្ថេរភាព ពលរដ្ឋមានសុខភាពល្អ និងអាចទាក់ទាញវិស័យទេសចរណ៍កាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនេះមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានប្រាប់ឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើដើម្បីកម្ពុជាបានទទួលមកវិញការលក់ឥណទានកាបូន។ដូច្នេះហើយត្រូវនាំគ្នាការពារព្រៃឈើ នាំគ្នាដាំដើមឈើឱ្យបានច្រើន។ ការដាំព្រៃសហគមដែលរិចរិលដើម្បីបង្កើនគម្របបៃតង។ កាលណាមានរបស់ទាំអស់នេះជំហ៊ានដ៏សំខាន់ទី១ គឺ ជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយសហគមបានត្រឡប់មកវិញគឺចំណូល។ លើសពីនេះក៏អាចលក់កាបូនផងដែរ ដែលកន្លងមកតាមរយៈក្រសួងបរិស្ថានបានលក់កាបូនជាបន្តបន្ទាប់ ហើយនាពេលនេះក៏កំពុងពង្រីកបន្ថែមនៃការលក់កាបូននេះដល់តំបន់ផ្សេងទៀត។
ទាក់ទិននឹងកិច្ចការពារព្រៃឈើនេះដែរ លោក ខ្វៃអាទិត្យា បានបញ្ជាក់ដែរថា ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក នៅឆ្នាំ២០២៦ ក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សកល ដោយ U.S. News & World Report។ទាំងនេះគេបានវាយតម្លៃ លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានគ្រប់គ្រងបរិស្ថាបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាពជាដើម។ ក្នុងឆ្នាំ២០២៦ ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក។ ទាំងពីរនេះមិនមែនចៃដន្យនោះឡើយ។ លើសពីនេះទៀតនាថ្មីៗបំផុតមកនេះកម្ពុជា ក៏ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជា «ដែនដីមាសនៃអេកូទេសចរណ៍»ថែមទៀត។ ទាំងនេះបានធ្វើឱ្យកម្ពុជាលេចត្រដែតលើឆាកអន្តរជាតិ។ ការណ៍នេះកើតចេញតាមរយៈការរួមគ្នាអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាក់ព័ន្ធ មន្រ្តី អាជ្ញាធរមូលដ្ឋាន និងពិសេសសហគមផ្ទាល់តែម្តង។
តាមរយៈនេះដែរ លោក ខ្វៃ អាទិត្យា បានជំរុញដល់សហគមមូលដ្ឋានរួមគ្នាបន្ថែមទៀតអភិរក្សព្រៃឈើ សត្វព្រៃ ជីវចម្រុះ និងពិសេសដាំដើមឈើបន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យមូលដ្ឋានស្អាត គ្មានសំរាម គ្មានប្លាស្ទិក សំដៅយ៉ាងណាឱ្យប្រទេសជាតិស្អាត និងជួយឱ្យវិស័យទេសចរណ៍បោះជំហ៊ានរីកចម្រើនយ៉ាងឆាប់រហ័ស៕