សូមអបអរសាទរ! ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង ចាប់ដៃគូជាមួយបុរី ប៉េង ហួត ផ្តល់ជូនការបញ្ចុះតម្លៃផ្ទះ ១% ដោយប្រើប្រាស់ឥណទានគេហដ្ឋានពីធនាគារ វីង និងផ្តល់អត្ថប្រយោជន៍ដំណោះស្រាយហិរញ្ញវត្ថុជាច្រើនទៀត
ភ្នំពេញ៖ នៅថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ធនាគារ វីង និងបុរី ប៉េង ហួត បានបង្កើតភាពជាដៃគូអាជីវកម្មរួមគ្នា ដើម្បីសម្រួលដល់ការទិញលំនៅឋានរបស់អតិថិជន តាមរយៈការផ្តល់ជូនការបញ្ចុះតម្លៃផ្ទះ ១% សម្រាប់អតិថិជនដែលទិញផ្ទះនៅបុរី ប៉េង ហួត ដោយប្រើប្រាស់ឥណទានគេហដ្ឋានពីធនាគារ វីង។
ក្រៅពីអតិថិជនទូទៅ បុគ្គលិកទាំងអស់របស់ធនាគារ វីង និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក៏ទទួលបានការបញ្ចុះតម្លៃផ្ទះ ១% ផងដែរ ដែលជាឱកាសបន្ថែមសម្រាប់ការកាត់បន្ថយចំណាយក្នុងការទិញគេហដ្ឋាន។
ក្រោមកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរក៏នឹងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ និងសេវាធនាគារឌីជីថលជាច្រើន ដើម្បីធ្វើឱ្យដំណើរការទិញផ្ទះកាន់តែមានភាពងាយស្រួល និងរលូន រួមមានសេវាទូទាត់ប្រាក់កក់ និងការបង់រំលស់ប្រចាំខែ។
ជាមួយគ្នានេះ ធនាគារ វីង នឹងផ្តល់សេវាបើកប្រាក់បៀវត្សជូនបុគ្គលិករបស់បុរី ប៉េង ហួត ព្រមទាំងពិនិត្យលទ្ធភាពផ្តល់ដំណោះស្រាយហិរញ្ញប្បទានទុនបង្វិល និងសេវាប្រាក់បញ្ញើ ដើម្បីគាំទ្រដល់អ្នកផ្គត់ផ្គង់ អ្នកម៉ៅការ និងដៃគូអាជីវកម្មនានារបស់បុរី ប៉េង ហួត។
ភាពជាដៃគូនេះ មិនត្រឹមតែជួយសម្រួលដល់អតិថិជនក្នុងការសម្រេចក្តីស្រមៃក្លាយជាម្ចាស់គេហដ្ឋានផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលដៅពង្រីកឱកាសហិរញ្ញវត្ថុ និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់បុរី ប៉េង ហួត ផងដែរ។ កិច្ចសហប្រតិបត្តិការនេះត្រូវបានចាត់ទុកថាជាជំហានថ្មីមួយក្នុងការបង្កើតឱកាសសម្រាប់គ្រួសារ អាជីវកម្ម និងសហគមន៍ ឱ្យអាចរីកចម្រើនជាមួយគ្នា៕
រូបភាព៖ អ៊ុន ផាន់ណាត់, ង៉ាន់ សំណាង និងកែវ ភិរុណ