ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡាវ កាង តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាជាមួយធុរជនអ៉ីតាលី ដើម្បីជំរុញការវិនិយោគ និងត្រៀមបង្កើតការិយាល័យតំណាង ប្រចាំទីក្រុងហ្សេណូវ៉ា​ ប្រទេសអ៉ីតាលី

image

ទីក្រុងហ្សេណូវ៉ា ប្រទេសអ៉ីតាលី៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្ត ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Cinaglia Francesco នាយកគ្រប់គ្រងក្រុមហ៊ុន Studio FC & Partners S.r.l. ទីក្រុងហ្សេណូវ៉ា ប្រទេសអ៊ីតាលី នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជំនួបនេះមានគោលបំណងពិភាក្សា និងស្វែងរកឱកាសក្នុងការ លើកកម្ពស់វិស័យទេសចរណ៍ ពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ីតាលី ព្រមទាំងស្វែងយល់ពីសក្តានុពលនៃការវិនិយោគ និងឱកាសធុរកិច្ចថ្មីៗរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា ឡាវ កាង ក៏បានជម្រាបជូនអំពីតួនាទី និងសកម្មភាពរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការលើកកម្ពស់វិស័យឯកជន និងជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចអន្តរជាតិ។

អ្នកឧកញ៉ា ក៏បានជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជា ទទួលបានគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហ្សេណូវ៉ា​ ប្រទេសអ៊ីតាលី។

ឆ្លៀតក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា ក៏ជម្រាបជូនថា ប្រទេសកម្ពុជានឹងធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនេះជាលើកទី១ របស់ប្រទេសកម្ពុជា និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុង វិស័យការទូត និង ពាណិជ្ជកម្មអន្តរជាតិ ដែលជាមានការអញ្ជើញចូលរួមពីប្រទេសនិយាយភាសាបារាំង ទូទាំងពិភពលោក។

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ សមាគមសហព័ន្ធនិយោជកនិយាយភាសាបារាំង (Alliance des Patronats Francophones – APF) នឹងរៀបចំ វេទិកាជួបជុំសហគ្រិននិយាយភាសាបារាំង (Rencontre des Entrepreneurs Francophones – REF 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នឹងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិន និងអ្នករៀបចំគោលនយោបាយ ជាង ១.០០០នាក់ មកពីជាង៣០ប្រទេស។

អ្នកឧកញ៉ា ក៏បានអញ្ជើញភាគីអ៉ីតាលីពិចារណាចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ដើម្បីបង្កើនឱកាសជួបជុំ បង្កើតបណ្តាញទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហគ្រិន និងធុរជនមកពីបណ្តាប្រទេសនានា។

ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការពង្រីកទំនាក់ទំនងជាមួយដៃគូអន្តរជាតិ និងបង្កើតឱកាសសម្រាប់ការតភ្ជាប់ធុរកិច្ច ការវិនិយោគ និងកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងកម្ពុជា និងអ៉ីតាលី៕