សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ ជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការថែរក្សាកេរមរតកឯកសារ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ការរៀបចំពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនឹងប្រែក្លាយបរិវេណប្រវត្តិសាស្ត្រ នៃបណ្ណាសារដ្ឋានជាតិ និង បណ្ណាល័យជាតិ ឱ្យទៅជាបរិវេណបេតិកភណ្ឌសាធារណៈរយៈពេលមួយខែពេញ និងជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការថែរក្សាកេរមរតកឯកសារ បណ្ណសារ និងបណ្ណសារដ្ឋាន ដែលជាទ្រព្យសម្បត្តិ និង ជាខ្សែច្រវាក់នៃការចងចាំ របស់ជាតិ មិនឱ្យបាត់បង់ ឬខូចខាត ដូចសុភាសិតខ្មែរពោលថា «ដើមឈើមានឫស ទើបឈរបានមាំ»
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសដែលអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ នៃកម្ពុជា (១៩២៦-២០២៦) នៅព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។
សម្តេចធិបតីបានបញ្ជាក់ថា “ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែល តម្រូវឱ្យយើងខិតខំអភិរក្ស, ទាំងឯកសាររូបវន្ត និង ការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ “។
សម្តេចធិបតី បានបន្តថា “ខណៈដែលកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ព្រឹត្តិការណ៍ពិព័រណ៍ខួបមួយសតវត្សរ៍ នៃបណ្ណសារដ្ឋានជាតិនេះ មិនត្រឹមតែជាការរំលឹកអនុស្សាវរីយ៍ ប៉ុណ្ណោះទេ, ប៉ុន្តែគឺជាវេទិកាថ្លែងការណ៍ជាតិដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាង មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស ថែរក្សា និង ធ្វើទំនើបកម្ម មរតកបេតិកភណ្ឌឯកសារ និង ការចងចាំរបស់ជាតិ”៕