ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង កើនជិត ១៥% ក្នុងរយៈពេល ៩ខែ ខណៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងមកកម្ពុជា ក្នុងពេលឆាប់ៗនេះ រំពឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបារាំង សម្រេចបានប្រមាណ ៤៨៨លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៩ខែដំបូង ឆ្នាំ២០២៦ កើនឡើង ១៤,៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កំណើននេះបង្ហាញពីភាពវិជ្ជមាននៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងមកកាន់កម្ពុជា នាប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវបានរំពឹងថា នឹងក្លាយជាកម្លាំងជំរុញបន្ថែមដល់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះ។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កម្ពុជានាំចេញទំនិញទៅកាន់ប្រទេសបារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៨៦លានដុល្លារអាម៉េរិក កើនឡើង ១៤,៨២% ខណៈការនាំចូលទំនិញពីបារាំងមកកម្ពុជាមានទំហំប្រមាណ ១០២លានដុល្លារអាម៉េរិក កើនឡើង ១៤,៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យនេះបង្ហាញថា បារាំងនៅតែជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលកម្ពុជា នៅក្នុងទីផ្សារអឺរ៉ុប ដោយការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសនេះ មានទំហំច្រើនជាងការនាំចូលយ៉ាងគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ កំណើននៃការនាំចូលក៏ឆ្លុះបញ្ចាំងពីការបន្តពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងតម្រូវការទីផ្សាររវាងប្រទេសទាំងពីរផងដែរ។
ការរីកចម្រើននៃទំនាក់ទំនងនេះ កាន់តែមានសារៈសំខាន់ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលនេះ។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ត្រូវបានរំពឹងថា នឹងផ្តល់ឱកាសសំខាន់សម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការជំរុញកិច្ចសន្ទនាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការស្វែងរកឱកាសថ្មីៗសម្រាប់ធុរកិច្ច និងវិនិយោគិនបារាំងនៅកម្ពុជា។
ជាមួយនឹងកំណើនពាណិជ្ជកម្មជាបន្តបន្ទាប់ និងការជួបជុំថ្នាក់ដឹកនាំកំពូលនាពេលខាងមុខ កម្ពុជាមានឱកាសបន្ថែមក្នុងការទាក់ទាញការវិនិយោគ បង្កើនទីផ្សារនាំចេញ និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយប្រទេសបារាំង និងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងផ្សេងទៀតផងដែរ៕