ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន មេមត់

image

ត្បូងឃ្មុំ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ា​នី ហ៊ុនសែន នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន មេមត់ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ១.០៤០នាក់។

ការរៀបចំកម្មវិធីសំណេះសំណាលនេះ មានគោលបំណងជួបសួរសុខទុក្ខ និងបង្កើនភាពស្និទ្ធស្នាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងនាំយកអំណោយជាសម្ភារៈសិក្សា និងថវិកាដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សាលារៀន និងអ្នកចូលរួម ក្នុងឱកាសត្រៀមរៀបចំពិធីបុណ្យខួបលើកទី៥០ នៃមរណភាពកូនប្រុសច្បងរបស់សម្តេចទាំងទ្វេ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

តាមរយៈសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា៖ «ថ្ងៃនេះ ក្នុងនាមពុកម៉ែ បងប្អូន និងខ្ញុំផ្ទាល់ជាប្អូនប្រុសរបស់ បង កំសត់ បានតំណាងក្រុមគ្រួសារ បានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ដើម្បីពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងជម្រាបអំពីការរៀបចំពិធីរម្លឹកខួប ៥០ឆ្នាំ របស់បងប្រុស កំសត់ ដែលបានបាត់បង់ជីវិត ក្នុងដំណាក់កាលតស៊ូប្រឆាំងរបបកម្ពុជាប្រជាធិបតេយ្យ។ ៥០ឆ្នាំបានកន្លងផុតទៅ តែក្រុមគ្រួសារយើងទាំងអស់គ្នានៅតែចងចាំ និងនឹករលឹកដល់ បង ជានិច្ច»។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា៖ «ក្រោយជួបជុំជាមួយលោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស បានជួបប្រជុំជាមួយអនុគណៈកម្មការព្រៃឈើ និងបរិស្ថាន ដើម្បីពិនិត្យវឌ្ឍនភាព និងចូលរួមចំណែក ក្នុងគម្រោងសាងសង់ស្តូបអនុស្សាវរីយ៍តំបន់ ៥៧៨ នៅភូមិភាគបូព៌ា ដែលជាការរំលឹកដល់វីរភាព និងការលះបង់របស់កម្មាភិបាលជំនាន់មុន។ ទីតាំងនេះ នៅពេលស្ថាបនារួចរាល់ នឹងក្លាយជាគោលដៅទេសចរណ៍មួយ ដើម្បីឱ្យអ្នកជំនាន់ក្រោយ និងភ្ញៀវទេសចរបានស្វែងយល់អំពីសច្ចភាពប្រវត្តិសាស្ត្រ ក៏ដូចជាធនធានធម្មជាតិជាច្រើនរបស់កម្ពុជា»។
វិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន មេមត់ មានទីតាំងស្ថិតនៅភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមបណ្តោយផ្លូវជាតិលេខ៧។ តាមប្រវត្តិសាស្ត្រ សាលានេះមានឈ្មោះដើមថា សាលាបឋមសិក្សាមេមត់ តាំងពីឆ្នាំ១៩៦៥-១៩៦៦។ ក្នុងរបបខ្មែរក្រហម ឆ្នាំ១៩៧៥-១៩៧៩ ទីតាំងសាលានេះត្រូវបានប្រែក្លាយទៅជាមន្ទីរពេទ្យប្រចាំតំបន់។

ទីតាំងនេះ ក៏ជាទីកន្លែងដែលបានបន្សល់ទុកនូវសោកនាដកម្មដ៏ជូរចត់ក្នុងជីវិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសារការបាត់បង់កូនប្រុសច្បងជាទីស្រឡាញ់ គឺកុមារ ហ៊ុន កំសត់ ក្នុងអំឡុងរបបប្រល័យពូជសាសន៍ ប៉ុល ពត៕
អត្ថបទ៖ វង សុភក្ត្រ