ព័ត៌មានជាតិ

ឆ្នាំសិក្សាថ្មី២០២៦-២០២៧ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និងកីឡា ពង្រីក និងសាងសង់សាលារៀន បន្ថែម និងកែលម្អបរិយាកាសសិក្សា ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានសេវាអប់រំ

image

ដើម្បីឱ្យដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី២០២៦-២០២៧ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រីកការចុះឈ្មោះចូលរៀននៅគ្រប់កម្រិត និងការរក្សា សិស្សឱ្យបានរៀនសូត្រគង់វង្សរហូតដល់មធ្យមសិក្សា តាមរយៈការពង្រីកនិងសាងសង់សាលារៀន បន្ថែម និងកែលម្អបរិយាកាសសិក្សា ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានសេវាអប់រំ ការបង្កើត ថ្នាក់រៀនបន្ថែម ការបំពាក់មន្ទីរពិសោធន៍ បណ្ណាល័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចធិបតី ក៏បានណែនាំក្រសួងត្រូវបន្តអនុវត្តកំណែទម្រង់សាលារៀនគ្រប់ជ្រុងជ្រោយ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យម សិក្សា តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងបង្កើតប្រព័ន្ធអប់រំដែលស៊ីចង្វាក់គ្នា ដូចជា ការអប់រំតាមរយៈការលេងសម្រាប់កុមារនៅមត្តេយ្យសិក្សា ការផ្តោតលើអំណាននិងគណិតវិទ្យា ថ្នាក់ដំបូង (EGRA, EGMA) និងការជួយសិស្សរៀនយឺត (PTOM)នៅបឋមសិក្សា ក៏ដូចជាការ លើកកម្ពស់វិធីសាស្ត្របង្រៀនថ្មី ដែលផ្តោតលើការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា(STEM) នៅ មធ្យមសិក្សា។ ជាមួយគ្នានេះ ត្រូវបន្តសហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការ ជាតិជំរុញការអនុវត្តកំណែទម្រង់ក្នុងវិស័យអប់រំ(គ.វ.អ.) ដើម្បីពង្រឹងប្រសិទ្ធភាព និងចីរភាព នៃការអនុវត្តកម្មវិធីនៅតាមសាលាគោលដៅដែលមានស្រាប់ ស្របតាមបរិបទ និងតម្រូវការ ជាក់ស្តែង៕

អត្ថបទ៖ ហ៊ន សុភ័ក្រ