ព័ត៌មានជាតិ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បោះទុនវិនិយោគលើគម្រោងខ្នាតធំចំនួនពីរ នៅស្រុកបុទុមសាគរ រំពឹងជំរុញសេដ្ឋកិច្ច និងបង្កើតឱកាសការងារនៅខេត្តកោះកុង

image

កោះកុង៖ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អះអាងថា គម្រោងវិនិយោគខ្នាតធំចំនួនពីររបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានរំពឹងថា នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងរួមចំណែកទាក់ទាញការវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា។

គម្រោងវិនិយោគសំខាន់ទាំងពីរនេះ រួមមាន គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ អានុភាព ៩០០មេហ្គាវ៉ាត់ និងគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និងការវិនិយោគនាពេលអនាគត ខណៈរោងចក្រអគ្គិសនីតម្លៃជាង ១ពាន់លានដុល្លារនេះគឺ ជាគម្រោងថាមពលដ៏សំខាន់របស់កម្ពុជា ស្ថិតនៅក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង គឺជាគម្រោងថាមពលខ្នាតធំមួយ ដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍអគ្គិសនីស្អាតរបស់ប្រទេសកម្ពុជា។

គម្រោងនេះបានចាប់ផ្តើមការដ្ឋានសាងសង់តាំងពីចុងឆ្នាំ២០២៤ ដោយមានផែនការដាក់ឱ្យដំណើរការផលិត និងផ្គត់ផ្គង់ថាមពលជាដំណាក់កាល ចាប់ពីចុងឆ្នាំ២០២៦ និងបន្តទៅឆ្នាំ២០២៧។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) ចុះទស្សនកិច្ចនៅទីតាំងគម្រោងរោងចក្រអគ្គិសនីរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាព និងល្បឿននៃការអនុវត្តគម្រោងនេះ។

តាមផែនការដែលបានលើកឡើង រោងចក្រនេះនឹងមានសមត្ថភាពផលិតអគ្គិសនីរហូតដល់ ៩០០មេហ្គាវ៉ាត់ ដែលអាចរួមចំណែកបង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូលអគ្គិសនីពីបរទេស និងគាំទ្រដល់តម្រូវការប្រើប្រាស់ថាមពលដែលកំពុងកើនឡើង។ ជាពិសេស ការមានប្រភពផលិតអគ្គិសនីដែលអាចដំណើរការបានជាប្រចាំ នឹងជួយបំពេញបន្ថែមដល់ប្រភពថាមពលផ្សេងៗ រួមទាំងវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ ដើម្បីពង្រឹងស្ថិរភាពនៃប្រព័ន្ធអគ្គិសនីជាតិ។

ក្រៅពីការអភិវឌ្ឍវិស័យថាមពល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏មានគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយ នៅក្នុងតំបន់ប្រើប្រាស់ប្រកបដោយចីរភាពនៃឧទ្យានជាតិបុទុមសាគរ។ គម្រោងនេះមានគោលបំណងបង្កើតមូលដ្ឋានសម្រាប់ទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យចូលមកបណ្តាក់ទុនលើវិស័យឧស្សាហកម្ម ផលិតកម្ម និងសេវាកម្មពាក់ព័ន្ធ។

ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រួមផ្សំជាមួយប្រភពថាមពលអគ្គិសនីខ្នាតធំ អាចជួយបង្កើនភាពទាក់ទាញរបស់ខេត្តកោះកុង ក្នុងនាមជាទីតាំងវិនិយោគដ៏មានសក្តានុពលមួយនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីបង្កើតឱកាសការងារសម្រាប់ពលរដ្ឋ និងយុវជនក្នុងមូលដ្ឋាន។

ចំណែកការសាងសង់ និងការដាក់ឱ្យដំណើរការគម្រោងរោងចក្រអគ្គិសនីខ្នាតធំនេះ ត្រូវបានរំពឹងថា នឹងបង្កើតតម្រូវការកម្លាំងពលកម្មលើមុខជំនាញជាច្រើន ទាំងក្នុងដំណាក់កាលសាងសង់ និងដំណាក់កាលប្រតិបត្តិការ។ ហើយមុខជំនាញដែលអាចមានតម្រូវការ រួមមាន វិស្វករអគ្គិសនី វិស្វករមេកានិក វិស្វករសំណង់ស៊ីវិល អ្នកបច្ចេកទេសប្រព័ន្ធឧស្ម័ន ជាងផ្សារដែក ជាងអគ្គិសនី អ្នកបើកបរគ្រឿងចក្រធុនធ្ងន់ និងកម្មករសំណង់។ ក្រៅពីនេះ ក៏អាចមានតម្រូវការបុគ្គលិកផ្នែករដ្ឋបាល គណនេយ្យ គ្រប់គ្រងឃ្លាំង សុវត្ថិភាពការងារ និងអ្នកបកប្រែភាសាបរទេសផងដែរ។

សម្រាប់យុវជន និងប្រជាពលរដ្ឋដែលមានបំណងស្វែងរកការងារ អាចតាមដានព័ត៌មានជ្រើសរើសបុគ្គលិកតាមរយៈបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្រុមហ៊ុនម៉ៅការដែលពាក់ព័ន្ធ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ។ យ៉ាងណាមិញ ចំនួនបុគ្គលិកដែលត្រូវជ្រើសរើស ពេលវេលាប្រកាសជ្រើសរើស និងលក្ខខណ្ឌការងារជាក់លាក់ ត្រូវរង់ចាំការបញ្ជាក់ពីស្ថាប័ន ឬក្រុមហ៊ុនដែលទទួលបន្ទុកផ្ទាល់។

ក្រៅពីអត្ថប្រយោជន៍ផ្នែកថាមពល គម្រោងវិនិយោគខ្នាតធំនេះ ក៏ត្រូវបានរំពឹងថា នឹងបង្កើតចលនាសេដ្ឋកិច្ចថ្មីមួយនៅក្នុងស្រុកបុទុមសាគរ និងតំបន់ជុំវិញ។ វត្តមានរបស់វិស្វករ បុគ្គលិកបច្ចេកទេស និងកម្មករដែលបម្រើការងារនៅក្នុងគម្រោង អាចជំរុញឱ្យមានតម្រូវការកាន់តែច្រើនលើសេវាកម្មស្នាក់នៅ ផ្ទះជួល ភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់ទំនិញ និងសេវាកម្មដឹកជញ្ជូន។

កត្តាទាំងនេះអាចបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការប្រកបមុខរបរ និងបង្កើនប្រាក់ចំណូលគ្រួសារ។ ជាមួយគ្នានេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រគម្រោងដូចជា៖ ផ្លូវថ្នល់ ប្រព័ន្ធផ្គត់ផ្គង់ទឹក បណ្តាញអគ្គិសនី និងសេវាដឹកជញ្ជូន ក៏អាចរួមចំណែកលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

ការបង្កើនសមត្ថភាពផលិតអគ្គិសនីក្នុងប្រទេស គឺជាកត្តាសំខាន់សម្រាប់គាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្មព្រោះតែប្រភពអគ្គិសនីដែលមានស្ថិរភាព អាចជួយបង្កើនទំនុកចិត្តដល់វិនិយោគិន ដែលត្រូវការថាមពលសម្រាប់ដំណើរការរោងចក្រ និងសង្វាក់ផលិតកម្ម។

ចំពោះការរំពឹងទុកថា គម្រោងនេះអាចជួយកាត់បន្ថយតម្លៃអគ្គិសនី ក៏ត្រូវពិចារណាលើកត្តាផ្សេងៗទៀត រួមមាន៖ ថ្លៃឧស្ម័នធម្មជាតិ ថ្លៃផលិតកម្ម ការបញ្ជូនអគ្គិសនី និងគោលនយោបាយកំណត់ថ្លៃរបស់ស្ថាប័នពាក់ព័ន្ធ។ ជារួម គម្រោងរោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ អានុភាព ៩០០ មេហ្គាវ៉ាត់ និងគម្រោងតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅស្រុកបុទុមសាគរ ត្រូវបានមើលឃើញថា មានសក្តានុពលក្នុងការរួមចំណែកផ្លាស់ប្តូរមុខមាត់សេដ្ឋកិច្ចខេត្តកោះកុងនាពេលអនាគត៕