ព័ត៌មានជាតិ

រកឃើញ​ «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

image

ស្ទឹងត្រែង៖​ ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានចុះពិនិត្យវឌ្ឍនភាពការងារកំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ ដែលមានអាយុកាលប្រមាណចាប់ពី ១០ម៉ឺនឆ្នាំ ទៅដល់ ២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋសរុបប្រមាណ ៤០នាក់​ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ​ នៃនាយកដ្ឋាន បេតិកភណ្ឌធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា​ ផ្អែកលើរបាយការណ៍បច្ចេកទេស វឌ្ឍនភាពនៃការកំណាយស្រាវជ្រាវនៅក្នុងរណ្ដៅសំខាន់ៗទាំង ៣ បានបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់ដូចខាងក្រោម៖

រណ្ដៅទី១ ជាហ្វូស៊ីលដើមឈើដែលមានប្រវែងរហូតដល់ ៤០ម៉ែត្រ និងមានទំហំមុខកាត់ ១.៥០ម៉ែត្រ។ ចំណែកឯផ្នែកគល់វិញ មានទំហំមុខកាត់ធំអស្ចារ្យរហូតដល់ ៤ម៉ែត្រ។

រណ្ដៅទី២​ ជាហ្វូស៊ីលឈើផ្នែកគល់ និងផ្នែកផ្សេងៗទៀត ដែលបច្ចុប្បន្នក្រុមការងារកំពុងបន្តសិក្សា និងមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ។

រណ្ដៅទី៣​ ជាហ្វូស៊ីលដើមឈើដែលមានប្រវែងប្រមាណ ១០ម៉ែត្រ និងមានទំហំមុខកាត់ ១.check ៥ម៉ែត្រ។

ជាទិសដៅការងារបន្ត ក្រសួងបរិស្ថានបានគ្រោងនឹងបន្តសកម្មភាពកំណាយស្រាវជ្រាវយ៉ាងសកម្មបន្ថែមទៀតនៅក្នុងឆ្នាំ២០២៧ ដើម្បីប្រមូលទិន្នន័យ និងផ្ទៀងផ្ទាត់វត្ថុតាងប្រវត្តិសាស្ត្រនានា សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការអភិវឌ្ឍជាគោលដៅលម្ហែបៃតង សម្រាប់ទាញទេសចរ នៅតំបន់ទេសចរណ៍ធម្មជាតិ-ប្រវត្តិសាស្ត្រទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា​ មន្រ្តីជំនាញក្រសួងបរិស្ថានរួមនឹងរដ្ឋបាលខេត្តស្ទឹងត្រែង អាជ្ញាធរមូលដ្ឋាន​ និងប្រជាពលរដ្ឋ បានធ្វើកំណាយផូស៊ីលឈើលើកទី១ នៅតំបន់ភ្នំភូង៉យនេះ កាលពីខែកក្កដា ឆ្នាំ២០២៥ និងបានរកឃើញផូស៊ីលឈើ ដែលមានមុខកាត់ប្រមាណ ១ម៉ែត្រ និងប្រវែងរហូតដល់ប្រមាណ ១៧ម៉ែត្រ។ តាមការវាយតម្លៃបឋម ផូស៊ីលឈើនេះមានអាយុកាលចន្លោះពី ១០០,០០០ឆ្នាំ ទៅ ២លានឆ្នាំ និងត្រូវជាប្រភេទរុក្ខជាតិដែលមានផ្កា និងផ្លែ។

ផ្អែកលើលទ្ធផលជាវិជ្ជមាននៃកំណាយលើកទី១ ក្រសួងបរិស្ថានបានបន្តជំរុញសកម្មភាពកំណាយលើកទី២ ក្នុងខែតុលា ឆ្នាំ២០២៦ ដោយបានរកឃើញផុស៊ីលដើមឈើចំនួន៣ បន្ថែមទៀត ហេីយក្រុមការងារនឹងប្រមូលចងក្រង ទិន្នន័យវិទ្យាសាស្ត្របន្ថែម និងរៀបចំផែនការការពារទីតាំងបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ ឱ្យជៀសផុតពីការបំផ្លិចបំផ្លាញ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជា​ និងពិភពលោកទាំងមូល។

សូមបញ្ចាក់ថា គិតត្រឹមឆ្នាំ២០២៦ ក្រុមការងារបានកំណត់ និងចងក្រងបញ្ជីស្ថានីយផូស៊ីលសរុបចំនួន ៧៨ទីតាំងនៅទូទាំងប្រទេស​ ក្នុងនោះមាននៅខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ បៃលិន ឧត្តរមានជ័យ កំពត កោះកុង កំពង់ធំ ពោធិ៍សាត់ និងស្ទឹងត្រែង។

ក្រៅពីការសិក្សាស្រាវជ្រាវ និងកំណត់ទីតាំងស្ថានីយផូស៊ីល ក្រសួងបរិស្ថានបានអនុវត្តការងារកំណាយ ផូស៊ីលនៅតាមបណ្តាខេត្តមួយចំនួន រួមមាន៖

១.​ កំណាយផូស៊ីលឈើនៅស្រុកលំផាត់ ឆ្នាំ២០១៩-២០២០។

២.​ កំណាយផូស៊ីលឆ្អឹងដាយណូស័រដំបូងនៃប្រទេសកម្ពុជា នៅឆ្នាំ២០២២។

៣.​ កំណាយផូស៊ីលឈើនៅភ្នំត្បែង ខេត្តព្រះវិហារ ឆ្នាំ២០២៤។

៤.​ កំណាយផូស៊ីលឈើនៅស្រុកសេសាន លើកទី១ ឆ្នាំ២០២៥​និងកំពុងបន្តក្នុងពេលនេះ​ ដោយការងារទាំងនេះមានគោលបំណងសិក្សាលក្ខណៈផូស៊ីល និងស្រទាប់ដីថ្មដែលផ្ទុកផូស៊ីល ប្រមូលទិន្នន័យ វិទ្យាសាស្ត្រ និងវាយតម្លៃវិធានការអភិរក្សធនធានបេតិកភណ្ឌធម្មជាតិ៕