ព័ត៌មានជាតិ

ក្រុមយុវជននឹងបង្កើតកម្មវិធី «រត់ម៉ារ៉ាតុង» ដើម្បីរ៉ៃអង្គាសថវិកាជួយដល់កុមារកំព្រា ក្នុងមណ្ឌលពន្លឺអនាគត ខណៈកំពុងខ្វះថវិកាទ្រទ្រង់

image

ភ្នំពេញ៖ ក្រុមយុវជនអតីតរស់នៅក្នុង មណ្ឌលពន្លឺអនាគត និងក្រុមយុវជនផ្សេងទៀត បានមូលមតិគ្នាបង្កើតកម្មវិធី «រត់ម៉ារ៉ាតុង» នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតំបន់អភិវឌ្ឍន៍ទីក្រុងរណប (កោះនរា) រាជធានីភ្នំពេញ​ ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកំព្រានៅ អង្គការពន្លឺអនាគត ខណៈកំពុងខ្វះថវិកាទ្រទ្រង់ ដោយសារតែពីមួយឆ្នាំទៅមួយឆ្នាំត្រូវចំណាយថវិការកាន់តែច្រើន ក្នុងការជួយដល់កុមារកំព្រា និងក្មេងៗគ្មានទីពឹង ឱ្យពួកគេទទួលបានកាសិក្សារអប់រំ ក្លាយជាធនធានដ៏ល្អនៅក្នុងសង្គមជាតិ កុំឱ្យពួកគេផ្តេកផ្តួលទៅតាមពេលវេលា ឬធ្លាក់ក្នុងអន្លង់នៃអំពើអបាយមុខ។

ម្យ៉ាងវិញទៀត ការបង្កើតកម្មវិធី «រត់ម៉ារ៉ាតុង» នេះ គឺជាគំនិតផ្តួចផ្តើមដ៏មានតម្លៃ និងឆ្លុះបញ្ចាំងពីការសាមគ្គីភាពនៅក្នុងសង្គមកម្ពុជាឱ្យកាន់តែមានភាពខ្លាំងក្លាបន្ថែមទៀត ដើម្បីរុញច្រាននាវាកម្ពុជាទៅដល់គោលអភិវឌ្ឍន៍កាន់លឿនបន្ថែមទៀត។

លោក​ រស់​ សាត​ អ្នករៀបចំកម្មវិធី «រត់ម៉ារ៉ាតុង» បានលេីកលើកឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី «រត់ម៉ារ៉ាតុង» /Run for the Future» នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ថា​ ការបង្កេីតព្រឹត្តិការណ៍នេះឡេីង​ ដោយសារលោកចង់ឃើញសហគមន៍ជននៅក្នុងប្រទេសកម្ពុជា ពិសេសអ្នកដែលមានលទ្ធភាព មានធនធាន អាចចូលរួមគ្នាបង្កើតព្រឹត្តិការណ៍ផ្សេងៗក្នុងការជួយដល់ក្មេងៗកំព្រា ដើម្បីជំរុញទៅដល់អ្នកដែលមានធនធាន បង្កើតបរិយាកាស មិត្តភាព និងសុខភាព។​ លោកគិតថា បច្ចុប្បន្ន ម្នាក់ៗប្រឈមរឿងជាច្រើនដែលត្រូវរួមគ្នាជួយដោះស្រាយ។​ តាមរយៈព្រឹត្តិការណ៍នេះនឹងឆ្លុះបញ្ចាំងពីការសហការគ្នា រួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ចូលរួមព្រឹត្តិការណ៍រត់ដើម្បីអនាគត គឺចូលរួមជ្រោមជ្រែងអនាគតក្មេងៗ​ ដែលជាការលើកទឹកចិត្តដល់ពួកគេ។ លោកយល់ឃេីញថា​ យុវជនម្នាក់អាចផ្លាស់ប្ដូរវាសនាជាច្រើន នៅពេលដែលគាត់មានសមត្ថភាព និងមានលទ្ធភាព​ ដើម្បីចូលរួមក្នុងសកម្មភាពរបស់សង្គម។

លោក​ រស់​ សាត​ បានលេីកឡេីងយ៉ាងដូច្នេះថា​៖​ «ខ្ញុំជឿជាក់ថា​ ម្នាក់ៗនឹងក្លាយទៅជាតួអង្គសំខាន់នៅពេលដែលយើងមានសមត្ថភា​ព ពលទ្ធភាព ប៉ុន្តែដើម្បីឱ្យមានសមត្ថភាពលទ្ធភាព យេីងត្រូវការការជួយជ្រោមជ្រែងពីអ្នកទាំងអស់គ្នា ដោយធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍នេះកើតឡើងបាន។​ ខ្ញុំសង្ឃឹមថា ជនរួមជាតិកម្ពុជានឹងក្លាយទៅជាតួអង្គមួយជួយអ្នកដទៃ ពិសេសួយអ្នកជំនាន់ក្រោយ។ នៅពេលណាឱពុកម្ដាយចាកចេញទៅ ខ្ញុំជឿជាក់ថា កូនយើងនឹងត្រូវបានមិត្តភក្តិ​ បងប្អូន​ ដែលគេស្គាល់ នឹងជួយថែរក្សាការងារកូនគាត់បន្តទៀត»។

ជាមួយគ្នានេះ​ លោកស្រី នួន សុធាវី តំណាងអង្គការរពន្លឺអនាគត បានឱ្យដឹងថា​ បច្ចុប្បន្នក្នុងមណ្ឌលពន្លឺអនាគត​ មានកុមារ​កំព្រា​ និងក្មេងដែលគ្មានទីពឹង​ ចំនួន​ ៦៨នាក់​។ ទោះមណ្ឌលមានជំនួយពីសប្បុរសជន​ក្នុង​ និងក្រៅប្រទេសក៏ដោយ​ តែមិនអាចទ្រទ្រង់ការចំណាយក្នុងមណ្ឌលនេះបានទេ​ ទើបមណ្ឌលត្រូវស្វែងរកថវិកាបន្ថែមពីសុប្បុរសជននានា ខណៈមណ្ឌលនេះបានបង្កើតឡើងរាប់សិបឆ្នាំមកហើយ និងមានកុមារជាច្រើន​ បាន​និងក្លាយជាធនធាននៅក្នុងសង្គម ដែលកើតចេញពីអតីតក្មេងកំព្រាគ្មានទីពឹងនេះ​។ ទន្ទឹមនេះពួកគាត់ក៏ត្រលប់មកជួយទ្រទ្រង់ដល់អ្នកជំនាន់នៅក្នុងមណ្ឌលនេះ​ ផងដែរ។

លោកស្រី នួន សុធាវី​ សង្ឃឹមថា​ ព្រឹត្តិការណ៍ «រត់ម៉ារ៉ាតុង​ / Run for the Future» មិនត្រឹមតែជាសកម្មភាពកីឡាដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្ពានចងភ្ជាប់បេះដូងសប្បុរសធម៌ពីគ្រប់មជ្ឈដ្ឋាន ទាំងផ្នែករដ្ឋ ឯកជន និងសាធារណជនទូទៅ ឲ្យចូលរួមចំណែកបង្កើតស្នាមញញឹម និងផ្តល់ឱកាសថ្មីដល់កុមារទាំងនោះ​ ព្រោះកុមារគឺជាទំពាំងស្នងឫស្សី និងជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិខណៈមានកុមារជាច្រើនដែលត្រូវជួបប្រទះការលំបាក ខ្វះខាតទីពឹង និងត្រូវការការយកចិត្តទុកដាក់ជាចាំបាច់។

លោកស្រីតំណាងអង្គការ អំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមចុះឈ្មោះរត់ ឬបរិច្ចាគតាមលទ្ធភាព ដើម្បីរួមគ្នាកសាងអនាគតដ៏រឹងមាំ និងភ្លឺស្វាងសម្រាប់កុមារកម្ពុជាគ្មានទីពឹង។

សូមបញ្ជាក់ថា​ កម្មវិធី «រត់ម៉ារ៉ាតុង» សប្បុរសធម៌នេះ អ្នករៀបចំរំពឹងថា នឹងទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់ពីសាធារណជនគ្រប់វ័យ និងក្រុមគ្រួសារ​ ក៏អាចចូលរួមបានដែរ។ ចំពោះថវិកាទាំងអស់ដែលទទួលបានពីការរត់ម៉ារ៉ាតុង រួមនឹងការឧបត្ថម្ភពីក្រុមហ៊ុនដៃគូ នឹងត្រូវយកទៅប្រើប្រាស់ក្នុងកម្មវិធីអាហារូបត្ថម្ភ ការផ្គត់ផ្គង់សម្ភារសិក្សា និងការកែលម្អកន្លែងស្នាក់នៅរបស់កុមារកំព្រានេះដោយតម្លាភាព៕